ឯកឧត្តមអភិបាលបានណែនាំដល់អភិបាលខណ្ឌទាំង១៤ ត្រូវពង្រឹងវិធានការការពារឲ្យបានហ្មត់ចត់បំផុតពេលប្រជាពលរដ្ឋធ្វើដំណើរចេញពីភ្នំពេញទៅភ្ជុំនៅស្រុកកំណើតនិងចូលភ្នំពេញវិញត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង ថ្លែងថា ការនឿយហត់របស់យើងអាជ្ញាធរគឺដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងសម័យកូវីដ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដែលដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំតាមប្រពន្ធ័Video Conference បន្ទាន់នាព្រឹកថ្ងៃទី៤តុលានេះសំដៅពង្រឹងការអនុវត្តសារាចរស្ដីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ សំរាប់អំឡុងនិងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩លេខ០៧ស.រចុះថ្ងៃទី៣តុលា ឆ្នាំ២០២១របស់រាជរដ្ឋា​ភិបាល។

​ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបង្ហាញពីការព្រួយបារម្មណ៍ចំពោះការរីករាលដាលនៃជំងឺកូវីដ.១៩ ក្នុងឧិកាសបុណ្យកាន់បិណ្ឌ.ភ្ជុំបិណ្ឌនេះក្នុង ពេលដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅភ្ជុំនៅស្រុកកំណើតដែលទាមទាឲ្យយើងត្រូវពង្រឹងការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ.១៩ និងពង្រឹង​​ការអនុវត្តច្បាប់ចរាចរផ្លូវគោកឲ្យបានម៉ត់ចត់ ជាពិសេសតាមច្រក ចេញចូលរាជធានីភ្នំពេញ។


ឯកឧត្តម ឃួង ស្រេង បានថ្លែងថា រាជរដ្ឋាភិបាលក្រោម ការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចំណាយធនធានច្រើនណាស់ក្នុងគោលដៅទប់ស្កាត់ការរីករាល​ដាល​ជំងឺកូវីដ.១៩ និងដោះស្រាយជីវភាពប្រជាពលរដ្ឋតាមតំបន់បិទខ្ទប់ជាដើម។

ឯកឧត្តមបន្តថា៖ ការ​នឿយ​​ហត់របស់យើង គឺជាពលិកម្មដ៏មានតំលៃដើម្បីសុខមាលភាព ប្រជាពលរដ្ឋយើង។

ឯកឧត្តមអភិបាល​​បានណែនាំទៅគណៈបញ្ជាការខណ្ឌទាំង១៤ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវពង្រឹងវិធានការការពារឲ្យ​បានហ្មត់ចត់បំផុត រួមទាំងវិធានការអប់រំនៅតាមបេនឡាន តាមច្រកចេញចូលរាជធានីភ្នំពេញឬកាត់បន្ថយ ការប្រើប្រាស់មធ្យោបាយធ្វើដំណើររួមឬបន្ថយចំនួនមនុស្សជិះ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនវិធានការ “៣កុំ ៣ការពារ” ពិសេសនៅពេលបងប្អូនវិលត្រឡប់ពីស្រុកកំណើតវិញ អាជ្ញាធរនឹងធ្វើតេស្តរហ័សរកមេរោគ​កូវីដ.១៩ ដើម្បីបង្ការទប់ស្កាត់ការឆ្លងកូវីដ.១៩ ចូលក្នុងរោងចក្រសហគ្រាសក្នុងរាជធានីភ្នំពេញនឹងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋយើងចេះការពារខ្លួនឯង និងក្រុមគ្រួសារខ្លួន។


ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឲ្យមន្ទីរធម្មការនិងសាសនា ក៏ដូចអាជ្ញាធរខណ្ឌពង្រឹងវិធានការទប់ស្កាត់​​ការចម្លងជំងឺកូវីដ.១៩ និងញែកកុំឲ្យមានការប្រមូលផ្តុំមនុស្សច្រើនតាមទីអារាមនានាក្នុងដែនសមត្ថកិច្ច​របស់ខ្លួន  ហើយបន្តពង្រឹងវិធានការការពារ តាមក្លឹបកំសាន្ត បៀហ្គាដិន ខេធីវី និងទីតាំងប្រមូលផ្តុំមនុស្សច្រើនដែលអាជ្ញាធរ ធ្លាប់បានបិទខ្ទប់កន្លងមក ត្រូវបន្តអនុវត្តវិធានការសុខាភិបាលជាបន្តទៀត ហើយបើហាងផឹកស៊ីជួបជុំណាមួយល្មើសការណែនាំ ត្រូវបិទជាបន្ទាន់ ម្ចាស់ហាង ម្ចាស់ទីតាំងនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង