រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជុំទី១ ជូនប្រជាពលរដ្ឋមានអាយុចាប់ពីអាយុ១៨ឆ្នាំឡើងនៅទូទាំងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការគ្រប់កងឯកភាព លោកអភិបាលក្រុង-ស្រុក លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូពេទ្យ និងសមាជិក សមាជិកា។
ក្នុងនោះដែរឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានអានរបាយការណ៍សង្ខេបស្តីអំពីលទ្ធផលការងារនៃគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូរីដ-១៩នេះថា៖ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តទាំង២៥ទូទាំងប្រទេស ។ មានព្រំប្រទល់ជាប់នឹងព្រះរាជាណាចក្រថៃឡង់ដ៏ប្រវែង ១៥៣គីឡូម៉ែត្រ មានខេត្តស្រះចំនួន៤ជាប់និងខេត្តបន្ទាយមានជ័យ ស្រុកអារញ្ញប្រាថេត ស្រុកគោកធ្យូង ស្រុកតាបាយ៉ា និងស្រុកខ្នងហាត ខេត្តបុរីរ៉ាំចំនួន១ស្រុក គឺស្រុក ឡាក់ហានសៃ ។
ផ្ទៃដីសរុប៦.៦៧៩គម២ ចែកចេញជាក្រុងចំនួន២ ស្រុក៧ ឃុំ៥៥ សង្កាត់១០ ភូមិទទួលស្គាល់ដោយក្រសួងមហាផ្ទៃចំនួន៦៥៨ភូមិ និងភូមិមិនទាន់ទទួលស្គាល់ដោយក្រសួងមហាផ្ទៃចំនួន១២ភូមិ មានប្រជាពលរដ្ឋចំនួន១៩៤.៨៦៣គ្រួសារ មនុស្សចំនួន៨១៥.៥២២នាក់ ក្នុងនោះស្រី៤០៦.៤៨១នាក់ ដង់ស៊ីតេប្រជាពលរដ្ឋ ១១ ២១២នាក់ក្នុង១គ.ម២ ។ អាយុ១៨ឆ្នាំ ឡើងមានចំនួន ៥២៩.៦៨១នាក់ ស្រី ២៦៥ ៩៥៨នាក់ គិតជាភាគរយធៀបនឹងចំនួនប្រជាពលរដ្ឋសរុបស្មើនឹង ៦៤,៩៥% ។
ចាប់ពីមានការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ លើពិភពលោក ព្រះរាជាណាចក្រកម្ពុជា ក៏ដូចខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធខិតខំយកចិត្តទុកដាក់ជាប់ជាប្រចាំ ក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដោយបានរៀបចំ និងដាក់ចេញនូវផែនការ សេចក្តីសម្រេច សេចក្តីណែនាំ និងវិធានការចាំចាច់នានារបស់រដ្ឋបាលខេត្តក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩ ទាំងការចូលពីខាងក្រៅតាមរយៈបងប្អូនវិលត្រឡប់ពីប្រទេសថៃ និងតាមរយៈ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ពិសេសជំងឺកូវីដ១៩បំលែងថ្មីDeltaដែលកំពុងចរាចរទូទាំងប្រទេសគួរឱ្យព្រួយបារម្ភ។
ចំណាត់ការសំខាន់ៗដែលរដ្ឋបាលខេត្តបានរៀបចំរួមមាន៖ -ការរៀបចំកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ការចូលខុសពីទីតាំងដែលខេត្តបានរៀបចំ។ -ការរៀបចំក្រុមការងារទទួល សម្របសម្រួលជូនបងប្អូនពលករចំនួន៤ទីតាំង (ទីតាំងច្រកចំបក់ស្រុកម៉ាឡៃ-ច្រកអន្តរជាតិប៉ោយប៉ែត ទីតាំងច្រកអូរបីជាន់ស្រុកអូរជ្រៅ និងទីតាំងច្រកបឹងត្រកួនស្រុកថ្មពួក ) គ្រប់បងប្អូនពលករចូលមកសុទ្ធតែត្រូវបានយកសំណាកធ្វើតេស្តរហ័ស (អ្នកវិជ្ជមានបញ្ជូនចូលមណ្ឌលព្យាបាល និងអ្នកអវិជ្ជមានបញ្ជូនចូលមណ្ឌលចត្តាឡីស័ក)។
ការរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមតាមក្រុង ស្រុក ដែលមុននេះមាន២៣មណ្ឌល បានប្រើប្រាស់នូវអគារសិក្សា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន តែបច្ចុប្បន្នមណ្ឌលកំពុងប្រើប្រាស់មាន១២មណ្ឌល ។
ក្នុងពេលដែលមណ្ឌលថ្មីកំពុងសាងសង់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតរចូលជាស្ថាពរ អាចទទួលបងប្អូនធ្វើចត្តាឡីស័កប្រមាណជាង២០០០នាក់ (រដ្ឋបាលខេត្តនឹងបង្រួម ហើយប្រគល់សាលារៀនជូនមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីបើកដំណើរការសាលារៀនឡើងវិញ។
ការរៀបចំមណ្ឌលព្យាបាលកូវីដ-១៩ សរុបពីមុនមាន១៧មណ្ឌល តែបច្ចុប្បន្នមានចំនួន៨ មណ្ឌលក្នុងនោះសម្រាប់កំរិតធ្ងន់មាន២មណ្ឌលគឺមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត សម្រាប់កំរិតស្រាលមណ្ឌលដែលទើបកសាង និងរៀបចំថ្មីៗនេះ មាន២មណ្ឌល គឺនៅភូមិខ្លាកូនថ្មី ១កន្លែង និងនៅបូរីជ័យ២ ភូមិចំការតាដោក១កន្លែង មានវិសាលភាពអាចទទួលបានអ្នកជំងឺច្រើន។
ការព្យាបាលតាមផ្ទះ បានរៀបចំក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុកទាំង៩ និងមានប្រព័ន្ធទូរស័ព្ទ Hot Line 5222 គ្រប់ក្រុង ស្រុក ។ ចំនួនបាន និងកំពុងព្យាបាលនៅតាមផ្ទះមានចំនួន៤៥៨នាក់ ស្រី២២៦នាក់។ -តាមការណែនាំថ្មីៗ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រមុខរាជរដ្ឋាភិបាល និងរបស់ក្រសួងសុខាភិបាល គឺ មិនឱ្យមានការស្រាវជ្រាវរកអ្នកវិជ្ជមានដោយការធ្វើតេស្តរហ័សនោះ ខេត្តបានជំរុញការតាមដាន ចំពោះគ្រួសារដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមាន ដោយឱ្យធ្វើចត្តាឡីស័ក ហើយផ្តល់ថ្នាំចិនឱ្យទទួលទានតាមផ្ទះតាមការណែនាំរបស់ក្រសួងសុខាភិបាលចំពោះអ្នកពាក់ព័ន្ធផ្ទាល់ ព្រមទាំងផ្តល់ស្បៀងពេលបិទខ្ទប់។
ការរៀបចំកន្លែងបូជា និងបញ្ចុះសពមានទីតាំងស្ថិតនៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានរៀបចំកន្លែងបញ្ចុះសព ខ្មែរ-ឥស្លាម គ្រឹស្ទាន និងខ្មែរ-ចិន *បានរៀបចំឈាបដ្ឋានសម្រាប់បូជាសព ស្ថានភាពអ្នកស្លាប់៖ ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី១២ ខែតុលា២០២ ១ មានចំនួនសរុប ២៥០នាក់ ស្រី ១៣៨នាក់ (ខ្មែរ ២៤៤នាក់ ស្រី ១៣៥ នាក់ ជនបរទេស៦នាក់ ស្រី៣នាក់ ) ក្នុង ២៤៤នាក់ បានចាក់វ៉ាក់សាំងចំនួន ៤៩នាក់ និងមិនបានចាក់វ៉ាក់សាំងចំនួន ១៩៥នាក់ ។
ចាប់ពីមានការផ្ទុះរីករាលដាលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តបន្ទាយមានជ័យគិតត្រឹមថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមានចំនួន ២៧.៨៩៥នាក់ ស្រី ១៣.៨១៩នាក់អ្នកជាសះស្បើយ ២៦.២៥២នាក់ ស្រី ១ ៣.១៨៤នាក់ ។ អ្នកវិជ្ជមានចំនួន ៨៨៦នាក់ ស្រី ៤៨៨ នាក់កំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌលទាំង៨។ ចំនួនអ្នកចូលមកស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័ក សរុបពីដើមគ្រា ៧០.៩២៨នាក់ ស្រី៣ ១.៦៥០នាក់ បានយកសំណាកចំនួន៦២.៣៣១នាក់ ស្រី២៧.២៣១នាក់ អ្នកដែលបញ្ជូនចេញ៦៨.៣៩២នាក់ ស្រី៣០.៥២៤៣៩២នាក់ អ្នកបានបញ្ចប់ចត្តាឡីស័ក៤៩.៥១០នាក់ ស្រី ២៣.០៨៩នាក់ អ្នកកំពុងស្នាក់នៅក្នុងមណ្ឌលបច្ចុប្បន្ន ២.៥២៣នាក់ស្រី១.១២០នាក់ ដែលសុទ្ធជាប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ។
លើការងារចាក់វាក់សាំង ខេត្តបានរៀបចំក្រុមការងារចាក់វ៉ាក់សាំង ដែលមានក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាល និងក្រុមការងារគ្រូពេទ្យរបស់យោធភូមិភាគ៥ ដើម្បីចាក់វ៉ាក់សាំងស្រោចជូនប្រជាពលរដ្ឋក្នុងខេត្ត១.ប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង៖ ក្នុងផែនការ៥២៩.៦៨១នាក់ចាក់បានចំនួន៤០៤.៤៨៤ នាក់ ស្មើនឹង៧៦,៣៦% ចាក់លើកទី២បាន៣២៦.៨១៥នាក់ និងចាក់លើកទី៣ ដួសជំរុញបានចំនួន១៧.៥៣០នាក់ ស្រី៧.១០៣នាក់។ អ្នកដែលនៅសល់មិនទាន់បានចាក់ មានចំនួន១២៥.១៩៧នាក់ ក្នុងនោះជាប្រជាពលរដ្ឋចំណាកស្រុក៩២.៥១១នាក់ និងអ្នកមានបញ្ហាសុខភាព៣០.៧៤១នាក់ អ្នកមានផ្ទៃពោះនិងស្ត្រីទើបសម្រាលកូន១.៩៤៥នាក់។ ២.ប្រជាពលរដ្ឋពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ក្នុងផែនការ ១០៤.៩២២នាក់ ចាក់បានចំនួន ៨៤.៧៦១នាក់ ស្មើនឹង៨០,៧៨% ក្នុងនោះចាក់លើកទី២បាន ៧៨.០៥៩នាក់ ។ ៣.ប្រជាពលរដ្ឋពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ៖ ក្នុងផែនការ៩៣.៣៩២នាក់ ចាក់បានចំនួន ៩៨.៣៧៥នាក់ ស្មើនឹង១០៥,៣៤% (លើសផែនការចំនួន៤.៩៨៣នាក់) ចាក់លើកទី២បាន៥១.១៥៤នាក់។ សរុបរួម៖ ក្នុងផែនការសម្រាប់ដូសទី១ សរុប៧២៧.៩៩៥នាក់ ចាក់វាក់សាំងសម្រេចបាន៥៨៥.៥១៨នាក់ ស្មើនឹងផែនការខេត្ត ៨០,៤៣% មិនទាន់ចាក់១៤២.៤៧៧ ស្មើនឹង១៩,៥៧%កំពុងបន្តចាក់។ រដ្ឋបាលខេត្តបានឱ្យរដ្ឋបាលក្រុង ស្រុក សហការជាមួយការិយាល័យស្រុកប្រតិបត្តិរៀបចំក្រុមគ្រូពេទ្យ ដើម្បីចាក់វ៉ាក់សាំងតាមភូមិ ដែលបាន និងកំពុងដំណើរការ។ ផ្អែកតាមទិន្នន័យនេះ រដ្ឋបាលខេត្តបានចាក់នឹងនៅបន្តចាក់សម្រាប់ប្រជាពលរដ្ឋចំណាកស្រុក និងអ្នកមានសុខភាពប្រសើរឡើងវិញ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចគោរពស្នើសុំបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩) ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ និងគោរព ស្នើសុំ លោកជំទាវ បើកដំណើរការកន្លែងចាក់វ៉ាក់សាំងកូវីដ-១៩ ជាអចិន្ត្រៃយ៍ នៅតាមមន្ទីរពេទ្យបង្អែកចំនួន០៩កន្លែង ដើម្បីឱ្យប្រជាពលរដ្ឋ ដែលពុំទាន់ទទួលបានការចាក់វ៉ាក់សាំងកូវដ-១៩ មកទទួលយកសេវា ក្រោយពីបិទបញ្ចប់យុទ្ធនាការ។ គ្រឹះស្ថានសិក្សាបើកដំណើរការឡើងវិញមានចំនួន ២០២ កន្លែង លើ៥៧០ កន្លែង ស្មើនឹង៣៥% លើកលែងតែភូមិសាស្រ្តក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត នៅបន្តសិក្សាតាមអនឡាញ ។ ក្នុងចំណោមគ្រឹះស្ថានសិក្សាដំណើរការឡើងវិញចំនួន២០២កន្លែង ក្នុងនោះមត្តេយ្យសិក្សាសហគន៍២២កន្លែង មត្តេយ្យសិក្សា១កន្លែង បឋមសិក្សា១៥៩កន្លែង អនុវិទ្យាល័យ២៥កន្លែង និងវិទ្យាល័យ ៦កន្លែង ។ ឯកឧត្តម នាយឧត្តមសេនីយ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានឧបត្ថម្ភសម្ភារៈមួយចំនួនដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងសិស្សានុសិស្ស ក្នុងដំណាក់កាលបើកសាលារៀនឡើង វិញមានដូចខាងក្រោម៖ -ម៉ាស់ចំនួន ៧០០ ០០០ ម៉ាស់ (គ) -ម៉ាស៊ីនវាសកំដៅ ចំនួន ១០០០ គ្រឿង -ឡាបូលាងដៃ ចំនួន ២១២ គ្រឿង ដោយឡែកលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះលទ្ធផលដំណើរការចាក់វ៉ាក់សាំងនាពេលកន្លងមក មានការខិតខំប្រឹកប្រែងយកចិត្តទុកដាក់ និងសហការការគ្នាកបានល្អ ធ្វើឱ្យដំណើរការចាក់វ៉ាក់សាំង ប្រព្រឹត្តិដោយរលូន។ លោកស្រី បានបញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំងអាចជួយបាននូវការកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ ការចូលសម្រាកមន្ទីរពេទ្យ និងកាត់បន្ថយអត្រាមរណភាពផងដែរ។ ទោះបីជាបានទទួលការចាក់វ៉ាក់សាំងក៏ដោយក៏ត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការរបស់ក្រសួងសុខាភិបាលជាពិសេស គឺវិធានការ ៣កុំ និង ៣ការពារ ៕ អរគុណសន្តិភាព