លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ កម្ពុជានឹងលើកយកប្រធានបទ ស្តីពី ស្ត្រី និងភាពជាអ្នកដឹកនំា ដាក់នៅក្នុងកិច្ចប្រជុំធំៗ ASEM និងអាស៊ាន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជម្រាបជូនឯកឧត្តម Andreas Zurbrugg អនុប្រធានបេសកកម្មថ្មី នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ក្នុងជំនួបពិក្សាការងារ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នាទីស្តីការក្រសួងថា នៅចុងឆ្នាំ២០២១ និងឆ្នំា២០២២ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងជាប្រធានអាស៊ាន។

លោកជំទាវបន្តថា នេះបើយោងតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានដាក់ចេញរួចហើយនូវប្រធានបទ ដែលនិយាយអំពី ស្ត្រី និងភាពជាអ្នកដឹកនំា ដាក់នៅក្នុងអាស៊ាន។

ឯកឧត្តម Zurbrugg បានគាំទ្រប្រធានបទនេះ ព្រោះក្រៅពីបេសកកម្មសំខាន់ៗ មួយចំនួននៅកម្ពុជា ឯកឧត្តមក៏មានសកម្មភាពធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ របស់ អូស្ត្រាលី ដើម្បីគាំទ្រដល់ការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើ ហិង្សាលើស្ត្រី ជាមួយក្រសួងកិច្ចការនារី តាមរយៈអង្គការអូស្ត្រាលី-កម្ពុជា ដើម្បីកិច្ច សហប្រតិបត្តិការប្រកបដោយសមធម៌ និងនិរន្តរភាព ( ACCESS )។ ក្នុងនោះក៏មានការ គាំទ្រផ្នែកបច្ចេកទេសរបស់អូស្ត្រាលី ដល់ក្រសួងកិច្ចការនារី លើការសម្របសម្រួល ព្រឹត្តិការណ៍ប្រជុំអាស៊ី-អឺរ៉ុប ស្តីពី “ស្ត្រី សន្តិភាព សន្តិសុខ” នៅថ្ងៃទី១៣ និងទី១៤ ខែតុលា ឆ្នាំ២០២១ និងកិច្ចប្រជុំថ្នាក់ដឹកនាំស្ត្រី អាស៊ាន ២០២២។

ឯកឧត្តម Zurbrugg បានជម្រាបជូនពីគុណតម្លៃរបស់ស្ត្រីកម្ពុជា ដែលបាន និងកំពុង នាំមុខផងដែរ សម្រាប់ការចែករំលែកបទពិសោធន៍ដល់ស្ត្រីជាប្រទេសសមាជិក អាស៊ី-អឺរ៉ុប និងអាស៊ាន ព្រោះស្ត្រីកម្ពុជាមានវីរនារីដោះមីន ហើយបច្ចុប្បន្នក៏មានចំនួនច្រើនក្នុងក្របខ័ណ្ឌ អង្គការសហប្រជាជាតិ ដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស ក្រោមឆ័ត្រមួកខៀវ ។ សរុបសេចក្តីទៅ វេទិកាធំៗទាំងអស់នេះ ស្ត្រីកម្ពុជាមិនត្រឹមតែជាប្រទេស ចាំទទួលបាន បទពិសោធន៍ទេ តែថែមទាំងជាអ្នកចែករំលែកបទពិសោធន៍ ទៅកាន់ប្រទេសនានាលើសកល លោកទៀតផង។

ឯកឧត្តម Zurbrugg ក៏បានជូនពីការភ្ជាប់នឹងព្រឹត្តិការណ៍បច្ចុប្បន្នមួយទៀត នាសប្តាហ៍ ក្រោយ ទាក់ទងនឹងស្ត្រីក្នុងជួរក្រសួងការពារជាតិកម្ពុជា ជាមួយក្រសួងការពារជាតិអូស្ត្រាលី តាមរយៈការមកដល់នូវកប៉ាល់ដ៏ធំមួយរបស់អូស្ត្រាលី នឹងចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ ដែលជាដំណើរការចែករំលែកបទពិសោធន៍មួយ មិនតែនៅកម្ពុជាទេ គឺនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជួបជាមួយនឹងដៃគូការងារសំខាន់ៗ ក្នុងរបៀបវារៈ នៃកិច្ចប្រជុំមួយ និយាយពីស្ត្រី និងសន្តិភាព ដែលគ្រោងនឹងរៀបចំទ្បើងជាមួយ ក្រសួងការពារជាតិនៃប្រទេសទាំងពីរ ។

