កីឡាករបាល់ទាត់ ជម្រើសជាតិកម្ពុជា ៦រូប ឆ្លងកូវីដ-១៩
រាជធានីភ្នំពេញ ៖ យោងតាមការបញ្ជាក់ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន នៅមុននេះបន្តិចនាវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់នេះ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោកបានបញ្ជាក់ថា កីឡាករជម្រើសជាតិកម្ពុជា ដែលចេញទៅប្រកួតក្រៅប្រទេសដល់ទៅ៦រូប កំពុងឆ្លងកូវីដ-
១៩ ។
សន្និសីទដែលបានធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ គឺសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ជាក់ថា កីឡាករទាំង ៦នាក់ ដែលឆ្លងជំងឺកូវីដ-១៩ រួមមាន ៖ ចាន់ វឌ្ឍនាកា, គួច សុគុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែ សុខសិឡា, និង ទៀន ពិសី ។
ការបកស្រាយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កំពុងធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នងពេលនេះ ។ យ៉ាងណាមិញមន្ត្រីសហព័ន្ធសុំមិនធ្វើអត្ថាធិប្បាយជុំវិញករណីនេះច្រើនទេ ដោយគ្រាន់តែអះអាងថា កីឡាករដែលឆ្លងទាំងអស់គឺមានសុខភាពល្អ និង កំពុងស្ថិតក្នងការសម្រាកព្យាបាលថែ និង ថាមិនមានអ្វីគួរអោយព្រួយបារម្ភឡើយ។
ជាមួយគ្នានោះមន្ត្រីសហ័ន្ធបានសម្ដែងការសរសើរ ដោយសារតែកីឡាករទាំងអស់បានរួមកម្លាំងគ្នាយកឈ្នះក្រុមហ្គាំរបស់អាមេរិក ហើយបន្តឡើងវគ្គជម្រុះ សម្រាប់ការប្រកួតបន្ត ដោយកីឡាករដែលខាងសហព័ន្ធប្រកាសថាបានឆ្លងកូវីត ក៏ត្រូវបានមហាជនចាត់ទុកថា គឺជាវិរៈបុរស ក្នុងក្រុមដែលប្រឹងពុះពារហើយបើកការប្រកួតធ្វើអោយក្រុមទទួលជ័យជម្នះ។ កីឡាករទាំងនេះ ក៏ត្រូវបានហ្វេនៗ ជូនពរអោយមានសុខភាពល្អផងដែរ ក្រោយបែកដំណឹងឆ្លងកូវីដ-១៩ ។
ដោយឡែក ប្រភពមួយអោយដឹងថា កីឡាករជម្រើសជាតិកម្ពុជា ទាំង ៦នាក់ បានឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសបារ៉ែន អំឡុងពេលប្រកួតជម្រុះ AFC Asian Cup China 2023 Qualifiers Playoff ជាមួយក្រុមជម្រើសជាតិកោះហ្គាំ ។
ចំណែកឯ គណនីហ្វេសប៊ុកផ្លូវការរបស់កីឡាករ ចាន់ វឌ្ឍនាកា បានសរសេរថា «ជាដំបូង ខ្ញុំសូមអរគុណដល់ប្រមុខថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ មន្ត្រីសហព័ន្ធបាល់ទាត់កម្ពុជា ដែលស្វះស្វែងជួយសម្រួល និងយកចិត្តទុក្ខដាក់ព្យាបាលយើងនៅទីនេះ និង អរគុណដល់បងប្អូន អ៊ុំ ពូមីង យាយតា ដែលបានជូនពរបារម្ភដល់ពួកយើង ស្ថានភាពពួកយើងចាប់ផ្ដើមប្រសើឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ហើយពេលនេះ ពួកយើងកំពុងតែមានសុខភាពល្អឡើងវិញ ដោយមានការយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ នៅទីនេះ ២៤ម៉ោង លើ២៤ម៉ោង ខ្ញុំនឹងប្រយុទ្ធប្រឆាំងជាមួយជំងឺនេះ សូមបងប្អូន អ៊ុំ ពូមីង យាយតា ទាំងអស់បន្តអនុវត្តន៍នៅវិធានការណ៍ ៣កុំ ៣ការពារ អោយបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល» ៕