រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញកោតសរសើរយ៉ាងខ្លាំង លើការអនុវត្តការងារ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះប្រកបដោយភាពជោគជ័យ
ភ្នំពេញ៖ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសំដែងនូវការកោតសរសើរចំពោះ រដ្ឋបាលរាជធានីភ្នំពេញយ៉ាងខ្លាំង លើការអនុវត្តការងារ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ ដែលមានទាំងការងារធ្វើឱ្យភូមិ សង្កាត់ មានសុវត្ថិភាព ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការងារអនាម័យ បរិស្ថាន ការងារអភិវឌ្ឍន៍ ការដោះស្រាយការលិចលង់ និងការប្រមូលពន្ធប្រថាប់ត្រាលើអចលនទ្រព្យផងដែរ ដោយការប្រមូលពន្ធនេះ ជាមធ្យមបានប្រមាណជាង៤លានដុល្លារក្នុង១ខែ ។
ការសំដែងការកោតសរសើរពីសំណាក់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ក្រោមវត្តមានឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅ សាលារាជធានីភ្នំពេញ។
ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ បានអនុវត្តការងារ បានយ៉ាងល្អប្រសើរ ដូចជាការងារអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឯកឧត្តមសូមកោតសរសើរដល់សមត្ថកិច្ចពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់បង្ក្រាបបទល្មើសព្រហ្មទណ្ឌបានស្ទើរតែ ១០០% គឺបង្ក្រាបបាន ៧៧ករណី លើ ៧៨ករណី ។
ការងារគ្រប់គ្រងសំណល់បរិស្ថាន និងអនាម័យ ដោយបានពិនិត្យទម្ងន់បានល្អ (ការពិនិត្យជញ្ជីង លាង សម្អាត ថ្លឹងបានត្រឹមត្រូវ និងពិនិត្យរថយន្តចាក់សំរាមមិនឱ្យសល់ក្នុងឡាន ។ល។ និងការជំរុញចលនាដឹកជញ្ជូនសំរាមពេលបុណ្យភ្ជុំបិណ្ឌបានស្អាតពុំមានកកស្ទះ។ ចំណែកការងារធនធានទឹក និងឧតុនិយម ឃើញថាសកម្មភាពរបស់ការងារធនធានទឹក ជំរុញអនុវត្តការងារបាន ១០០% លើចំណុចមួយចំនួនធំ។ ដោយឡែក សម្រាប់ការងារដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីវិញ បានខិតខំជំរុញការអនុវត្តប្រមូលពន្ធប្រថាប់ត្រាគួរជាទីមោទនៈ រហូតដល់ ៥០.៦៧៧,៨៥លានរៀល គិតជាមធ្យមប្រហែលជាជាង ៤លានដុល្លារក្នុង១ខែ។
ឯកឧត្តមបន្តទៀតថា ក្រៅពីការងារខាងលើ ពាក់ព័ន្ធការងារដោះស្រាយជំនន់ទឹកភ្លៀង រដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយបានយ៉ាងល្អផងដែរ។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំនេះ ក៏បានលើកឡើងដែរថា រដ្ឋបាលភ្នំពេញ សម្រាប់ការងារគ្រប់គ្រងជំងឺ កូវីដ-១៩ បានសហការជាមួយគណៈកម្មការជាង១០ ដោយបានដើរតួជាប្រតិបត្តិករ ដោះស្រាយលើការព្យាបាលអ្នកជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័កជាដើម លោកបន្តថា ចាប់ពីពេលនេះតទៅ រាជធានីភ្នំពេញលែងមានការធ្វើតេស្តរហ័ស ជាទ្រង់ទ្រាយធំទៀតហើយ បន្តការអនុវត្តការព្យាបាលតាមផ្ទះ ដែលការព្យាបាលតាមផ្ទះនេះ បានទទួលការគាំទ្រនិងកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ៕