រយ:ពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ មានភ្ញៀវចេញដើរកម្សាន្តជាង ៦៦ម៉ឺននាក់
ភ្នំពេញ៖ តាមការបូកសរុបរបាយការណ៍ដែលទទួលបានពីមន្ទីរទេសចរណ៍រាជធានីខេត្តបានឱ្យដឹងថា រយ:ពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី០៥-០៧ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេសចរចេញដើរទស្សនាកម្សាន្តសរុប ៦៦៤ ៦៩៧នាក់ នេះបើយោងតាមក្រសួងទេសចរណ៍។

បើតាមក្រសួងទេសចរណ៍ សម្រាប់ថ្ងៃឈប់សម្រាកទី៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់ គោល ដៅទេសចរណ៍ទាំង២៥រាជធានី ខេត្ត បានបើកដំណើរការទទួលភ្ញៀវទេសចរ រាប់ទាំង ខេត្តកំពង់ឆ្នាំងដែលកន្លងមកបានផ្អាកដំណើរការរមណីយដ្ឋានាថ្ងៃឈប់សម្រាកទី១ និងទី២ ផងដែរ។ ទន្ទឹមនេះ ចរន្តភ្ញៀវនៅបន្តដើរកម្សាន្តរហូតដល់ចុងសប្តាហ៍ ខណៈដែលការធ្វើ ដំណើរចូលរាជធានីភ្នំពេញនៅមិនទាន់មានភាពកកកុញនៅឡើយ។ បន្ទប់ស្នាក់នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ត្រូវបានភ្ញៀវកក់ពេញស្ទើរទាំងស្រុងនៅថ្ងៃទី១ និងទី២ ប៉ុន្តែ សម្រាប់ថ្ងៃទី៣នេះ ការកក់មានការថមថយខ្លះដោយសារប្រជាជនមួយចំនួនបាន វិលត្រឡប់ចូលរាជធានីភ្នំពេញវិញ។

ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា ភ្ញៀវទេសចរភាគច្រើន ជ្រើសរើសការដើរកម្សាន្តជាក្រុមគ្រួសារ ហើយខ្លះទៀតដើរកម្សាន្តច្រើនគោលដៅជាលក្ខណៈរង្វង់ខ្សែទស្សនកិច្ច។ ជានិន្នាការថ្មីនោះ គឺភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសកន្លែងស្នាក់នៅ ដែលមានចង្រ្កានបាយ ឬកន្លែងចម្អិនអាហារភ្ជាប់ជាមួយ ខណៈដែលភ្ញៀវខ្លះទៀតជ្រើសរើសការទទួលទានអាហារជាលក្ខណៈសាច់អាំងគ្រួសាររៀបចំដោយខ្លួនឯង ហើយខ្លះទៀតក៏រៀបចំម្ហូបអាហារ ឬចង្រ្កានអាំងសាច់ និងប្រដាប់ប្រដាធ្វើម្ហូបផ្ទាល់ខ្លួនដាក់ក្នុងរថយន្តក្នុងពេលធ្វើដំណើរកម្សាន្តផងដែរ ដើម្បីកាត់បន្ថយការជួបជុំក្រុមភ្ញៀវផ្សេង និងសន្សំសំចៃថវិកាបានខ្លះ។

ក្រសួងទេសចរណ៍បានអះអាងថា ចំពោះតម្លៃសេវា ពិសេសតម្លៃបន្ទប់ស្នាក់នៅ និងម្ហូបអាហារ ពុំមានការតំឡើង ថ្ងៃហួសហេតុទេ គឺស្ថិតក្នុងកម្រិតសមរម្យ ដោយពុំមានបាតុភាព គួរកត់សម្គាល់ណាមួយកើតឡើងទេ។ ប្រជាពលរដ្ឋភាគច្រើនបានចូលរួមអនុវត្តន៍វិធានការទប់ស្កាត់កូវីដ-១៩ ពិសេសការពាក់ម៉ាសស្ទើរគ្រប់ ១០០ភាគរយ។ ប៉ុន្តែការរក្សាគម្លាតនៅ តែជាកត្តាចម្បងដែលចាំបាច់ត្រូវមានការយកចិត្តទុកដាក់អប់រំណែនាំ និងក្រើនរម្លឹកបន្ថែមទៀត ពិសេសនៅតាមគោលដៅទេសចរណ៍មួយចំនួនដែលមានការទាក់ទាញខ្លាំង។

