ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គនៅដើមសប្តាហ៍ក្រោយ ដើម្បីពិនិត្យ និងរៀបចំសេចក្តីទូលថ្វាយមតិថ្វាយព្រះមហាក្សត្រ ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ នាថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ សប្តាហ៍ក្រោយនេះ ក្រុមប្រឹក្សាធម្មនុញ្ញនៃកម្ពុជា នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីទូលថ្វាយមតិថ្វាយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ស្តីអំពីការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលចំនួន៤របស់ជាតិ។
យោងតាមសេចក្តីជូនព័ត៌មានរបស់អគ្គលេខាធិការដ្ឋានក្រុម ប្រឹក្សាធម្មនុញ្ញនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កិច្ចប្រជុំនេះ នឹងធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
សូមបញ្ជាក់ថា គណៈរដ្ឋមន្ត្រី បានអនុម័ត្តរួចហើយនូវសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និង មាត្រា ១៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣, មាត្រា៤ នៃច្បាប់ធម្មនុញ្ញ ដែលជាសេចក្តីព្រាងច្បាប់មួយ នឹងកំណត់ សញ្ជាតិខ្មែរតែមួយគត់ ចំពោះតួនាទីប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១៕
អត្ថបទដែលជាប់ទាក់ទង