សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ពិធីប្រកាសចូលកាន់មុខ
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ពិធីប្រកាសចូលកាន់មុខតំណែងនាឱកាសនេះ បានប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងឯកឧត្តម សុខ លូ ជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសឯកឧត្តម ងួន រតនៈ ដែលត្រូវត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ងួន រតនៈ បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី គណៈអធិបតី និងអង្គពិធី អំពីស្ថានភាពទូទៅរបស់ខេត្តបាត់ដំបង ក្នុងនោះឯកឧត្តមបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងកិច្ចការបំរើជាតិ និងប្រជាជន ជាពិសេសការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងអាណត្តិការងាររបស់ឯកឧត្តមជាអភិបាលខេត្តបាត់ដំបងនាពេលកន្លងមកនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តម សុខ លូ ក៏បានថ្លែងប្ដេជ្ញាចិត្តជូនសម្ដេច គណៈអធិបតី ព្រមទាំងអង្គពីធី សម្រាប់ការចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងនាឱកាសនេះ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានលើកឡើងពីការសម្របខ្លួនទៅនឹងបរិបទកូវីដ-១៩ តាមរយៈការប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែងនាថ្ងៃនេះ ដោយប្ដូរពីការប្រារព្ធនៅក្នុងសាលសាលាខេត្តមកធ្វើនៅបរិវេណខាងក្រៅ ខណៈសមាសភាពចូលរួមក៏មានការប្រែប្រួលតិចជាងមុនដែរ។
សម្ដេចក្នុងនាមរាជរដ្ឋាភិបាលក៏បានថ្លែងអំណរគុណឯកឧត្តម ងួន រតនៈ ក្នុងឋានៈជាអភិបាលខេត្តបាត់ដំបងកន្លងមក ក្រុមប្រឹក្សា ថ្នាក់ដឹកនាំអង្គភាពនានាចំណុះរដ្ឋបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស ព្រមទាំងមន្រ្តីរាជការស៊ីវិល និងកងកម្លាំងក្នុងរដ្ឋបាលខេត្តបាត់ដំបងទាំងមូលដែលបានខិតខំបំពេញភារកិច្ចថែរក្សាការពារបូរណភាពទឹកដី ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសនៅក្នុងដំណាក់កាលចុងក្រោយដែលមានការរីករាលដាលជំងឺកូវីដ-១៩។
ពាក់ព័ន្ធនឹងការផ្ទេរតំណែងនៅថ្ងៃនេះ សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថានេះគឺជាការប្រព្រឹត្តទៅធម្មតាក្នុងជីវភាពនយោបាយ និងរដ្ឋបាល ហើយកន្លងមកខេត្តបាត់ដំបងបានផ្លាស់ប្ដូរអភិបាលខេត្តចំនួន១១រូបរួចមកហើយ។ សម្ដេចបានស្នើឱ្យក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំតាមមន្ទីរជំនាញ អភិបាលនៃគណៈអភិបាល ក្រុង ស្រុក ផ្ដល់ការគាំទ្រជូនឯឧត្តម សុខ លូ ដើម្បីជំរុញនូវការចាត់ចែងការងារស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀតក្នុងតួនាទីជាអភិបាលថ្មីនៃគណៈអភិបាលខេត្តបាត់ដំបង។
នៅក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោមបានគូសបញ្ជាក់អំពីព្រឹត្តិការណ៍ធំៗនៅឆ្នាំ២០២២ ជាពិសេសព្រឹត្តិការណ៍ដែលមិនអាចរំលងបាន គឺការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាផ្នែកមួយនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ ពង្រឹងការកសាងអំណាចរដ្ឋបាលនៅមូលដ្ឋាន ដើម្បីធានាប្រសិទ្ធភាពនៃការបំពេញភារកិច្ច បំរើជាតិ និងប្រជាជន តាមរយៈការដាក់ចេញគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ដោយឡែកព្រឹត្តិការណ៍ជាតិធំមួយទៀត គឺកម្ពុជានឹងទទួលធ្វើជាប្រធានប្ដូរវេនកិច្ចប្រជុំអាស៊ាន ខណៈនៅឆ្នាំ២០២៣ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ី។