ជាមួយគ្នានេះ នៅតាមគោលដៅទេសចរណ៍ទាំងអស់ ក្រុមការងារររដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍ បានខិតខំប្រឹងប្រែងចុះពិនិត្យ អប់រំណែនាំការអនុវត្តវិធានការ “៣កុំ និង ៣ការពារ” វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP)។

វិស័យឯកជន រាប់ចាប់ពីប្រតិបត្តិទេសចរណ៍ធំៗ ដូចជាសណ្ឋាគារ ផ្ទះសំណាក់ភោជនីយដ្ឋាន និងរមណីយដ្ឋានទេសចរណ៍ និងប្រជាពលរដ្ឋ អាជីវករលក់ដូរនៅមូលដ្ឋានផ្ទាល់ ពិសេស នៅគោលដៅទេសចរណ៍ និងសហគមន៍ទេសចរណ៍ មានភាពរីករាយក្នុងការដែល សម្តេចតេជោនាយករដ្ឋមន្រ្តីបានអនុញ្ញាតឱ្យមានការដើរកម្សាន្តក្នុងពិធីបុណ្យភ្ជុំនេះ។ ទាំងនេះបង្កើតជាក្តីសង្ឃឹមសម្រាប់ពួកគាត់ក្នុងការបន្តអាជីវកម្ម មុខរបរ និងត្រៀមខ្លួនក្នុងការទទួលស្វាគមន៍ភ្ញៀវបន្តទៀតនាឱកាសឈប់សម្រាកនានា។ ចំពោះគណៈបញ្ជាការ ឯកភាព រាជធានី-ខេត្ត ដែលមានសមាសភាពចម្រុះពីអង្គភាពជំនាញពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន បាន ខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ចរាចរណ៍ ការគ្រប់គ្រង លំហូរភ្ញៀវទេសចរដែលមានចំនួនច្រើន និងការអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ក្រោមស្ថានភាពភ្លៀងធ្លាក់ជោគជាំនៅតាមតំបន់មួយចំនួន។

សូមជម្រាបជូនថា គោលដៅទេសចរណ៍សំខាន់ៗសម្រាប់រយៈពេល៣ថ្ងៃនេះ រួមមាន៖ ខេត្តកំពត ១០២ ៥៩៣នាក់ ខេត្តកែប ៩៦ ៤៧១នាក់ ខេត្តព្រះសីហនុ ៨០ ៥១៩នាក់ ខេត្តពោធិ៍សាត់ ៥០ ១០៩នាក់ ខេត្តកំពង់ស្ពឺ ៣៩ ៦៤២នាក់ ខេត្តបាត់ដំបង ៣៧ ៧២៤នាក់ ខេត្តកំពង់ចាម ៣៦ ១៤០នាក់ ខេត្តសៀមរាប ៣៣ ២២២នាក់។

ទន្ទឹមនេះដែរ ភ្ញៀវសរុប សម្រាប់ ថ្ងៃទី៣នេះ មានចំនួន ២៤៤ ២៥៦នាក់ (ថយចុះប្រមាណ ១០.០១ភាគរយ បើធៀបនឹងថ្ងៃទី២ ប៉ុន្តែបើធៀបនឹងថ្ងៃទី១ គឺកើនឡើងប្រមាណ ៦៣.៩២ភាគរយ) ក្នុងនោះភ្ញៀវជាតិ ២៤២ ៨៨១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១ ៣៧៥នាក់៕ អរគុណសន្តិភាព