មេដឹកនាំកូរ៉េខាងជើងជំរុញឱ្យមានកែលម្អការរស់នៅរបស់ប្រជាជនឱ្យមានភាពប្រសើរឡើង

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃចន្ទថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការធ្វើឱ្យប្រសើរឡើងនូវការរស់នៅរបស់ប្រជាជន ខណៈដែលលោកបានធ្វើបាឋកថាមួយដើម្បីប្រារព្ធខួបលើកទី៧៦ នៃការបង្កើតគណបក្សពលករដែលកំពុងកាន់អំណាចរបស់ខ្លួន។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលផ្លូវការរបស់កូរ៉េ (KCNA) បានឱ្យដឹងថា មេដឹកនាំរូបនេះបានថ្លែងសារនេះក្នុងសុន្ទរកថារបស់លោកដែលមានចំណងជើងថា «សូមឱ្យយើងកែលម្អបន្ថែមទៀតនូវការងាររបស់គណបក្សស្របតាមតម្រូវការនៃសម័យកាលសម្រាប់ការអភិវឌ្ឍថ្មីនៃការស្ថាបនាសង្គមនិយម»។
លោក គីម បាននិយាយថា គណបក្សបានកំណត់ឯករាជ្យភាពរបស់មហាជនថា ជាខ្លឹមសារនៃការស្ថាបនាសង្គមនិយម ហើយបានជំរុញឱ្យមន្រ្តីបម្រើប្រជាជនឱ្យដូចជា «ព្រះ»។
បន្ទាប់មក លោកបានសង្កត់ធ្ងន់ថា គណបក្សនៅតែប្តេជ្ញាចិត្តក្នុងការជំរុញផែនការសេដ្ឋកិច្ចជាតិរយៈពេល ៥ឆ្នាំដែលមានចែងក្នុងសមាជគណបក្សកាលពីក្នុងខែមករា និងបានអំពាវនាវឱ្យមន្រ្តីជួយដោះស្រាយបញ្ហាប្រជាជន និងបញ្ហាផ្ទះសម្បែង។
លោក គីម ក៏បានប្រាប់ដល់មន្រ្តីគណបក្សផងដែរថា «ត្រូវពិចារណាជានិច្ចថា តើការងាររបស់ពួកគេបានរំលោភបំពានផលប្រយោជន៍របស់ប្រជាជន ឬបង្កបញ្ហាដល់ប្រជាជនដែរឬទេ»។ លោក គីម មិនបាននិយាយអ្វីទាក់ទងនឹងទំនាក់ទំនងអន្តរកូរ៉េ និងសហរដ្ឋអាមេរិកទេ។
ប្រទេសកូរ៉េខាងជើងបានប្រារព្ធខួបលើកទី៧៦ នៃការបង្កើតគណបក្សកាន់អំណាចរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ដោយមិនមានការធ្វើព្យុហយាត្រាយោធា ឬការបង្ករឿងណាមួយឡើយ៕ (ប្រភព Yonhab) by AKP
អត្ថបទដែលជាប់ទាក់ទង