ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ បានបញ្ជាក់ថា ក្រសួងព័ត៌មាន សូមឯកភាពលើខ្លឹមសារសេចក្តីព្រាងនៃកិច្ចប្រជុំ JC លើកទី១១ លើចំណុចទី១៤ ទាក់ទងនឹងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដោយពុំមានការកែសម្រួលបន្ថែមនោះទេ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដែលរៀបចំឡើងដោយក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំគណ:កម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបតិបតិ្តការទ្វេភាគីរវាង កម្ពុជា ថៃ JC លើកទី១១ តាមប្រព័ន្ធវីដេអូអនឡាញ។
លោកជំទាវ សឿ រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងប្រធានអង្គប្រជុំបានជម្រាបជូនអំពីគោលបំណង នៃកិច្ចប្រជុំគឺដើម្បីពិនិត្យកែសម្រួល និងបន្ថែមចំណុចលើសេចក្តី ព្រាងកំណត់ហេតុនៃកិច្ចប្រជុំ JC លើកទី១១ ដែលនឹងលើកយកទៅពិភាក្សាជាមួយភាគីថៃ។ អង្គប្រជុំបានបន្តពិនិត្យពិភាក្សានិងបានផ្តល់យោបល់កែសម្រួលលើ ចំណុចខ្លឹមសារទាក់ទងនឹងវិស័យរបស់ក្រសួងស្ថាប័ននីមួយៗ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ បានចូលរួមជាមតិយោបល់តាមរយៈខ្លឹមសារនៃសេចក្តីព្រាងកំណត់ ហេតុនៃកិច្ចប្រជុំ JC លើកទី១១ ដែលរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រង់ចំណុចទី១៤ ទាក់ទងនឹងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដែលខ្លឹមសារថា “កិច្ចប្រជុំនេះក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងវិស័យព័ត៌មាននិងការផ្សាយដោយអនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិ ការលើវិស័យព័ត៌មាន និងការផ្សាយរវាង រាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃដែលបានចុះហត្ថលេខានៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០០៦” ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ក្រសួងព័ត៌មាន សូមឯកភាពលើខ្លឹមសារសេចក្តីព្រាងនៃកិច្ចប្រជុំ JC លើកទី១១ លើចំណុចទី១៤ ទាក់ទងនឹងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដោយពុំមានការកែសម្រួលបន្ថែមនោះទេ។រាល់មតិយោបល់កែសម្រួលលើសេចក្តីព្រាងកំណត់ហេតុ JC លើក ទី១១ ក្រុមការងារនឹងធ្វេីរបាយការណ៍នៃកិច្ចប្រជុំ គោរពជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសដើម្បីពិនិត្យនិងសម្រេចសម្រាប់ត្រៀមចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីកម្ពុជា-ថៃ និងកិច្ចប្រជុំពេញអង្គ JC លើកទី១១ នៅ ថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០២១ នាពេលខាងមុខនេះ ៕ អរគុណសន្តិភាព