សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយឯកឧត្តម DATO’ SERI HISHAMMUDDIN TUN HUSSEIN ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយឯកឧត្តម DATO’ SERI HISHAMMUDDIN TUN HUSSEIN ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី តាមរយៈប្រព័ន្ធវីដេអូ “Video Conference”។
នៅក្នុងកិច្ចពិភាក្សានេះ សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម Hussein បានធ្វើការវាយតម្លៃរួមគ្នាពីវិស័យសន្តិសុខការពារជាតិនាពេលបច្ចុប្បន្ន នៅមានបញ្ហាប្រឈមជាច្រើនទៀត និងបានចែករំលែកពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី និងបានឯកភាពគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា គាំទ្រគ្នាទៅវិញទៅមកក្នុងការឈានឆ្ពោះទៅរកការបើកសង្គម សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី។
ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម Hussein បានចែករំលែកទស្សនៈ និងសម្តែងការគាំទ្រជួយគ្នាទៅវិញទៅមកលើការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ នៅកម្ពុជាខាងមុខនេះ ឲ្យដំណើរការប្រកបដោយជោគជ័យ ដើម្បីឆ្ពោះទៅរកតំបន់មួយ ប្រកបដោយសន្តិភាព សន្តិសុខ បរិយាប័ន្ន និងវិបុលភាព ៕