បន្តចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ទៅដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរនៅលើកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-បន្ទាយមានជ័យ) ត្រង់ចំណុចផ្លូវវាងក្រុង

ខេត្តបាត់ដំបង៖ ថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២១ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាទចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-បន្ទាយមានជ័យ) ត្រង់ចំណុចផ្លូវវាងក្រុង (Highway) ដោយមានការចូលរួមពីគ្រប់សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត និង ស.ស.យ.ក ខេត្តផងដែរ។

ការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ ជាពិសេសនៅលើកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-បន្ទាយមានជ័យ) ត្រង់ចំណុចផ្លូវវាងក្រុងនេះឱ្យមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ និងយល់ដឹងពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានច្បាស់លាស់ ដើម្បីសុវត្ថិភាព ជៀសផុតគ្រោះថ្នាក់ផ្សេងៗ និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងការធ្វើដំណើរ។

ទន្ទឹមនោះ មន្ទីរបានណែនាំអ្នកបើកបរយានជំនិះទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៅពេលធ្វើដំណើរនៅលើផ្លូវសាធារណៈ និងមើលផ្លាកសម្គាល់សញ្ញាចរាចរណ៍ ឱ្យបានត្រឹមត្រូវមុននឹងបត់ វ៉ាជែង ឬបើកបរឆ្លងកាត់នៅតាមបណ្តាផ្លូវប្រសព្វទាំងអស់គ្នា និងត្រូវគោរពអនុវត្តនូវវិធានការ ៣កុំ ៣ការពារ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួនដើម្បីជៀសផុតពីការឆ្លងនៃជំងឺកូវីដ-១៩ ព្រមទាំងបានចែកជូនសៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន៥០០ក្បាល ខិត្តប័ណ្ណដែលមានចំណងជើងថា អ្វីអ្នកបើកបរត្រូវដឹង ចំនួន ៧០០សន្លឹក ស្ទីកឃ័រចំណាំងផ្លាតចំនួន ៦០០បន្ទះ និងផ្ទាំងស្ទីកឃ័រ “ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ចំនួន១០០ផ្ទាំង។

សូមបញ្ជាក់ថាកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង ចាប់ពីខេត្តបាត់ដំបង ដល់សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រសួងបានចុះត្រួតពិនិត្យប្រគល់-ទទួល បើកឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បាន កាលពីថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង ដោយមានការចូលរួមពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត តំណាងទីភ្នាក់ងារJICA ប្រចាំកម្ពុជា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីបច្ចេកទេសគ្រប់ផ្នែកពាក់ព័ន្ធផងដែរ៕




