កងកម្លាំងប្រដាប់អាវុធកម្ពុជា និងថៃឈរជើងនៅក្នុងទិសទី១ប្រាសាទព្រះវិហារ នៅតែប្តេជ្ញារួមគ្នាបន្តទប់ស្កាត់បទល្មើសដែលលបលួចឆ្លងដែនខុសច្បាប់

ខេត្តព្រះវិហារ៖ កងកម្លាំងប្រដាប់អាវុធកម្ពុជា-ថៃបានប្តេជ្ញារួមគ្នាបន្តទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់។ការប្តេជ្ញារួមគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ក្នុងភូមិ​សាស្ត្រ​ជួរមុខទិសភ្នំទ្រព្យ ទិសតាថាវ និងទិសភ្នំ៣៣៣ នៅក្នុងភូមិសាស្ត្រទិសទី១ ប្រាសាទព្រះវិហារ ។ ចូលរួមក្នុងកិច្ចប្រជុំទាំងបីទិស នេះមាន ៖
១. ទិសតាថាវ កងកម្លាំងប្រដាប់អាវុធកម្ពុជា ចំនួន២៨នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឈិន ឆយ មេបញ្ជាការ(គ២) វរសេនាតូច៣៨៥ ដោយឡែកកងកម្លាំងប្រដាប់អាវុធថៃ មានគ្នា១០នាក់ ដឹកនាំដោយលោកសុរិផុង បរិប៉ុនយោ មេបញ្ជាការ (គ១) វរសេនាតូចលេខ១ វរសេនាធំលេខ៨ កងពលធំ​លេខ​៣ មកប្តូរជំនួស វរសេនាតូច លេខ១២ ។
២. ទិសភ្នំ៣៣៣ កងកម្លាំងប្រដាប់អាវុធកម្ពុជា ចំនួន៨នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ហេង ថាវុធ មេបញ្ជាការ(គ៥) វរសេនាតូច៣៨៥ ដោយឡែកកងកម្លាំងថៃ មាន៧នាក់ ដឹកនាំដោយលោកអនុសេនីយ៍​ឯក ពូលីត ចាក់ធីសឺត មេបញ្ជាការ(គ២) វរសេនាតូចលេខ២ វរសេនាធំលេខ៨ កងពលធំលេខ៣ ។
៣. ទិសភ្នំទ្រព្យ កងកម្លាំងប្រដាប់អាវុធកម្ពុជាចំនួន៨នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក យ៉ុង សំអុន មេបញ្ជាការ(គ៣) វរសេនាតូចលេខ៣៨២ ដោយឡែកកងកម្លាំងថៃ មាន៦នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក បញ្ញាធិត សាក់ស៊ី មេបញ្ជាការ(គ១) វរសេនាតូចលេខ ១១ ។ កិច្ចប្រជុំបានពិភាក្សាគ្នាអំពីការប្តេជ្ញារួមគ្នា ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩តាមព្រំដែននិងការរក្សា ទំនាក់ទំនងល្អ រួមគ្នាទប់ស្កាត់ការលួចឆ្លងដែន ដោយខុសច្បាប់ របស់ពលរដ្ឋនៃប្រទេសទាំងពីរ និងការណែនាំខ្លួនគ្នាទៅវិញ ទៅមក ។
សូមបញ្ជាក់ថា៖ គោលបំណងសំខាន់ក្នុងកិច្ចប្រជុំនេះ គឺបង្កើនកិច្ចសហប្រតិបត្តិការល្អ បន្ថែមទៀត រវាងកងកម្លាំងឈរជើងជួរមុខ តាមបណ្តោយព្រំដែន កម្ពុជា-ថៃ ដើម្បីរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍន៍ ព្រមទាំងការរស់នៅប្រកបដោយភាពសុខសាន្ត របស់ប្រជាជន នៃប្រទេសទាំងពីរ ឈរលើការដោះស្រាយគ្នាដោយសន្តិវិធី ចៀសវាងការប្រឈមមុខដាក់គ្នា ដោយកម្លាំងប្រដាប់អាវុធ ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង