ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ដឹកនាំកម្លាំងពាក់ព័ន្ធចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពកហក់ឡើងជាបន្តបន្ទាប់ជិតដល់កម្រិតត្រូវប្រកាសការប្រុងប្រយ័ត្ន

ខេត្តរតនគិរី៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្តាលឲ្យមានជំនន់ទឹកភ្លៀងជន់លិចភូមិមួយចំនួននៃស្រុកលំផាត់ និងទឹកទន្លេស្រែពកបានហក់ឡើងជាបន្តបន្ទាប់ជិតដល់កម្រិតត្រូវប្រកាសប្រុងប្រយ័ត្ន ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នារសៀលថ្ងៃអាទិត្យទី១៧ ខែតុលា ឆ្នាំ២០២១ បានដឹកនាំកម្លាំងពាក់ព័ន្ធចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពកនៅចំណុចភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ដើម្បីមានវិធានការអន្តរាគមន៍ ឆ្លើយតបបានទាន់ពេលវេលាទៅនឹងសភាពការណ៍ជាក់ស្តែង។

ស្ថានភាពជាក់ស្តែងនៃជំនន់ទឹកភ្លៀង និងការហក់ឡើងនៃទឹកទន្លេស្រែពកនេះ បណ្តាលមកពីឥទ្ធិពលនៃព្យុះទី១៨ បង្កជាវិសម្ពាធទាបនាំឱ្យមានភ្លៀងធ្លាក់ជាប់ៗគ្នា និងការបើកធាទឹកពីអាងស្តុកទឹកស្រែពក៤ ផ្នែកខាងលើទន្លេស្រែពក បង្ករជាជំនន់ទឹកទន្លេ និងជំនន់ទឹកភ្លៀងបានលិចភូមិ ឃុំ មួយចំនួនដែលស្ថិតនៅតំបន់ទំនាបងាយប្រឈម ស្ថិតនៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ។ គិតមកដល់ពេលនេះជាបឋមមានឃុំចំនួន ៤នៃស្រុកទាំងពីរខាងលើទឹកបានជន់លិចចូលភូមិ ក្នុងនោះអាជ្ញាធរបានជួយអន្តរាគមន៍ ដើម្បីជម្លៀសពលរដ្ឋដែលប្រឈមខ្ពស់មករកទីទួលសុវត្ថិភាពដែលបានត្រៀមកន្លងមក។

ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមអភិបាលខេត្តបាមអំពាវនាវបន្ថែមដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមឆ្លើយតបជាបន្ទាន់ចំពោះហេតុការណ៍ដែលបានកើតឡើង តាមគ្រប់មធ្យោបាយ និងសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត៕ ប្រភពមន្ទីរព័ត៌មាន



