សម្ដេចក្រឡាហោម ស ខេង អញ្ជេីញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តរតនគិរី

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ក្នុងពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ជៀង អំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តរតនគិរីជាច្រើនរូបទៀតផងដែរ។

តាមព្រះរាជក្រឹត្យព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំងឯកឧត្តម ញ៉ែម សំអឿន ជាអភិបាលនៃគណៈអភិបាលខេត្តរតនគិរី ខណៈដែលអតីតអភិបាលខេត្តរតនគិរី ឯកឧត្តម ថង សាវុន ត្រូវបានត្រាស់បង្គាប់ផ្ទេរភារកិច្ចពីអភិបាលរតនគិរីទៅជាអភិបាលខេត្តមណ្ឌលគិរី។

អញ្ជើញមានប្រសាសន៍នាឱកាសនេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ និងសម្ដែងនូវការកោតសរសើរដល់ ឯកឧត្តម ថង សាវុន ដែលបានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងចំណុះរដ្ឋបាលខេត្តរតនគិរី ខិតខំយកចិត្តទុកដាក់បម្រើជាតិ និងប្រជាជន ពិសេសការខិតខំអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានខិតខំបំពេញភារកិច្ចជាច្រើនទៀតដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងអភិវឌ្ឍន៍ខេត្តក្នុងរយៈពេលកន្លងមក។

សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់អំពីកិច្ចការសំខាន់ៗដែលរដ្ឋបាលខេត្តរតនគិរី ត្រូវយកចិត្តទុកដាក់នាពេលបន្តបន្ទាប់ខាងមុខនេះ ដូចជាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តជាដើម។ ជាមួយគ្នានេះសម្ដេចក៏បានគូសបញ្ជាក់អំពីការការពារសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈដែលជាបញ្ហាគន្លឹះនាំឱ្យវិស័យផ្សេងៗទៀតដំណើរការទៅបាន។ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានជាប្រចាំ ដើម្បីរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់នេះ។

សម្ដេចក្រឡាហោម ក៏បានលើកឡើងផងដែរអំពីការរៀនរស់ជាមួយកូវីដ-១៩ និងបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលបានខិតខំដាក់ចេញវិធានការនានា ព្រមទាំងការខិតខំទិញនិងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ​កូវីដ-១៩។

ពាក់ព័ន្ធនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថាសម្រាប់កម្ពុជា ទោះបីជាការងារនេះ មិនទាន់អនុវត្តបានយូរ ប៉ុន្តែកម្ពុជាបានទទួលផលច្រើនសមគួរពីការអនុវត្តការងារកំណែទម្រង់នេះ ដ្បិតបណ្ដាប្រទេសនានា ពិសេសប្រទេសដែលកម្ពុជាបានរៀនសូត្រនោះ បានអនុវត្តការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនេះរាប់រយឆ្នាំ និងឆ្លងកាត់បទពិសោធន៍ច្រើនជាងកម្ពុជាផង។ សម្ដេចបានស្នើក្រុមប្រឹក្សា និងគណៈអភិបាលត្រូវខិតខំអនុវត្តអំណាចដែលថ្នាក់ជាតិផ្ទេរមកហើយនេះឱ្យបានល្អ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ក៏បានផ្ដល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ សូមខិតខំប្រមូលបញ្ហានានារបស់ប្រជាពលរដ្ឋយកមកដោះស្រាយឱ្យមានតម្លាភាព យុត្តិធម៌ ធ្វើឱ្យពលរដ្ឋមានភាពកក់ក្ដៅក្នុងសង្គម។

ឯកឧត្តម ញ៉ែម សំអឿន ដែលទើបប្រកាសចូលកាន់តំណែងថ្មីបានប្ដេជ្ញាចិត្ត លើកកម្ពស់សេវាសង្គម កសាង កែលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ស្របតាមការអភិវឌ្ឍនៅមូលដ្ឋាន ប្រកបដោយសមធម៌ និងមានចីរភាព ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ ជាពិសេសបន្តដោះស្រាយទំនាស់ដីធ្លី និងករណីទំនាស់ផ្សេងៗទៀត ក្រៅប្រព័ន្ធតុលាការ ដើម្បីការពារប្រយោជន៍ស្របច្បាប់ របស់ប្រជាពលរដ្ឋ ព្រមទាំង ខិតខំ និងបន្តពង្រឹងផ្សព្វផ្សាយជំរុញ ឲ្យចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីរួមគ្នារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅគ្រប់មូលដ្ឋាន៕ ដោយ ហ៊ាង រ៉ាត

អត្ថបទដែលជាប់ទាក់ទង