សម្ដេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងអភិបាលខេត្តថ្មី

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងថ្មី បានប្ដេជ្ញាចិត្តទប់ស្កាត់បទល្មើសនានាក្នុងមូលដ្ឋាន ជាពិសេសបទល្មើសធនធានធម្មជាតិ គ្រឿងញៀន និងអាវុធជាតិផ្ទុះខុសច្បាប់ ឱ្យមានប្រសិទ្ធភាព ក្នុងស្មារតីកិច្ចសហប្រតិបត្តិការល្អជាមួយខេត្តជាប់ព្រំដែន។
ថ្លែងក្នុងពិធីប្រកាសមុខតំណែងអភិបាលខេត្តស្ទឹងត្រែងថ្មី ក្រោមអធិបតីភាព សម្ដេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងថ្មី មានប្រសាសន៍ថា ដើម្បីជាការឆ្លើយតបនិង ដឹងគុណដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលដែលបានផ្ដល់ទំនុកចិត្តពីសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តមប្ដេជ្ញាចិត្តស្មោះត្រង់ចំពោះជាតិ សាសនា និង ព្រះមហាក្សត្រ ប្ដេជ្ញាខិតខំ អនុវត្តនិងការពារឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងប្ដេជ្ញាគោរពនិងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ នៃយុទ្ធសាស្ត្រចតុកោណ ដែលមានអភិបាលកិច្ចជាស្នូល ដើម្បីចូលរួមអភិវឌ្ឍនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអនុវត្តច្បាប់លិខិតបទដ្ឋានគតិយុត្តជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលឱ្យមាន ប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម បានប្តេជ្ញាទប់ស្កាត់ និងលុបបំបាត់រាល់បាតុភាពអសកម្មនានា ដែលធ្វើឱ្យប៉ះពាល់ ឬបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ដោយយក ចិត្តទុកដាក់ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ កាត់បន្ថយអំពើរំលោភអំណោច និងអយុត្តិធម៌សង្គម ដោយប្រកាន់ខ្ជាប់នូវអភិក្រម ទាំង៥ របស់សម្តេចតេជោ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។
«ជំរុញការអនុវត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីថែរក្សានិងធានាឱ្យបាន នូវសន្តិសុខ សណ្ដាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងបន្តខិតខំទប់ស្កាត់រាល់បទល្មើសនានា ជាពិសេសគឺបទល្មើសធនធានធម្មជាតិ ជលផល ការរត់ពន្ធ ការជួញដូរគ្រឿងញៀនខុសច្បាប់ និងអាវុធជាតិផ្ទុះឆ្លងដែនខុសច្បាប់។ ពិសេសបន្តពង្រឹងទំនាក់ទំនងសាមគ្គីភាពកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាខេត្តជាប់ព្រំដែនឡាវ ក្នុងស្មារតីស្មើភាពគ្នា រក្សាភាពជាមិត្ត ជិតខាងភូមិផងរបងជាមួយ នៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍តំបន់ត្រីកោណដោយឈរលើគោលការណ៍ ឯករាជ្យ អធិបតេយ្យភាព និង បូរណភាពទឹកដី»។ ក្នុងឱកាសនោះឯកឧត្តម បានប្ដេជ្ញាពង្រឹងការថែរក្សាសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងជួរគណៈអភិបាល បង្កើនការទំនាក់ទំនងល្អជាមួយ ក្រុមប្រឹក្សា និងការយកចិត្តទុកដាក់បង្កើនភាពស្និទ្ធស្នាល លើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ ឱ្យដូចជាសមាជិកគ្រួសារតែមួយ និង សហប្រតិបត្តិការល្អជាមួយនឹងបណ្ដាថ្នាក់ដឹកនាំគ្រប់ផ្នែក មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត។ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាបញ្ជាការដ្ឋានយោធភូមិភាគ១ និងបណ្តាកងឯកភាពនានា ដែលឈរជើងការពារ ខ្សែបន្ទាត់ព្រំដែនកម្ពុជាឡាវ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់នៅតាមបន្ទាត់ព្រំដែនឱ្យមានភាពល្អប្រសើរ ដើម្បីព្រំដែនមានសន្តិភាព និងការអភិវឌ្ឍន៍។ ឯកឧត្តម នឹងបន្តលើកកម្ពស់ការបណ្ដុះបណ្ដាល កសាងធនធាន និងសមត្ថភាពមន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ដើម្បីធានាឱ្យដំណើរការអភិវឌ្ឍន៍មូលដ្ឋាន ការបម្រើសេវាឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ ប្រកបដោយ គណនេយ្យភាព តម្លាភាព និងមានប្រសិទ្ធភាព ពិសេសឆ្លើយតបទៅនឹងការទទួលខុសត្រូវមុខងារកាន់តែច្រើនឡើង ក្នុងការអនុវត្តន៍មុខងារ និងធនធានដែលបានផ្ទេរ និងធ្វើប្រតិភូកម្មអំណាចពីថ្នាក់ជាតិ ដើម្បីរួមចំណែកអនុវត្តគោលនយោបាយ កំណែទម្រង់ដ៏ស៊ីជម្រៅ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីលើកកម្ពស់ការអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងយកចិត្តទុកដាក់ពង្រឹងការងារបង្ការទប់ស្កាត់ និងប្រយុទ្ធនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយជំរុញអនុវត្តគោលការណ៍ណែនាំនានា របស់រាជរដ្ឋាភិបាល ជាពិសេសវិធានការ ៣កុំនិង៣ការពារឱ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបាន ចេញព្រះរាជក្រឹត្យផ្លាស់ប្ដូរតួនាទី មកជាអភិបាលខេត្តស្ទឹងត្រែង ខណៈឯកឧត្តម ម៉ុម សារឿន ត្រូវបានតែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕ អរគុណសន្តិភាព