សម្តេចពិជ័យសេនា ទៀ បាញ់ ៖ បើធៀបទៅនឹងប្រទេសក្នុងតំបន់មានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ កម្ពុជាកំពុងស្ថិតក្នុងចំណោមប្រទេសឈានមុខគេ ក្នុងដំណើរឆ្ពោះទៅរកការបង្កើតភាពស៊ាំសហគមន៍ ក្នុងដំណាច់ឆ្នាំ២០២១នេះ

ភ្នំពេរញ៖ នៅក្នុងឆ្នាំ២០២១នេះ ជំងឺកូវីដ-១៩បានបន្តឆ្លងរាលដាលនៅគ្រប់ប្រទេសនៅលើសកលលោកជាមួយនឹងភាពមិនប្រាកដប្រជាកាន់តែខ្ពស់ តាមរយៈការបំប្លែងខ្លួន ជាប្រភេទវីរុសកូវីដ-១៩ថ្មីជាច្រើន ពិសេសមេរោគ​បំប្លែងថ្មីដែលតា “Delta” ដែលមានលទ្ធភាពចម្លងកាន់តែខ្ពស់ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនកាន់តែខ្លាំងក្លាជាងមុន។ នៅក្នុងក្របខណ្ឌតំបន់ មេរោគបំប្លែងថ្មីនេះបាននិងកំពុងធ្វើឲ្យប្រទេសមួយចំនួន ដែលធ្លាប់គ្រប់គ្រងករណីឆ្លងបានល្អ ប៉ុន្តែបែរជាមានការបាត់បង់ជីវិតមានសន្ទុះកើនឡើងយ៉ាងខ្លាំងគួរកត់សម្គាល់ ស្របពេលដែលអត្រានៃការចាក់វ៉ាក់សាំង សម្រាប់ប្រជាជននៅមានកម្រិតទាបនៅឡើយ។​
សម្រាប់កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានខិតខំយ៉ាងសកម្មប្រកបដោយស្មារតីបុរេសកម្ម ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកើតចេញពី “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” តាមរយៈការដាក់ចេញនូវវិធានការរដ្ឋបាល និងវិធានការសុខាភិបាលជាច្រើន ប្រកបដោយភាពទន់ភ្លន់ បត់បែនទៅតាមសភាពការណ៍ និងទីតាំងភូមិសាស្រ្តជាក់ស្តែង សំដៅទប់ស្កាត់កាត់ផ្តាច់ខ្សែច្រវ៉ាក់ចម្លង និងកាត់បន្ថយការឆ្លងបានទាន់ពេលវេលា ដើម្បីការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។
ជាមួយនឹងវិធានការទាំងនេះ រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្រ្តគន្លឹះ សំដៅឈានទៅសម្រេចបាននូវភាពស៊ាំសហគមន៍ ដែលជាកត្តាជំរុញក្នុងការធានាបាននូវការវិលត្រឡប់ឲ្យបានឆាប់រហ័សទៅរក “ប្រក្រតីភាពថ្មី” នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាទូទៅ និងកិច្ចដំណើរការនៃសង្គម-សេដ្ឋកិច្ច។
កម្ពុជាទទួលបានមោទនភាពដោយសម្រេចបានអត្រាខ្ពស់ នៃអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលគិតមកត្រឹមពេលនេះ គឺមានចំនួនជាង៨៤% នៃចំនួនប្រជាជនសរុប ដែលក្នុងនោះកុមារអាយុ៦-១២ឆ្នាំ សម្រេចបានជាង៩៣% កុមារអាយុ១២-១៨ឆ្នាំ សម្រេចបានជាង៨៩% និងប្រជាជនអាយុ១៨ឆ្នាំឡើង សម្រេចបានជិត១០០%។ បើធៀបទៅនឹងប្រទេសក្នុងតំបន់មានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ កម្ពុជាកំពុងស្ថិតក្នុងចំណោមប្រទេសឈានមុខគេ ក្នុងដំណើរឆ្ពោះទៅរកការបង្កើតភាពស៊ាំសហគមន៍ ក្នុងដំណាច់ឆ្នាំ២០២១នេះ មានលទ្ធភាពគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩។
រហូតមកដល់ពេលនេះពុំមានប្រទេសណាមួយ អាចមានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋស្ម័គ្រចិត្តក្នុងពេលតែមួយដំណាលគ្នាដូចកម្ពុជាបានទេ ដោយសារសមត្ថភាពផលិត សមត្ថភាពចែកចាយ និងការចាក់វ៉ាក់សាំងមានកម្រិតនៅតាមប្រទេសនីមួយៗ។
សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ កម្មករនិយោជិត និងវិស័យឯកជនចូលរួមគាំទ្រ និងសហការអនុវត្ត​គោល​នយោបាយចាក់វ៉ាក់សាំងដូសជំរុញនេះ ឲ្យទទួលបានជោគជ័យ និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល របស់ក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ឲ្យបានហ្មត់ចត់អំពីវិធានការនានា ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសវិធានការ “៣កុំ ៣ការពារ” ដើម្បីបង្កើតឲ្យមាន “ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ” ឈានទៅរកប្រក្រតីភាពឡើងវិញតាមគន្លងថ្មី ជីវភាពសង្គម សម្រាប់ឆ្ពោះទៅកាន់ការបើកដំណើរការប្រទេសពេញលេញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងវត្តមានជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ៕ អរគុណស្តិភាព
អត្ថបទដែលជាប់ទាក់ទង