សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដុសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១១តុលានេះតទៅ
ភ្នំពេញ៖ ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹង មេរោគកូវីដ-១៩ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ឬដួសទី៣ ជូនប្រជាពលរដ្ឋ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១១តុលានេះ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដួសទី៣នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១១តុលា២០២១ បរិវេណបញ្ជាការដ្ឋានកងពលលេខ៧០ (ចោមចៅ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវ វេជ្ជបណ្ឌិត ឱ វ៉ាន់ឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង ។
ក្នុងឱកាសនោះលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានមានប្រសាសន៍លើកឡើងថា សម្រាប់កងទ័ពត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដុសជំរុញឬដួសទី៣ ជូនពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងខណ្ឌចំនួន៦ មាននៅក្នុងខណ្ឌកំបូល ដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌទួលគោក និងខណ្ឌឬស្សីកែវ និងបណ្តារោងចក្រមួយចំនួនក្នុងភូមិសាស្រ្តខណ្ឌខាងលើ ដែលប្រជាពលរដ្ឋសរុបចំនួន ១ ០២៦ ១២៧នាក់ ។
កងយោធពលខេមរភូមិន្ទ ដែលត្រូវចាក់វ៉ាកើសាំងជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួន ៣ ៥៧៨នាក់ ចែកចេញជា ១៥២ក្រុមពេទ្យ ស្មើនឹង ១៩០១នាក់ កម្លាំងបំរើការចំនួន ២ ៤៨៧នាក់ ជាមួយនឹងកម្លាំងសហការជាមួយកម្លាំងអាជ្ញាធរខណ្ឌសង្កាត់មួយចំនួនផងដែរ ។
លោកបន្តថា យុទ្ធនាការចាក់វ៉ាក់សាំងដួសទី៣ ជូនប្រជាពលរដ្ឋនេះ ចាប់ពីថ្ងៃទី១១តុលានេះតទៅ ហើយអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នឹងជម្រុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យបានលឿន ទាន់ពេលវេលា តាមបច្ចេកទេសនិងទៅតាមផែនការដែលបានកំណត់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្តថា ដើម្បីសម្រេចផែនការនេះតាមការគ្រោងទុកនោះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រសួងការពារជាតិ បានដាក់ចេញនូវវិធានការមួយចំនួនដូចជា៖ ជំរុញកិច្ចសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់ និងអ្នកពាក់ព័ន្ធ, គ្រប់កងឯកភាពដែលប្រតិបត្តិការត្រូវគោរពវិធាន «៣ការពារ ៣កុំ» និងវិធានការពារនានាឱ្យខ្ជាប់ខ្ជួន ជាពិសេសអនុវត្តឱ្យបានម៉ឺងម៉ាត់នូវប្រសាសន៍សម្តេចតេជោ «យកវ៉ាក់សាំងស្រោចឱ្យបានជោកជាំដល់ប្រជាពលរដ្ឋ និងបានរហ័សទាន់ពេលវេលា» និងប្រសាសន៍សម្តេចពិជ័យសេនា «មិនត្រូវឱ្យវ៉ាក់សាំងដេកក្នុងឃ្លាំងនោះឡើយ ត្រូវធ្វើឱ្យវ៉ាក់សាំងបញ្ជ្រាបចូលក្នុងខ្លួនមនុស្សឱ្យបានឆាប់រហ័ស»។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍លើកឡើងថា ៖ នៅដល់ពេលនេះ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ យើងសម្រេចបានជាច្រើនភាគរយហើយ ក្នុងនោះរួមមាន បានចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុពី៦ទៅ១២ឆ្នាំ បានចំនួន៩៣,១៨ភាគរយ ។កុមារអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំបានចំនួន៨៩,៨១ភាគរយ និង១៨ឆ្នាំឡើងទៅបាន៩៩,២៤ភាគរយ មានន័យថា ដូចជា១០០ភាគរយទៅហើយ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តទៀតថា កម្ពុជា អនុវត្តតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន យើងសម្រេចបាននូវការចាក់វ៉ាក់សាំងមួយយ៉ាងល្អ ហើយបណ្តាប្រទេសមួយចំនួន ហាក់បានកំពុងអនុវត្តតាមប្រទេសកម្ពុជាយើងផងដែរ ក្នុងបើកយុទ្ធនានៃការចាក់វ៉ាក់សាំងដួសទី៣ ជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១១តុលានេះតទៅ សម្តេចពិជ័យសេនា បានស្នើអោយ ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ត្រូវពង្រឹងប្រសិទ្ធភាពការងារអោយបានខ្លាំងខ្លាបន្ថែមទៀត ពិសេសការអនុវត្តអោយបានម៉ឺងម៉ាត់ ៣កុំនិង៣ការពារ ៕ អរគុណសន្តិភាព