អាជ្ញាធរ​ខេត្តកំពង់ចាម អញ្ជេីញចូលរួមប្រគល់ផ្ទះថ្មី​ ១ខ្នង​ ជូន​ស្រ្តីមេម៉ាយទីទ័លក្រ មានកូនប្រុសស្រី ៦នាក់ និងចៅស្រី​ ១នាក់​ក្នុងបន្ទុក ស្ថិតនៅភូមិដីលើ ឃុំ​ពាមកោះស្នា

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ​ ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទកម្ពុជាខេត្តកំពង់ចាម និងឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម បានអញ្ជេីញចុះប្រគល់ផ្ទះថ្មី​ ១ខ្នង​ ជូន​ស្រ្តីមេម៉ាយទ័លលំបាក ឈ្មោះ សន វី អាយុ​៣៦ឆ្នាំ​ មានកូនប្រុសស្រី ៦នាក់ និងចៅស្រី​ ១នាក់​ ក្នុងបន្ទុក ស្ថិតនៅភូមិដីលើ ឃុំ​ពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
គួររំលឹកថា កាលពីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ លំនៅដ្ឋានស្ត្រីរូបនេះ ដែលធ្វើពីឈើ ប្រក់សង្កសី ១ខ្នង ទំហំ 5ម×៧ម ត្រូវអគ្គីភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី ភ្លាមៗនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់តំណាងចុះផ្តល់ជំនួយសង្រ្គោះបន្ទាន់ ដល់គ្រួសាររងគ្រោះ។ ជាមួយនោះ ឯកឧត្តម ហ៊ុន ណេង ក៏បានអញ្ជើញ ចុះពិនិត្យស្ថានភាពរងគ្រោះដល់ទីតាំងដោយផ្ទាល់ ហើយបានសម្រេចផ្តល់ជូន ផ្ទះថ្មី ១ខ្នង ជូនស្ត្រីរូបនេះ ដើម្បីបានស្នាក់នៅសមរម្យ។
ក្នុងឱកាសនោះ​ ឯកឧត្តម ហ៊ុន ណេង បានពាំនាំប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជាដែលផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ជូនចំពោះលោក​យាយ លោកតា ប្រជាពលរដ្ឋទាំងអស់ ទាំងអស់​ និងបានអំពាវនាវ សូមយកចិត្តទុកដាក់គិតគូរថែទាំសុខភាពឱ្យបានល្អ រស់នៅត្រូវមានអនាម័យស្អាត សម្រាន្តក្នុងមុង និងពិសារទឹកឆ្អិនដាំពុះជានិច្ច​ ហេីយជាពិសេស ត្រូវបន្តរៀនរស់ជាមួយជម្ងឺកូវីដ-១៩ ដោយអនុវត្ត​តាមវិធានសុខាភិបាល “៣ការពារ​ ៣កុំ និង ២ចូលរួម ” ឱ្យបានខ្ជាប់ខ្ជួន​ ដេីម្បីជៀសផុតពីពីការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវ នេះ ព្រមទាំង សូមជូនពរដល់ក្មួយស្រីម្ចាស់ផ្ទះ​ និងលោកយាយ លោកតាទាំងអស់​ សូមមានសុខភាពរឹងមាំ អាយុយឺនយូរ ហើយបន្តរស់នៅ ក្រោមម្លប់នៃសុខសន្តិភាព និង ការអភិវឌ្ឍន៍។
សូមបញ្ជាក់ថា​ ផ្ទះ​ ១ខ្នងថ្មីនេះ​ ចំណាយថវិកា ៨.៦៥០ដុល្លារ (ប្រាំបីពាន់ប្រាំមួយរយហាសិបដុល្លារអាមេរិក) សង់ពីឈេីខ្ពស់ផុតពីដី​ ២ម៉ែត្រ​ មានទំហំ ៥ម៉ែត្រគុណនឹង ៧ម៉ែត្រ ដំបូលប្រក់ស័ង្កសីភ្លីធំ ជញ្ជាំងស្មាតបត​ រនាបឬស្សី មានបង្អួច៣ ជណ្តេីរធ្វើពីឈើ មានប្រព័ន្ធអគ្គិសនី ប្រេីប្រាស់ថាមពលព្រះអាទិត្យ​ (Solar) អាចប្រេីទូរទស្សន៍១​ កង្ហារ​១​ និងអំពូល៥ និងមានផ្ទះបាយជាប់ខាងក្រោយផ្ទះ​។
ជាមួយគ្នានេះ ដេីម្បីជួយសម្រាលដល់ជីវភាពរស់នៅ​ សាខាកាកបាទក្រហមកម្ពុជា បានផ្តល់ជូនអំណោយ​មនុស្សធម៌ ជាសម្ភារៈ គ្រឿងឧបភោគបរិភោគ សម្រាប់សង្កត់ផ្ទះ រួមមាន អង្ករ ៥០kg មី ២កេស ត្រីខ ២០​កំប៉ុង ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា)​ ២កញ្ចប់ អាវយឺត១៦​ សម្ភារៈផ្ទះបាយ​ និងសម្ភារៈប្រេីប្រាស់ក្នុងផ្ទះ ចំនួន​ ២៧មុខ ព្រមទាំងថវិកា ២០០ ០០០រៀល បន្ថែមពីនេះ ឯកឧត្តម ហ៊ុន ណេង បានឧបត្ថម្ភបន្ថែមចំនួន ២លានរៀល។
ចំពោះ លោកយាយ​ លោកតា​ ចំនួន​ ២០នាក់​ ដែលអញ្ជេីញចូលរួម ក្នុងពីធីប្រគល់-ទទួលផ្ទះថ្មីនេះ​ ក្នុងម្នាក់ៗទទួលបាន​ ៖ អង្ករ ២៥kg ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង ឃីត (មុង​ ភួយ​ សារុង​ ក្រមា​ អាយឺត)​ ១កញ្ចប់​ អាវយឺត៤ ម៉ាស់ ៥បន្ទះ និងថវិកា ២០ ០០០រៀល៕ ប្រភព រដ្ឋបាលខេត្ត
អត្ថបទដែលជាប់ទាក់ទង