លោកជំទាវ ម៉ែន សំអន បញ្ជាក់ថា ខ្ញុំមានការអបអរសាទរណាស់ អ្វីដែលឯកឧត្តមបានលើកទ្បើងទាក់ទងទៅនឹងសហប្រតិបត្តិការនេះ ហើយខ្ញុំយល់ឃើញថា តួនាទីរបស់ឯកឧត្តម ជាអនុប្រធានបេសកកម្ម ប្រចាំស្ថានទូតអូស្ត្រាលី មានកិច្ចការជាច្រើន ដែលត្រូវជួយសម្របសម្រួល ដូចជាវិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស បង្កើនអាហារូបករណ៍ជាដើម។ ខ្ញុំសូមអរគុណណាស់ ដែលបានរួមចំណែក ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច ពង្រឹងការអភិវឌ្ឍខាងធនធានមនុស្ស របស់រដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយ ខាងផ្លូវច្បាប់ផង និងខាងស្ត្រីផង ក៏ដូចជាខាងវិស័យផ្សេងៗ ជាច្រើនថែមទៀត។

លោកជំទាវ ម៉ែន សំអន បន្តថា ដូចអ្វីដែលឯកឧត្តមលើកទ្បើងទាក់ទងពីបញ្ហា យ៉េនឌ័រ និងការបណ្តុះបណ្តាលស្ត្រី ចំណុចនេះ ក្រសួងកិច្ចការនារី បានសហប្រតិបត្តិការ មានទម្រង់ជាច្រើន ជាមួយស្ថានទូតអូស្ត្រាលីផ្ទាល់ ហើយ រាជរដ្ឋាភិបាលកម្ពុជា បានយក ចិត្តទុកដាក់គិតគូរធំណាស់ ទាក់ទងទៅនឹងការផ្តល់តួនាទីស្ត្រី ផ្តល់អំណាចដល់ស្ត្រី ពិសេសការលើកកម្ពស់សមភាពយ៉េនឌ័រ។ យើងមានក្រសួងកិច្ចការនារី ជាសេនាធិការ ហើយក៏មានក្រសួងនីមួយៗ បានបង្កើតក្រុមការងារ ទទួលបន្ទុកសមភាពយ៉េនឌ័រនេះដែរ ពិសេសក្នុងស្ថានការណ៍ ដែលយើងកំពុងតែប្រឈមនឹងការទប់ស្កាត់នៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាននៅលើពិភពលោក និងប្រទេសជិតខាង ដែលទាក់ទងនឹងការខ្វះខាត ស្បៀង និងបញ្ហាផ្លូវចិត្ត។ល។ ដែលទាក់ទងទៅនឹងបញ្ហាបិទខ្ទប់ មិនឱ្យគាត់ចេញទៅក្រៅ ដើម្បីការពារមិនជំងឺនេះរីករាលដាល។ ដើម្បីជម្នះនូវបញ្ហាលំបាក ប្រឈមជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញការផ្តល់នូវវ៉ាក់សំាង ២ដូស និងដូសជំរុញ ក្រៅពីនោះ គិតទៅដល់កុមារ ដែលមានអាយុ ៦ឆ្នំា ដល់១២ឆ្នំា ។

លោកជំទាវបន្តទៀតថា ដើម្បីកុំឱ្យគាត់មានការលំបាកក្នុងជីវភាពរស់នៅ ក៏បានផ្តល់ ស្បៀងសម្រាប់ពួកគាត់។ លទ្ធផលដែលរំពឹងពីការចាក់វ៉ាក់សំាង បាន ៩៩ភាគរយ ទៅលើ គោលដៅ ប្រជាពលរដ្ឋ ១០លាននាក់ យើងក៏ផ្តល់អាទិភាព ជូនដល់ស្ត្រីដែលជួបការលំបាក ព្រោះពួកគាត់ជួបនៅការប្រឈម កូន ចៅ របស់គាត់ ៕អរគុណ​សន្តិភាព​ ! ! By.KAP

 

អត្ថបទដែលជាប់ទាក់ទង