លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ សង្កត់ធ្ងន់ថា នគរបាលទាំងអស់ត្រូវពង្រឹងសមត្ថភាពចំណេះដឹងបច្ចេកវិទ្យា និងរៀនរស់ រៀនធ្វើការតាមបែបសម័យកូវីដ

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំមួយស្តីពី ការដាក់ចេញនូវផែនការត្រៀមកម្លាំងសម្រាប់ការពារការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២ខាងមុខ និងពង្រឹងប្រសិទ្ធភាពការងារស្នូលរបស់នគរបាល។
កិច្ចប្រជុំនេះផ្តោតទៅលើរបៀបវរ:សំខាន់ៗចំនួន៣ គឺ ៖
១-ដាក់ចេញផែនការត្រៀមកម្លាំង ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងពិធីបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០២២ ។
២-ជម្រុញដល់ថ្នាក់ដឹកនាំនិងមន្ត្រីដែលប្រើ ប្រាស់រថយន្តស្លាកលេខ នប ត្រូវចូលរួមបង់ពន្ធនិងកែចង្កូត អនុវត្តន៍តាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ។
៣-ពង្រឹងប្រសិទ្ធភាពការងារស្នូលប្រចាំថ្ងៃរបស់នគរបាល (ក្រមសីលធម៌ វិន័យ វត្តមាន ឯកសណ្ឋាន ការប្រើប្រាស់អាវុធ ការអនុវត្តន៍តួនាទី ភារកិច្ច ការលើកសរសើរ និងការដាក់វិន័យ) ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជម្រុញដល់អស់លោកលោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់អង្គភាព ត្រូវពង្រឹងប្រសិទ្ធិភាពការងារនិងការទទួលខុសត្រូវរបស់ខ្លួន និងត្រូវពង្រឹងសមត្ថភាព ចំណេះ ជំនាញបន្ថែមទៀតដើម្បីបម្រើដល់ផែនជំនាញរបស់ខ្លួនឲ្យកាន់តែរីកចម្រើន ពិសេសត្រូវពង្រឹងសមត្ថភាពចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើការឲ្យបានលឿនរហ័សប្រកបដោយប្រសិទ្ធភាព បែបឌីជីថល ក្នុងអំឡុងពេលជម្ងឺកូវីដ១៩កំពុងរាតត្បាត។
គួរបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះមានការអញ្ជើញចូលរួមពីអស់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ផែនការិយាល័យជំនាញទាំង៣១ លោកអធិការទាំង ៩ស្រុក/ក្រុង លោកមេបញ្ជាការវរះសេនាតូចការពារព្រំដែនគោកទាំង៤ ផងដែរ៕ អរគុណសន្តិភាព










