នាំគ្នាវាយគ្រាប់ឡង់លេង បង្កជាគ្រោះថ្នាក់ដល់កុមារម្នាក់ស្លាប់ និងកុមារ ២នាក់ផ្សេងទៀតរបួសធ្ងន់


ខេត្តកំពង់ធំ៖ កុមារម្នាក់បានស្លាប់ និងកុមារ ២នាក់ផ្សេងទៀត បានរងរបួសដោយសារគ្រាប់ឡង់ ដែលជាសំណល់យុទ្ធភណ្ឌពីសង្គ្រាម បានផ្ទុះបន្ទាប់ពីប្រទះឃើញ ហើយនាំគ្នាវាយគ្រាប់ឡង់នោះ នៅពេលពួកគេទៅឃ្វាលគោ។ នេះបើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់)។
យោងតាមលោក ហេង រតនា ដែលបានសរសេរនៅលើបណ្តាញហ្វេសប៊ុករបស់លោកនៅថ្ងៃទី០៩ ខែតុលា២០២១ថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៨ ខែតុលា២០២១ នៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
«មានករណីផ្ទុះគ្រាប់ឡង់ ដែលជាសំណល់យុទ្ធភណ្ឌពីសង្គ្រាម បណ្តាឱ្យស្លាប់កុមារាម្នាក់ និងរងរបួសកុមារចំនួន ២នាក់ នៅពេលទៅឃ្វាលគោប្រទះឃើញគ្រាប់ហើយនាំគ្នាវាយគ្រាប់នោះ»។
លោក ហេង រតនា អំពាវនាវដល់ប្រជាពលរដ្ឋជួយបន្តផ្សព្វផ្សាយ និងអប់រំកូនចៅអំពីគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌពីសង្គ្រាម។
លោកសរសេរថា៖ «ករណីជួបប្រទះ សូមកុំប៉ះពាល់គ្រាប់យុទ្ធភណ្ឌនិងត្រូវរាយការណ៍មកកម្លាំងស៊ីម៉ាក់ ឬកម្លាំងនគរបាលប៉ុស្តិ៍ ឬអាជ្ញាធរភូមិឃុំដែលស្ថិតនៅក្បែរបំផុត ដើម្បីកម្លាំងស៊ីម៉ាក់ប្រមូលកម្ទេចចោលគ្រាប់សំណល់យុទ្ធភណ្ឌពីសង្គ្រាមទាំងនោះ»៕ រូបថត HENG Ratana