ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សម្ដែងការអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានចាត់វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានជោគជ័យ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ប្រធានគណ: កម្មាធិការក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយឯកឧត្តម ថេត អូសៀស (Ted Osius) តាមប្រព័ន្ធវីដេអូ ។
ឯកឧត្តមអ៊ាង សុផល្លែត ជំនួយការសម្តេចតេជោហ៊ុន សែន បានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបថា ក្នុងជំនួបនោះ ឯកឧត្តម ថេត អូសៀស (Ted Osius) រួមជា មួយនឹងសមាជិកក្រុមហ៊ុនទាំងអស់បានសំដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានចាត់វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានជោគជ័យ។ ឯកឧត្តម ថេត អូសៀស (Ted Osius) ក៏បានគោរពជម្រាបជូនសម្ដេចតេជោ នូវចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលមានបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យថាមពល វិស័យឧស្សាហកម្ម វិស័យសុខាភិបាល វិស័យបច្ចេកវិទ្យា វិស័យហិរញ្ញវត្ថុ និងការនាំចេញនាំចូល។ ឯកឧត្តមក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងគាំទ្រកម្ពុជានៅពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះអាស៊ាននៅពេលខាងមុខ ក៏ដូចជាជួយដល់កម្ពុជាលើវិស័យសេដ្ឋ កិច្ច នៅក្នុងអំឡុងពេលនៃការរាតត្បាតនៃជម្ងឺកូវីដ១៩ ក៏ដូចជាជួយកម្ពុជាក្នុងការកសាងសមត្ថ ភាព និងបញ្ហាសន្តិសុខថាមពលផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការអបអរសាទរចំពោះ ឯកឧត្តម ថេត អូសៀស (Ted Osius) ដែលត្រូវបានតែងតាំងជាប្រធាន និងជាអគ្គនាយកប្រតិបត្តិរបស់ ក្រុម ប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ។ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកផងដែរ ដែលបានផ្ដល់វ៉ាក់សាំងកូវីដ១៩ដល់កម្ពុជា ហើយសម្ដេចក៏បានសម្ដែងនូវសេចក្តីរីករាយ ដែលក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានទទួលស្គាល់នូវភាពជឿនលឿនរបស់កម្ពុជាក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងការទទួលបានផ្លែផ្កាជាវិជ្ជមាននេះ ។