ផ្ទះប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតលិចលង់ដោយជំនន់ទឹកភ្លៀង អាជ្ញាធរក្រុងប៉ោយប៉ែតនិងកងកម្លាំងចុះត្រួតពិនិត្យនិងត្រៀមជួយសង្គ្រោះទៅទីទួលសុវត្តិភាព
ខេត្តបន្ទាយមានជ័យ៖ ដោយសារតែមានភ្លៀងធ្លាក់ធំជាប់ៗគ្នា ៣ ថ្ងៃ ធ្វើឲ្យផ្ទះប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតលិចលង់ដោយជំនន់ទឹកនេះជាច្រើនគ្រួសារ ក្នុងនោះមាននៅភូមិសុខសាន្ត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អាជ្ញាធរក្រុងប៉ោយប៉ែតដឹកនាំ ក្រុមការងារ និងកងកម្លាំងទាំង៣ ក្នុងមានកំលាំងអាវុធហត្ថ នគរបាល និងទាហាន កំពុងចុះត្រួតពិនិត្យពីស្ថានភាពទឹក និងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចដោយសារទឹកជំនន់ ទៅទីទួលសុវត្តិភាព នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នោះ។ ក្រោយពីទឹកជំនន់ចូលដល់ភូមិប្រជាពលរដ្ឋ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតដឹកនាំក្រុមការងារនិងកងកម្លាំងចុះត្រួតពិនិត្យស្ថាភាពទឹកជំនន់ទឹកភ្លៀង និងបានយកម៉ៃខូងកាយបង្ហូរទឹកដែលលិចផ្ទះប្រជាពលរដ្ឋឲ្យហូរចុះទៅក្រោមកុំឲ្យលិចផ្ទះប្រជាពលរដ្ឋបន្តទៀត។
លោក គាត ហ៊ុល បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ភ្លៀងធ្លាក់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះធ្វើឲ្យជន់លិចផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋជាច្រើនខ្នងនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក គាត ហុល បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងនោះមានលិចផ្ទះសម្បែងជាច្រើនគ្រួសារ ត្រូវបានសមត្ថកិច្ចទាំងបីមានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត កម្លាំងនគរបាល និងកម្លាំងយោធា បានជួយជន្លៀសទៅរស់នៅទីទួលសុវត្ថិភាពទាំងអស់ ថែមទាំងចែកស្បៀងនិងគ្រឿងឧបភោគ បរិភោគឲ្យគ្រប់ៗគ្នាទៀតផង។
ក្នុងនោះលោកបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើមានការសង្ស័យថា កន្លែងបងប្អូនប្រឈមគ្រោះថ្នាក់ ត្រូវរាយការណ៍មកអាជ្ញាធរជាបន្ទាន់ ដើម្បីក្រុមសង្គ្រោះបានចុះជួយជម្លៀសរកទីទួលមានសុវត្ថិភាពទាន់ពេលវេលា។
ក្នុងនោះលោកបានអំពាវនាវឲ្យបងប្អួនប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នសុវត្ថិភាពពីគ្រោះថ្នាក់ជាយថាហេតុ ត្រូវថែទាំសុខភាពឲ្យបានល្អ ទទួលទានអាហារឲ្យបានត្រឹមត្រូវ ផឹកទឹកដាំឆ្អិនល្អ រស់នៅក្នុងបរិស្ថានស្អាត មានអនាម័យ ត្រូវគេងក្នុងមុងជានិច្ច និងត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ នៅពេលទឹកឡើង និងក្រោយស្រកទៅវិញ ជាពិសេសត្រូវមើលក្មេងតូចៗ កុំឲ្យលេងទឹក ដែលអាចបណ្តាលឲ្យលង់ទឹកស្លាប់ ធ្វើឲ្យក្រុមគ្រួសារមានវិប្បដិសារីអស់មួយជីវិត៕