កម្មវិធីស្បៀងអាហារពិភពលោក ចាប់ផ្តើមផ្តល់សាច់ប្រាក់ដល់ពលរដ្ឋក្រីក្រនៅបន្ទាយមានជ័យក្នុងការឆ្លើយតបបន្ទាន់គ្រោះទឹកជំនន់

ខេត្តបន្ទាយមានជ័យ៖ កម្មវិធីផ្តល់សាច់ប្រាក់សម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់របស់កម្មវិធីស្បៀងអាហារពិភពលោក(WFP) បានចាប់ផ្តើមហើយនៅខេត្តបន្ទាយមានជ័យ ជំនួយមនុស្សធម៌នោះបានការឧបត្ថម្ភពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិអាល្លឺម៉ង់តាមរយៈGIZ និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក(USAID) ក្នុងពីធីបើកដំណើរការនោះ ធ្វើនៅផ្លូវជាតិលេខ៥ វាងក្រុង នាឃុំបត់ត្រង់ស្រុកមង្គលបូរី កាលពីព្រឹកថ្ងៃទី១៩តុលា២០២១ ដោយអញ្ជើញជាអធិបតីដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកស្រី ក្លែ ខន់នែន (Mrs Claire Conan) តំណាងប្រចាំកម្ពុជានៃកម្មវិធីស្បៀងអាហារពិភព(WFP) លោក គឹម វីរៈ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) លោក ង៉ែត ចាន់ថុន តំណាងលោកទេសរដ្ឋមន្ត្រី គន់ គីម ព្រមទាំងចូលរួមដោយមន្ត្រី ក្រុមការងារនិងពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៨៦គ្រសារ មកពីឃុំបត់ត្រង់ ស្រុកមង្គលបូរី ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីអោយដឹងថា ស្រុកមង្គលបូរីរងគ្រោះដោយទឹកជំនន់ស្ទើររាល់ឆ្នាំ ហើយឆ្នាំនេះ នៅផ្នែកនៃ ៦៦ភូមិ លើទាំង១៣ឃុំ នៃស្រុក បានរងគ្រោះដោយទឹកជំនន់និងជំនន់ទឹកភ្លៀងជាថ្មី ដែលប៉ះពាល់សរុប ២ ៨២១គ្រួសារ/ខ្នងផ្ទះ មនុស្សរាយ ១៣ ០៩៧នាក់/ស្រី ៦ ៥៧៣នាក់ ស្លាប់ ៣នាក់ ក្នុងនោះបានជម្លៀសមកទីទួលសុវត្ថិភាព ៣០៩គ្រួសារ មនុស្សរាយ ១ ២៦ផនាក់/ស្ត្រី ៥៩៧នាក់ កុមារ ៣១៣នាក់ ។

ប៉ះពាល់ដំណាំស្រូវ ៨.១៩៥ហិចតា ដំណាំរួមផ្សំ ២៨ហិចតា សត្វពាហនៈ ១៦១ក្បាល សាលារៀន១៦ វត្ត៣ មណ្ឌលសុខភាព១ និងទឹកហូរកាត់ផ្លូវ១៣១ខ្សែ ប្រវែង ៧៤ ៥៣០ម៉ែត្រ ។ ក្នុងនោះពលរដ្ឋរងគ្រោះ បានទទួលជំនួយសង្គ្រោះគ្រប់ផ្នែក និងស្បៀងអាហារជាបន្តបន្ទាប់ ។ លោកស្រី ក្លែរ ខន់ណែន (Mrs Claire Conan) ប្រធានកម្មវិធីស្បៀងអាហារពិភពលោក(WFP)ប្រចាំកម្ពុជា មានប្រសាសន៍ថា កម្មវិធីស្បៀងអាហារពិភពលោក(WFP) នៃអង្គការសហប្រជាជាតិ បានប្រតិបត្តិការ ៤០ឆ្នាំហើយនៅកម្ពុជា ដោយផ្តោតលើការផ្តល់សុវត្ថិភាពស្បៀងអាហារដល់ពលរដ្ឋ ។

សម្រាប់ឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ នៅបណ្តាឆ្នាំចុងក្រោយនេះ កម្មវិធីបានស្ថាបនាទីទួលសុវត្ថិភាព៦ បានកសាងប្រព័ន្ធសម្រាប់រាយការណ៍ពីគ្រោះអាសន្ន បានសហការជាមួយអាជ្ញាធររាជរដ្ឋាភិបាលកម្ពុជាលើគម្រោងផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រនិងពលរដ្ឋរងគ្រោះ។

លោកស្រី ក្លែរ បានថ្លែងបន្តថា៖ ពីរឆ្នាំមកនេះ ដោយទទួលមូលនិធីពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិអាល្លឺម៉ង់តាមរយៈGIZ និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក(USAID) កម្មវិធីបានផ្តល់សាច់ប្រាក់សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់នៅខេត្តមួយចំនួន ។ លោកស្រីបន្តថា៖ ដោយឡែកនៅខេត្តបន្ទាយមានជ័យ កម្មវិធីបានសហប្រតិបត្តិការជាមួយគណៈ:កម្មាធិការជាតិគ្រប់គ្រប់គ្រងគ្រោះមហន្តរាយ(NCDM) និងអាជ្ញាធរខេត្ត ហើយអោយដៃគូក្នុងការចុះសម្ភាស ស្រង់ទិន្នន័យ បង្កើតគណនីជូនពលរដ្ឋក្រីក្រ រងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់ រងផលប៉ះពាល់ពីការីករាលដាលនៃជម្ងឺកូវីដ១៩ មួយចំនួន នៅ ៣០០ភូមិ ៦៥ឃុំ.សង្កាត់ នៃ ៩ស្រុកក្រុងក្នុងខេត្ត នឹងចាប់ផ្តើមផ្ទេរជាសាច់ប្រាក់ចូលគណនីពលរដ្ឋពីថ្ងៃនេះតទៅ ដើម្បីសម្រួលជីវភាពបងប្អូនក្នុងរយៈពេលខ្លីក្នុងអំឡុងពេលដែលជួបការលំបាក អាចប្រកបរបររកស៊ីឬរកចំណូលដូចធម្មតាបាន ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណ:កម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍ថា៖ ពលរដ្ឋកម្ពុជា ដោយឡែកក្នុងខេត្តនេះ បានរងគ្រោះទ្វេរគ្រោះពីផលប៉ះពាល់នៃការរីករាលដាលជម្ងឺកូវីដ១៩ និងបន្តរងគ្រោះដោយទឹកជំនន់ទៀត។ ប៉ុន្តែ ជាការឆ្លើយតប ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន និងក្រសួង ស្ថាប័ន អាជ្ញាធរ មន្ត្រី កងកម្លាំងទាំង៣ ក្រុមការងារបានយកចិត្តទុកដាក់ ដោះស្រាយយ៉ាងមានប្រសិទ្ធភាទាំងលើការបង្ការទប់ស្កាត់ការឆ្លង ការចាក់វ៉ាក់សាំងស្រោច ការពិនិត្យថែទាំ ព្យាបាល និងការផ្តល់ម្ហូបអាហារដល់អ្នករងផលប៉ះពាល់និងអ្នកជម្ងឺ ។

ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា៖ ចំពោះគ្រោះមហន្តរាយទឹកជំនន់ដែលបង្ក មកពីបម្រែបម្រួលអាកាសធាតុ ខេត្តនេះក៏បានរងគ្រោះស្ទើររាល់ឆ្នាំ ។ លោកអភិបាលខេត្តបន្តថា៖ បញ្ហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានយកយកចិត្តទុកដាក់កាន់តែខ្លាំង និងបន្ទាន់ ហើយបានចាត់ឲ្យលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណ:កម្មាធិការជាតិគ្រប់គ្រប់គ្រោះមហន្តរាយនិងមន្ត្រិចុះមកប្រចាំការ ហើយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច គ្រូពេទ្យ កងទ័ព កងរាជអាវុធហត្ថ កងនគរបាល ក្រុមការងារនានាដើម្បីឆ្លើយតប សង្គ្រោះ ដោះស្រាយ ក្នុងនោះក៏បានទទួលស្បៀងអាហារពីសម្តេចតេជោនៃរាជរដ្ឋាភិបាលនិងប្រភពនានាមកផ្តល់ជូនពលរដ្ឋ ដោយគ្មាននរណាម្នាក់ អត់ស្បៀងអាហារឡើយ ។

ទោះយ៉ាងណា រដ្ឋបាលខេត្តមានក្តីរីករាយ ថ្លែងអំណរគុណ និងសហប្រតិបត្តិដ៏កក់ក្តៅជាមួយកម្មវិធីស្បៀងអាហារពិភពលោក ដលបានរួមចំណែក គិតគូរបន្ថែមក្នុងការជ្រើសរើសពលរដ្ឋក្រីក្រនិងរងគ្រោះដោយផលប៉ះពាល់នៃជម្ងឺកូវីដ១៩ ពិសេសគឺរងគ្រោះដោយទឹកជំនន់ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដើម្បីបានទទួលជំនួយជាសាច់ប្រាក់ចាប់ពីពេលនេះតទៅ៕ អរគុណសន្តិភាព








