ជប៉ុននឹងជួយអាស៊ានក្នុងការត្រួតពិនិត្យការបញ្ចេញឧស្ម័នផ្ទះកញ្ចក់

បរទេស៖ ប្រទេសជប៉ុននឹងជួយដល់បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងការតាមដានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយបង្កើតក្របខ័ណ្ឌវាស់វែង និងត្រួតពិនិត្យឧស្សាហកម្ម។
សារព័ត៌មាន Nikkei បានរាយការណ៍ថា ដោយមានសមាជិកជាច្រើននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ខ្វះវិធីសាស្ត្រក្នុងការតាមដាន បានធ្វើឱ្យការវាស់វែងនៃការបញ្ចេញឧស្ម័ននៅតាមក្រុមហ៊ុននីមួយៗមានការលំបាក។ សមត្ថភាពក្នុងការឃ្លាំមើលកិច្ចខិតខំប្រឹងប្រែងនៃការបំបែកសារធាតុកាបូននៅទូទាំងសង្វាក់ផ្គត់ផ្គង់កាន់តែមានសារៈសំខាន់។
ប្រទេសជប៉ុនមានគម្រោងផ្តល់ជំនួយ និងចូលរួមក្នុងគម្រោងរួមគ្នា។
នៅក្នុងប្រទេសហ្វីលីពីន ការសាកល្បងនៅទីតាំងផ្ទាល់នឹងចាប់ផ្តើមនៅរដូវក្តៅក្រោយ ដើម្បីគណនាការបំភាយឧស្ម័នតាមឧស្សាហកម្ម។ ដំណើរការជ្រើសរើសបានចាប់ផ្តើមដោយមានកិច្ចសហការពីក្រសួងបរិស្ថាន និងសភាពាណិជ្ជកម្ម ដោយមានផ្នែកគ្រប់គ្រងស៊ីម៉ងត៍ និងកាកសំណល់ ក្នុងចំណោមបេក្ខភាពផ្សេងៗទៀតដែលត្រូវចូលរួម។
ការគណនាការបំភាយឧស្ម័ននៅក្នុងប្រទេសហ្វីលីពីនទំនងជាផ្អែកទៅលើទិន្នន័យ ដែលរួមមានអគ្គិសនី និងការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ក៏ដូចជាបរិមាណផលិតកម្ម។ មេតានពីកាកសំណល់នឹងត្រូវធ្វើការប៉ាន់ប្រមាណ។
ដំណើរការនៃការជ្រើសរើសបេក្ខភាពឧស្សាហកម្ម ក៏កំពុងដំណើរការនៅក្នុងប្រទេសវៀតណាម និងថៃផងដែរ។
គម្រោងនៃគំនិតផ្តួចផ្តើមនេះនឹងត្រូវបានរៀបចំឡើងក្នុងរយៈពេលមួយខែ ហើយនឹងត្រូវប្រកាសនៅឯកិច្ចប្រជុំកំពូលអាកាសធាតុ COP26 ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះដោយចក្រភពអង់គ្លេសចាប់ពីថ្ងៃទី៣១ ខែតុលាខាងមុខនេះ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង