ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន បង្ហាញនូវចំណាប់អារម្មណ៍ជូនសម្ដេចតេជោ ហ៊ុន សែន អំពីបំណងចង់វិនិយោគលើវិស័យមួយចំនួននៅកម្ពុជា

ភ្នំពេញ៖ នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ដឹកនាំដោយ ឯកឧត្តម ថេត អូសៀស (Ted Osius) បានបង្ហាញពីបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យថាមពល វិស័យឧស្សាហកម្ម វិស័យសុខាភិបាល វិស័យបច្ចេកវិទ្យា វិស័យហិរញ្ញវត្ថុ និងការនាំចេញនាំចូល។
នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី។
នៅក្នុងជំនួបនោះ ឯកឧត្ដម Ted Osius រួមជាមួយនឹងសមាជិកក្រុមហ៊ុនទាំងអស់បានសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានចាត់វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានជោគជ័យ។ ឯកឧត្តមក៏បានគោរព ជម្រាបជូនសម្ដេចតេជោនូវចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ដែលមានបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យថាមពល វិស័យឧស្សាហកម្ម វិស័យសុខាភិបាល វិស័យបច្ចេកវិទ្យា វិស័យហិរញ្ញវត្ថុ និងការនាំចេញនាំចូល។ ឯកឧត្តមក៏បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន នឹងគាំទ្រកម្ពុជា នៅពេល​ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះអាស៊ាននៅពេលខាងមុខ ក៏ដូចជាជួយដល់កម្ពុជាលើវិស័យសេដ្ឋកិច្ច នៅក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដូចជាជួយកម្ពុជាក្នុងការកសាងសមត្ថភាព និងបញ្ហាសន្តិសុខថាមពលផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះ ឯកឧត្តម Ted Osius ដែលត្រូវបានតែងតាំងជាប្រធាន និងជាអគ្គនាយកប្រតិបត្តិរបស់ ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកផងដែរ ដែលបានផ្ដល់វ៉ាក់សាំងកូវីដ១៩ដល់កម្ពុជា ហើយសម្ដេចក៏បានសម្ដែងនូវសេចក្តីរីករាយ ដែលក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន បានទទួលស្គាល់នូវភាពជឿនលឿនរបស់កម្ពុជាក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងការទទួលបានផ្លែផ្កាជាវិជ្ជមាននេះ។ សម្ដេចតេជោបានជម្រាបជូនក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន នូវផែនការចូលរួមដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុរបស់កម្ពុជា ក៏ដូចជាវិធានការឆ្ពោះទៅមុខរបស់កម្ពុជា ដែលរួមមាន បន្តគ្រប់គ្រងជំងឺកូវីដ១៩ ជំរុញការកែទម្រង់ផ្នែកធុរកិច្ចឱ្យបានកាន់តែប្រសើរ ដើម្បីទាក់ទាញអ្នកវិនិយោគឱ្យបានកាន់តែច្រើន ជំរុញការកែទម្រង់លើគ្រប់វិស័យ និងជំរុញការបង្កើនសកម្មភាពធុរកិច្ច និងលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា។
ជាមួយគ្នានេះ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានជម្រាបជូនដល់ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ានផងដែរ នូវសក្តានុពលអំពីការវិនិយោគ នៅក្នុងប្រទេសកម្ពុជា ព្រមជាមួយការអំពាវនាវ ឱ្យវិនិយោគិនសហរដ្ឋអាមេរិកពិចារណាមកវិនិយោគនៅកម្ពុជានាពេលខាងមុខ៕ by AKP
អត្ថបទដែលជាប់ទាក់ទង