ព្រះសង្ឃនិមន្តមកពីវត្តចំនួន ២១វត្តក្នុងក្រុង ទទួលបានទេយ្យទានពីតំណាងរាស្ត្រមណ្ឌលសៀមរាប និងរដ្ឋបាលក្រុងសៀមរាប
ខេត្តសៀមរាប៖ នៅល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ រួមជាមួយនឹងរដ្ឋបាលក្រុងសៀមរាប បាននិមន្តព្រះសង្ឃចំនួន ២១វត្ត នៅក្នុងក្រុងសៀមរាប ដើម្បីវេរប្រគេននូវទ័យវត្ថុ និងគ្រឿងឧបភោគបរិភោគ សម្រាប់ដោះស្រាយការខ្វះខាត និងបញ្ហាប្រឈម នានា ក្នុងទីវត្តអារាមអំឡុងពេល នៃវិបត្តិជំងឺកូវីដ-១៩នេះ។
នៅក្នុងពិធីប្រគេនទ័យយវត្ថុ និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឈចំនួន២១វត្តនាពេលនោះដែរគឺស្ថិតក្នុងគេហដ្ឋានរបស់ ឯកឧត្តម អ្នកឧកញ៉ាសៀងណាំ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងមន្ត្រីក្រោមឱវាទផងដែរ។
ឯកឧត្តមអ្នកឧកញ៉ាសៀង ណាំ បានមានប្រសាសន៍ថា កម្មវិធីប្រគេនទេយ្យទាននាថ្ងៃនេះ គឺកើតឡើងដោយទឹកចិត្តសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំរដ្ឋបាលក្រុងសៀមរាប រួមជាមួយនឹងក្រុមគ្រួសារ របស់ឯកឧត្តម អ្នកឧកញ៉ា និងលោកជំទាវ ហើយព្រមទាំងក្រុមការងាររបស់ឯកឧត្តមអ្នកឧកញ៉ាផងដែរ ស្របពេលប្រជាពលរដ្ឋកម្ពុជា កំពុងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរ ហើយធ្វើឡើងជារៀងរាល់ឆ្នាំ។
ដោយហេតុថា នៅក្នុងខេត្តសៀមរាប មានការរីករាលដាលជាបន្តបន្ទាប់ នៃជំងឺកូវីដ-១៩ និងជាខេត្តមួយស្ថិតនៅក្នុងចំណោមរាជធានី ខេត្ត ដែលក្រសួងសុខាភិបាលបានចាត់ទុកជាទីតាំងមានហានិភ័យ និងមានការប្រុងប្រយ័ត្នខ្ពស់ ដូច្នេះប្រជាពលរដ្ឋពុំបានចេញក្រៅ និងពិបាកយកចង្ហាន់ទៅវត្ត ដែលធ្វើឱ្យវត្តអារាមទាំងឡាយប្រឈមការខ្វះខាតចង្ហាន់ ភេសជ្ជ: និងបច្ច័យ៤ជាដើមក្នុងរដូវបិណ្ឌភ្ជុំនេះផងដែរ។
ឯកឧត្ដមអ្នកឧកញ៉ា បានបន្ដថា នេះជាសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ បើទោះជាមិនបានច្រើន ប៉ុន្តែក៏អាចជួយសម្រាលបន្ទុក និងដោះទ័លដល់ព្រះតេជគុណគ្រប់ព្រះអង្គ បានមួយរយ:ផងដែរ។ ប៉ុន្តែប្រការសំខាន់ សូមអំពាវនាវដល់ព្រះតេជគុណគ្រប់ព្រះអង្គ មេត្តាជួយក្រើនរំលឹកដល់ញាតិញោមពុទ្ធបរិស័ទរបស់យើងគ្រប់ៗគ្នា ឱ្យបង្កើននូវការគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ស្តីពីការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេស វិធានការ៣កុំ និង ៣ការពារ ឱ្យបានម៉ឺងម៉ាត់បំផុត។
ទេយ្យវត្ថុដែលបានប្រគេនចំពោះព្រះសង្ឃនាពេលនោះ ក្នុងមួយវត្តៗមាន ៖ អង្ករ ១៥០គ.ក្រ មី ៦កេសតូច ត្រីខកំប៉ុង ១កេស ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ៣យួរ ស្ករស ៨គ.ក្រ ទឹកបរិសុទ្ធ ១កេស និងបច្ច័យ ៧០ម៉ឺននរៀល៕ អរគុណសន្តិភាព