សម្ដេចក្រឡាហោម ស ខេង ៖ អាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវបម្រើប្រជាពលរដ្ឋក្នុងការប្រកបរបរអាជីវកម្ម ដោយមានសេចក្ដីសុខ និងគ្មានការភ័យខ្លាច

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធររាជធានី-ខេត្ត ទាំងអស់ត្រូវបម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុតក្នុងការប្រកបរបរអាជីវកម្មរបស់ពួកគាត់ ដោយធានាឲ្យបាននូវសេចក្តីសុខ និងគ្មានការភ័យខ្លាច ព្រមទាំង ដោះស្រាយបញ្ហាជូនពួកគាត់ភ្លាមៗ បើសិនជួបបញ្ហាអ្វីមួយ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ថ្មី នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តរតនគិរី។

ក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម ក៏បានណែនាំបន្តដល់អាជ្ញាធរទាំងអស់ ត្រូវពង្រឹងបញ្ហាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ដោយសម្តេចបានសង្ងត់ធ្ងន់ថា នេះគឺជាកិច្ចការយ៉ាងសំខាន់ចំពោះការអនុវត្តគោនយោបាយ ភូមិ-ឃុំ មានសុត្ថិភាព ដោយសារ សមស្របទៅនឹងស្ថានភាពជាក់ស្ដែង។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ការថែរក្សា និងការពង្រឹងសន្ដិភាព និងស្ថេរភាពនយោបាយ គឺបម្រើការបោះឆ្នោត ហើយបម្រើជីវិភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសង្គមកម្ពុជាយើង។ ចឹងទេ បញ្ហានេះ យើងមិនអាចបន្ធូរដៃ ហើយគេហៅថា សន្ដិភាពនិយម ស្ពឹកស្រពន់ មិនទទួលខុសត្រូវ ឬមិនដោះស្រាយទេ។ ចាំបាច់ត្រូវធ្វើយ៉ាងម៉េច? ដើម្បីប្រជាពលរដ្ឋ ឱ្យពួកគាត់រស់នៅប្រកបអាជីវកម្ម ដោយគ្មានការភ័យខ្លាច»។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់បន្ដទៀតថា រដ្ឋបាលរាជធានី-ខេត្ត ឬ ស្រុក-ក្រុង គឺជាតួអង្គដ៏មានសារសំខាន់ ក្នុងការគ្រប់គ្រងសន្ដិសុខនៅក្នុងតំបន់ ឬក៏ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបានគ្រប់គ្រង ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅមានសេចក្ដីសុខ និងរីកចម្រើន៕

អត្ថបទដែលជាប់ទាក់ទង