សត្វប្រើសស្បូវញីមួយក្បាល ដែលជាប់អន្ទាក់ព្រាននៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុងភូមិសាស្ត្រ

ខេត្តឧត្តរមានជ័យ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាននៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះបានថ្លែងឱ្យដឹងថា សត្វប្រើសស្បូវញីមួយក្បាល ដែលជាប់អន្ទាក់ព្រាននៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ត្រូវបានជួយសង្គ្រោះនិងបានព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញប្រកប​ដោយសុវត្ថិភាព កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។ សត្វប្រើសញី នេះមានទម្ងន់ប្រមាណពី១៥០ ទៅ ២០០គីឡូក្រាម ត្រូវបានមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការតំបន់ស្នូលបានប្រទះឃើញជាប់អន្ទាក់នៅអំឡុង​ពេលពួកគាត់បានដើរល្បាតចាប់ពីខាងក្រោយស្នាក់ការរហូតទៅដល់ចំណុចត្រពាំងកើយអណ្ដើកស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្ដរមានជ័យ។
នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្ស ជីវៈចម្រុះ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងកោតសរសើរចំពោះមន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន នៃមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ ដែលបានជួយសង្គ្រោះសត្វប្រើស ជាប្រភេទសត្វមានដោយបង្គួរ និងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN នេះ បានទាន់ពេលវេលា។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា មន្ត្រីឧទ្យានុរក្សបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ដោយក្នុងនោះមិនមែន ត្រឹមតែចុះល្បាតដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ឬការលួចកាប់ឈើខុសច្បាប់ តែក៏មានតួនាទីក្នុងការសង្គ្រោះសត្វព្រៃ និងជីវៈចម្រុះផ្សេងទៀតផងដែរ ដោយបានដោះអន្ទាក់ និងសង្គ្រោះសត្វព្រៃពីការជាប់អន្ទាក់។ យោងតាមរបាយការណ៍ ៩ខែ ឆ្នាំ២០២១នេះ មន្ត្រីឧទ្យានុរក្សបានអន្ទាក់ជិត ៣ម៉ឺន អន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស និងសត្វព្រៃជាច្រើនក្បាល ត្រូវបានជួយសង្គ្រោះ និងព្រលែងចូលក្នុងព្រៃ។
យោងតាមការសិក្សារបស់អ្នកជំនាញ ប្រើសជាប្រភេទសត្វមានដោយបង្គួរនិងត្រូវបានចុះក្នុង បញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។ សត្វប្រើសមានវត្តមាននៅ តាមតំបន់ការពារធម្មជាតិនានានៅភូមិភាគខាងជើងនិរតី និងភូមិភាគឥសាននៃប្រទេសកម្ពុជា។ គេក៏បានឃើញផងដែរ នៅប្រទេសឥណ្ឌា ប្រទេសចិន និងភូមិភាគអាស៊ីអាគ្នេយ៍រួមទាំងកោះស៊ូម៉ាត្រា កោះចាវា និងបរណេអូ។ ប្រើស ជាសត្វដែលអាចរស់នៅគ្រប់ជម្រកទាំងអស់រួមទាំងព្រៃស្រោង ពាក់កណ្តាលស្រោង និងព្រៃរបោះ។ វារកស៊ីនៅពេលព្រលប់ និងពេលព្រលឹមហើយសម្រាកនៅពេលថ្ងៃនៅតាមព្រៃក្រាស់ៗ។ ចំណីរបស់វាមានដូចជាចុងបែកឈើតូចៗ ស្លឹកឈើ ប្រភេទវល្លិ៍ពន្លក (ត្រួយ) ផ្លែឈើជ្រុះ និងស្មៅ។ ប្រើស ចូលចិត្តស៊ីដីច្រាប ពិសេស ប្រើសឈ្មោល ដែលកំពុងតែលូតលាស់ស្នែង និងមានជារៀងរាល់ឆ្នាំនៃរដូវកាលស្នែង ប្រព្រឹត្តទៅក្នុងខែកក្កដា និងកញ្ញា។ នៅរដូវបន្តពូជ ប្រើសឈ្មោល តែងតែជល់គ្នាយកឈ្នះដើម្បីគ្រប់គ្រងតំបន់ និងពាក់ញី ដែលនៅក្នុងហ្វូងរហូតដល់ ៨ក្បាល។ ប្រើសញីកើតកូនម្តងបានតែ ១ក្បាល បន្ទាប់ពីពរពោះបាន រយៈពេល ៨ខែ។
ជាថ្មីម្តងទៀត រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការបរបាញ់ និងបរិភោគសាច់សត្វព្រៃ ព្រោះវាគ្មានផលប្រយោជន៍អ្វីសម្រាប់សុខភាពឡើយ តែអាចនឹងបង្កហានិភ័យដល់សុខភាព និងកើតជំងឺផ្សេងៗ ព្រោះសាច់សត្វព្រៃ មានផ្ទុកដោយមេរោគដោយ «និយាយថា ទេ ចំពោះសាច់សត្វព្រៃ ដើម្បីបញ្ឈប់ការបរបាញ់និងដាក់អន្ទាក់សម្លាប់សត្វ»។
ឯកឧត្តមបានថ្លែងថា ជនទាំងឡាយណាដែលបន្តបំពាននឹងបំរាម នឹងត្រូវប្រឈមមុខច្បាប់ជាធរមាន ប្រសិនបើមន្ត្រីមានសមត្ថកិច្ចចាប់បាន ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង