ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អញ្ជើញជាអធិបតីក្នុងពិធីបិទមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២១

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអញ្ជើញជាអធិបតីក្នុងពិធីបិទមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២១ និងចែកពានរង្វាន់ជូនបេក្ខជនជ័យលាភី ពិធីនេះប្រព្រឹត្តទៅនៅនាយកដ្ឋានសិល្បៈទស្សនីយភាព។ មហោស្រពចាប៉ីដងវែង ដែលប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃមកនេះ ទទួលបានលទ្ធផលដូចតទៅនេះ៖
-បេក្ខជនជ័យលាភីឆ្នើម លេខ១ លោក មូល សុដា មកពីខេត្តបន្ទាយមានជ័យ ទទួលបានពានរង្វាន់ចាប៉ីមាស អមដោយបណ្ណជ័យលាភី និងទឹកប្រាក់ ៦លានរៀល។
-បេក្ខជនជ័យលាភី លេខ២ លោក សារី សិលា មកពីខេត្ត ព្រៃវែង ទទួលបានពានរង្វាន់ចាប៉ីប្រាក់
អមដោយបណ្ណជ័យលាភី និងថវិកា៤លានរៀល។
-បេក្ខជនជ័យលាភីលេខ៣ លោក អ៊ួង សឿន មកពីខេត្តពោធិ៍សាត់ ទទួលបានពានរង្វាន់ចាប៉ីសំរឹទ្ធមួយ អមដោយថវិកា ២លានរៀល
-បេក្ខជន សាត វណ្ណា មកពីរាជធានីភ្នំពេញ ទទួលបានបណ្ណកិត្តិយស អមដោយថវិកា ១លានរៀល
-បេក្ខជន ម៉ម ភិរក្ស មកពីខេត្តប៉ៃលិន ទទួលបានបណ្ណកិត្តិយស អមដោយថវិកា ១លានរៀល
-លោក ហោ ពៅ ជាបេក្ខជនកិត្តិយស មកពីខេត្តត្បូងឃ្មុំ ទទួលបានបណ្ណកិត្តិយស អមដោយថវិកា ១លានរៀល
ចូលរួមក្នុងឱកាសនោះដែរ មានឯកឧត្ដម លោកជំទាវដែលជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងមន្រ្តីរាជការ លោកសាស្ត្រចារ្យ លោកគ្រូនិងសិល្បករចាប៉ីដងវែងផងដែរ។
សូមបញ្ជាក់ជូនថា មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២១ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ នេះបានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ដើម្បីចូលរួមទប់ស្កាត់ការចម្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា ៕ ប្រភពនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌














