សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម សុខ លូ ជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសឯកឧត្តម ងួន រតនៈ ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រងបានសព្វព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់បំផុតតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ វិញ។
ពិធីប្រកាសចូលកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាពេលព្រឹកនេះ ត្រូវបានរៀបធ្វើឡើងនៅសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត និងមន្ទីរ-អង្គភាព អាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ជាច្រើនរូបទៀត ហើយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការណ៍សុខាភិបាល ដើម្បីបង្ការ ការពារជំងឺកូវីដ-១៩។
ជាកិច្ចចាប់ផ្ដើម ឯឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលត្រៀមអញ្ជើញទៅកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ វិញ បានធ្វើសេចក្តីរាយការណ៍សង្ខេបជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូលអំពីស្ថានភាពទូទៅ នៃវឌ្ឍនភាពសម្រេចបានក្នុងខេត្តបាត់ដំបង ថា ខេត្តបាត់ដំបងមានផ្ទៃដីសរុប ១១.៧៤៨ គីឡូម៉ែត្រការ៉េ ចែកចេញជាក្រុង០១ និងស្រុកចំនួន ១៣ មាន ១០៣ ឃុំ-សង្កាត់ និង ៨៣០ ភូមិ។ ប្រជាពលរដ្ឋសរុប ១.៣៣៨.៥៤៤ នាក់ (ស្រី ៦៧១.០២៤នាក់) ដែលមាន ២៩០.១១៩ គ្រួសារ។ អត្រាស្ត្រីជាមេគ្រួសារសរុប ១៣,៥៤%។ ដង់ស៊ីតេប្រជាពលរដ្ឋ ១១៤នាក់ក្នុងគីឡូម៉ែត្រក្រឡា។ ប្រជាពលរដ្ឋប្រមាណ៦៨% ប្រកបមុខរបរ កសិកម្ម។ អត្រាភាពក្រីក្ររបស់ប្រជាជនខេត្តបាត់ដំបងបានថយចុះមកនៅត្រឹម ១០,២០% នៅឆ្នាំ២០២១។
ឯកឧត្តម បានបន្ដថា សេដ្ឋកិច្ចខេត្តបាត់ដំបង មានចំនួនស្មើនឹង ៨,១៨% នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំ (GDP) ១.៦១៦,៤ ដុល្លារ/ម្នាក់។ ចំនួនមន្ត្រីរាជការស៊ីវិលនៅទូទាំងខេត្តសរុបមានចំនួន ១២.២៩៥នាក់ (ស្រី ៦.២១៦នាក់)។ សក្តានុពលសេដ្ឋកិច្ចរបស់ខេត្តបាត់ដំបង គឺពឹងផ្អែកលើវិស័យកសិកម្មជាចម្បង និងមានវិស័យពាណិជ្ជកម្ម-ការវិនិយោគ និងវិស័យទេសចរណ៍-សេវាកម្ម ដែលជាវិស័យសំខាន់ៗ ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៅក្នុងខេត្តផងដែរ។
បន្ទាប់ពីបានស្តាប់នូវការធ្វើសេចក្តីរាយការណ៍សង្ខេបរបស់ ឯឧត្តម ងួន រតនៈ រួចមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្តជូនឯកឧត្តម សុខ លូ ដើម្បីមុខការទទួលខុសត្រូវ លើតួនាទីភារកិច្ច ជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី។
ក្រោយទទួលតំណែងជាផ្លូវការរួច ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើការប្ដេជ្ញាចិត្តអនុវត្តតាមបទបញ្ជា និងគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការ ផ្តល់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលខេត្ត ជាពិសេសនោះ ចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល និងប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩។