Detail Top Banner

មុនដំណាច់ខែវិច្ឆិកាឆ្នាំ២០២១ កន្លែងដុតភ្លើងគប់ ត្រៀមពិធីបើក-បិទស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងត្រូវធ្វើឱ្យបានរួចរាល់

ភ្នំពេញ៖ កន្លែងដុតភ្លើងគប់ក្នុងវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ បាននិងកំពុងដំណើរការសាងសង់ហើយ ក្រោមការរៀបចំនូវប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុត សម្រាប់ត្រៀមពិធីបើក-បិទ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម (SEA Games-ASEAN Para Games) ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា ប្រព័ន្ធភ្លើងគប់នេះ ត្រូវរៀបចំក្រោយគេ ព្រោះជាកន្លែងមួយដ៏សំខាន់ ដែលត្រូវប្រើប្រព័ន្ធសុវត្ថិភាពខ្ពស់ ដោយសារត្រូវប្រើហ្គាសសម្រាប់ដុត ដូច្នេះប្រព័ន្ធភ្លើងគប់នេះ ត្រូវរៀបចំឱ្យមានសុវត្ថិភាពបំផុត។
យ៉ាងណាមិញកន្លែងដុតភ្លើងគប់នេះ នឹងត្រូវធ្វើឱ្យបានរួចរាល់ នៅមុនដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ ព្រោះគណៈកម្មាធិការជាតិ CAMSOC គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅចុងខែវិច្ឆិកា ។ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់បន្ថែមថា បន្ទាប់ពីដំឡើងកន្លែងដុតភ្លើងគប់រួច នឹងត្រូវរៀបចំពិធីសម្ពោធពេញលេញទាំងអស់តែម្ដង ។
ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា ពាក់ព័ន្ធនឹងដំណើរការភ្លើងគប់នេះ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ CAMSOC បានយកចិត្តទុកដាក់ និងគិតគូរយ៉ាងល្អិតល្អន់ ជាក់ស្ដែងភ្លើងគប់ ដែលគ្រោងយកមកដុតប្រារព្ធពិធីបើកព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នៅកម្ពុជា នឹងត្រូវរៀបចំពិធីសុំភ្លើងអាទិទេព(កម្ដៅព្រះអាទិត្យ) នៅប្រាសាទអង្គរវត្ត ដែលគ្រោងប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីសុំភ្លើងអាទិទេពនេះ គ្រោងរៀបចំនាខែកុម្ភៈ ឆ្នាំ២០២៣ ។ បន្ទាប់មកកម្ពុជានឹងរៀបចំពិធីដង្ហែរភ្លើងគប់នេះ ឆ្លងកាត់បណ្ដាប្រទេសទាំងអស់ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាប់ពីខែមីនា ឆ្នាំ២០២៣ មុនដង្ហែរចូលមកកម្ពុជាវិញ ហើយបន្ដដង្ហែរតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាប រហូតដល់វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការ នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ តែម្ដង៕
អត្ថបទដែលជាប់ទាក់ទង