ក្រសួងការងារស្នើម្ចាស់រោងចក្រ សហគ្រាស អនុញ្ញាតឱ្យកម្មករឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ)

ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ — ដើម្បីចូលរួបទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ បានស្នើដល់ម្ចាស់រោងចក្រ សហគ្រាស អនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិតត្រូវចាក់វ៉ាក់សាំងដូសទី៣ឬ(ដូសជំរុញ) ។

យោងតាមសេចក្តីជូនដំណឹងរបស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានលើកឡើងថា យោងតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានចក្ខុវិស័យ ច្បាស់លាស់ ក្នុងការគ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជារក្សាបាននូវស្ថិរភាពខ្សែច្រវ៉ាក់ផលិតកម្ម និងសុខភាពរបស់កម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១តទៅ កងយោធពល ខេមរភូមិន្ទ នឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិតដោយឥតគិតថ្លៃ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារបានបញ្ជាក់ថា «ដើម្បីចូលរួមក្នុងយុទ្ធនាការដែលជា ផលប្រយោជន៍របស់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសនេះ ក្រសួងស្នើម្ចាស់ ឬនាយក រោងចក្រ សហគ្រាស អនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញ»។ ក្រសួង ជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស នឹងអនុវត្តតាមសេចក្តី ជូនដំណឹងនេះប្រកបដោយប្រសិទ្ធ ភាពខ្ពស់។

ក្រសួងសុខាភិបាលក៏បានបញ្ជាក់ថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ មាន ៩៩,២៤ភាគរយ ធៀបជាមួយ ចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៩០ភាគរយ ធៀប ជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៥,៨៤ភាគរយ ធៀបជាមួយនឹងប្រជា ជនគោលដៅ ១,៨៩៧, ៣៨២នាក់ ហើយក្រសួងក៏បានលើកឡើងដែរថា ចំនួនអ្នកដែលបាន ចាក់ដូសទី៣ ឬដូសជំរុញមានចំនួន៩៨១.០៣១នាក់(ស្រី៣៧១.០៤០នាក់)៕

អត្ថបទដែលជាប់ទាក់ទង