លោក ប៉ែន បូណា បង្ហាញចំណាប់អារម្មណ៍ ៦ចំណុច ពាក់ព័ន្ធការចុះផ្សាយខុសការពិតរបស់កាសែត The Guardian របស់ចក្រភពអង់គ្លេស

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ តាមរយៈបណ្តាញសង្គម លោក ប៉ែន បូណា អ្នកសារព័ត៌មានជើងចាស់របស់កម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ចំនួន ៦ចំណុច ដែលពាក់ព័ន្ធការចុះផ្សាយខុសការពិតរបស់កាសែត The Guardian របស់ចក្រភពអង់គ្លេស ខណៈអ្នកដែលយកទៅផ្សាយបន្តបានពង្រីកអត្ថន័យធំជាងម្ចាស់ដើម ហើយមិនព្រមលុបចេញពីការផ្សាយរបស់ខ្លួនទៀតផង។
លោក ប៉ែន បូណា ក្នុងនាមអ្នកសារព័ត៌មាន បានបង្ហាញខ្លឹមសារចំណាប់អារម្មណ៍យ៉ាងដូច្នេះថា៖ «ខ្ញុំសូមចាប់អារម្មណ៍ចំពោះបញ្ហាដែលបានកើតឡើងប៉ុន្មានថ្ងៃមក នេះពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានខុសរបស់កាសែត The Guardian នៃប្រទេសអង់គ្លេស៖
ទី១៖ ការផ្សាយព័ត៌មានខុសគឺជាបញ្ហាដ៏ធំមួយដែលអ្នកសារព័ត៌មាន ឬ​ស្ថាប័នសារព័ត៌មានត្រូវប្រយ័ត្នប្រយែងខ្ពស់បំផុត។ ហេតុនេះហើយបានជាអ្នកសារព័ត៌មានត្រូវយកការផ្ទៀងផ្ទាត់ជាគោលធំបំផុតដើម្បីចៀសវាងការផ្សាយព័ត៌មានខុស ពីព្រោះកំហុសនៃការផ្សាយព័ត៌មានអាចបង្កផល វិបាកធំធេងណាស់ ជាពិសេសប្រសិនបើវាប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ។
ទី២៖ ទោះជាយ៉ាងណា កំហុសដោយអចេតនា តែងកើតមាន (ដោយមិនរាប់បញ្ចូលកំហុសដោយចេតនា)។ អ្វីដែលសំខាន់គឺការទទួលស្គាល់កំហុស ហើយកែតម្រូវឡើងវិញ។ នេះជាការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានក៏ដូចជាស្ថាប័នសារព័ត៌មាន។
ទី៣៖ ចំណែកអ្នកយកព័ត៌មានខុសនេះ ទៅផ្សាយបន្ត ក៏ត្រូវតែកែតម្រូវជាចាំបាច់ដែរ។ ការកែតម្រូវត្រូវធ្វើឡើងឲ្យស្របនឹងទំហំនៃព័ត៌មានដែលខ្លួនយកទៅផ្សាយ។ ប្រសិនបើត្រឹមដកស្រង់ព័ត៌មានពីគេយកទៅផ្សាយតាមខ្លឹមសារដើម ពេលម្ចាស់ដើមកែតម្រូវឡើងវិញ អ្នកដកស្រង់ផ្សាយបន្តក៏ត្រូវកែតម្រូវឡើងវិញទៅតាមន័យរបស់ម្ចាស់ដើមនៃអត្ថបទទាំង ស្រុងដែរ។
ទី៤៖ ប្រសិនបើអ្នកដកស្រង់យកព័ត៌មាននោះទៅប្រើដោយពង្រីកអត្ថន័យ​ឲ្យធំជាងព័ត៌មានដែលម្ចាស់ដើមសរសេរ ការកែតម្រូវក៏ត្រូវធ្វើ ឲ្យសមនឹងអត្ថន័យដែលខ្លួនចេញផ្សាយដែរ។ និយាយឲ្យចំ ទំហំនៃការផ្សាយប៉ុនណា ការកែតម្រូវក៏ត្រូវធ្វើបុណ្ណឹងដូចគ្នា ពីព្រោះវាជាការលុបលាងកំហុសនៃព័ត៌មានដែលខ្លួនផ្សាយចេញទៅ។
ទី៥៖ ការកែតម្រូវព័ត៌មាន មិនត្រូវបង្កប់ន័យចំអកឡកឡឺយណាមួយឡើយ។
ទី៦៖ ប្រសិនបើព័ត៌មានដែលផ្សាយរួចហើយនោះ មិនអាចអាចកែតម្រូវបានដោយសារតែវាត្រូវបានបោះពុម្ពនៅលើក្រដាស គេត្រូវលុបព័ត៌មាននោះចោលពីប្រព័ន្ធ អនឡាញតែម្តង លើកលែងតែនៅលើទំព័រកាសែតបោះពុម្ភដែលត្រូវកែតម្រូវនៅលេខបន្ទាប់និងនៅលើទំព័រដដែល។ នេះគឺជាការទទួលខុសត្រូវដែលបុគ្គលគ្រប់រូប ជាពិសេសអ្នកមានវិជ្ជាជីវៈ និងមានសេចក្តីថ្លៃថ្នូរ ត្រូវប្រកាន់យកជាដាច់ខាតដោយគ្មានអ្នកណាអាចមើលរំលងបានឡើយ៕​ by fn
អត្ថបទដែលជាប់ទាក់ទង