អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ការប្រគល់ជូនយានយន្តដល់ម្ចាស់ដើមវិញ ដែលបានប្រព្រឹត្តិល្មើសបំរាមបិទខ្ទប់កន្លងមក គឺជាការយោគយល់ ដោយក្នុងស្ថានភាពនៃការបិទខ្ទប់ក្នុងបរិបទកូវីដ.១៩
ខេត្តសៀមរាប៖ អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ការប្រគល់ជូន នូវយានយន្តដល់ម្ចាស់ដើមវិញ ដែលបានប្រព្រឹត្តិល្មើសបំរាមបិទខ្ទប់កន្លងមក គឺជាការយោគយល់ ដោយក្នុងស្ថានភាព នៃការបិទខ្ទប់កន្លងមកនោះ មានផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន តែមិនមែនមានន័យថា វិធានការរដ្ឋបាលត្រូវបានលើកលែងនោះទេ ក៏ប៉ុន្តែ ក៏ត្រូវអនុវត្តបន្តទៀតផងដែរ ក្នុងស្ថានភាពដែលកូវីដ-១៩ នៅតែបន្តរាតត្បាតក្នុងសហគមន៍ ។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានរំលឹកសារជាថ្មីថា ការរំសាយមិនឲ្យមានតំបន់ក្រហម និងតំបន់លឿងទុំ គឺជាអានុសាសន៍ដ៏មានតម្លៃ នៃសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ដើម្បីផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋ អាចប្រកបមុខរបរ ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ប៉ុន្តែមិនមែនមានន័យថា យើងបានបញ្ចប់ស្ថានភាពរាតត្បាត នៃជម្ងឺកូវីដនោះឡើយ វិធានការទប់ស្កាត់ចាំបាច់នានា រួមទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ផងដែរ នឹងត្រូវអនុវត្តបន្តទៀត។
អភិបាលខេត្តសៀមរាប លើកឡើងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ក្នុងឱកាស នៃការប្រគល់យានយន្តជូនម្ចាស់ដើមវិញ បន្ទាប់ពីត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ទុក ដោយសារតែម្ចាស់យានយន្តទាំងនោះ បានប្រព្រឹត្តិល្មើសនឹងបំរាម ហាមការធ្វើដំណើរក្នុងពេលដែលក្រុងសៀមរាបត្រូវបិទខ្ទប់ ដាក់ជាតំបន់ក្រហម និងជាតំបន់លឿង រយ:ពេល២សប្តាហ៍កន្លងទៅ។ យានយន្តទាំងនោះរួមមាន ម៉ូតូ ១៦៦គ្រឿង, រថយន្ត៤គ្រឿង និងម៉ូតូសណ្តោងរ៉ឺម៉ក ២គ្រឿង ដែលប្រតិបត្តិការហើយចាប់ទុក នៅក្នុង៤សង្កាត់បិទខ្ទប់នៃក្រុងសៀមរាប។
ការប្រគល់ជូនយានយន្តទាំងនេះ គឺស្ថិតក្នុងការយោគយល់ ដោយមិនមានការបង់ប្រាក់ផាកពិន័យនោះឡើយ ដោយសារតែរដ្ឋាបាលខេត្តយល់ឃើញថា ក្នុងរយ:ពេលបិទខ្ទប់កន្លងមកនេះ មានផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជន។
យ៉ាងណាក៏ដោយ ក្រោយពីការបញ្ចប់ការដាក់ជាតំបន់ក្រហម និងលឿងទុំនេះ វិធានការ៣កុំ ៣ការពារ វិធានការសុខាភិបាល ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន ហើយអ្វីដែលត្រូវតែជាទម្លាប់ក្នុងគន្លង នៃការរស់នៅថ្មី គឺការពាក់ម៉ាស មិនអាចធ្វេសប្រហែលបាននោះឡើយ។
អភិបាលខេត្ត បញ្ជាក់បន្ថែមថា ក្នុងករណីបុគ្គលណា ឬម្ចាស់ ឬអ្នកគ្រប់គ្រងក្រុមហ៊ុន សហគ្រាស ដេប៉ូចែកចាយ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ អាហារដ្ឋាន ផ្សាររដ្ឋ-ឯកជន ផ្សារទំនើប ផ្សារម៉ាត ហាងលក់ភេសជ្ជ: តូបអាហារ ហាងកាហ្វេ អាជីវកម្មដ្ឋាន សេវាកម្មដ្ឋាន និងកន្លែង លក់ទំនិញគ្រប់ប្រភេទ បងប្អូនអាជីវករ ប្រជាពលរដ្ឋ និងសាធារណជន ដែលប្រព្រឹត្តល្មើស ឬមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការពិន័យអន្តរការណ៍ និងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីផ្តន្ទាទោស ស្របតាមមាត្រា១០ និង មាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងស្របតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕ អរគុណសន្តិភាព