ត្រីរាជ ជាត្រីទី២ ប្រភេទត្រីទឹកសាបដ៏ធំបំផុតមួយ និងជាប្រភេទសត្វដ៏កម្រ និងជាសត្វប្រឈមនឹងការផុតពូជ ដែលទាមទារឱ្យមានការចូលរួមការពារ និងអភិរក្សឱ្យនៅគង់វង្សយូអង្វែង
ត្រីរាជ ជាត្រីប្រភេទត្រីទឹកសាបដ៏ធំបំផុតមួយ និងជាប្រភេទសត្វដ៏កម្រ និងជាសត្វប្រឈមនឹងការផុតពូជ ដែលទាមទារឱ្យមានការចូលរួមការពារ និងអភិរក្សឱ្យនៅគង់វង្សយូអង្វែង ។ តាមរយ:ផេកហ្វេកប៊ុកផ្លូវការរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា ត្រីរាជ ស្ថិតក្នុង បញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការ សហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN ហើយត្រីនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ របស់អនុសញ្ញាសាយតេស (CITES)ផងដែរ ដែលហាមដាច់ខាតការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនផ្សេងៗ ។
ឯកឧត្តមបន្តថា ត្រីរាជ ត្រូវបានហាមឃាត់ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនតាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ តាមរយៈក្រម នេសាទលេខ ៨០ នស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦ និងបច្ចុប្បន្នតាមរយៈអនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា (ទឹកសាប) ។ គិតមកដល់ពេលនេះ ក្នុងចំណោមត្រីធំៗបំផុត ទាំង ៣ប្រភេទ គឺទី១ ត្រីបបែលយក្ស ទី២ ត្រីរាជ និងទី៣ ត្រីគល់រាំង ។
ឯកឧត្តមបន្តទៀតថា ត្រីរាជជាប្រភេទត្រីទឹកសាបដែលធំបំផុតមួយ ហើយគេសន្មតថា ត្រីនេះធំជាងត្រីបបែលយក្ស និងត្រីគល់រាំង ទៅទៀត ។ ត្រីរាជអាចមានប្រវែងរហូតដល់ ៣ម៉ែត្រ និងមានទម្ងន់ប្រមាណ ៣០០គីឡូក្រាម ។ ត្រីរាជស្ថិតក្នុងក្រុមត្រីដែលពុំមានស្រកី មានស្បែករលោង មានពុកមាត់ខ្លី០២គូ និងមានព្រុយខ្នងច្បាស់ និងមានទ្រនុងរឹងចំនួន០៧ ព្រុយខ្លាញ់តូច ព្រុយគូទវែងមិនជាប់ជាមួយ កន្ទុយ និងមានមាត់នៅខាងក្រោម ហើយវាអាចរស់បានរហូតដល់អាយុ៦០ឆ្នាំ និងជាប្រភេទត្រីដែលធំលូតលាស់លឿនបំផុត គឺក្នុង១ឆ្នាំ អាចឡើងទម្ងន់ជាង១០គីឡូក្រាម ។ ឯកឧត្តមបានបន្ថែមថា ត្រីរាជចូលចិត្តរស់នៅតាមទន្លេសាប បឹងទន្លេសាប និងតំបន់មេគង្គលើ ជាពិសេសតាមអន្លង់នៅក្នុងទន្លេមេគង្គ នៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ហើយជាប្រភេទត្រីធ្វើចរាចររយៈចម្ងាយឆ្ងាយ ។
ត្រីរាជតែងតែត្រូវចាប់បានជារឿយៗ នៅតាម គន្លងដាយត្រីនៅទន្លេសាប ហើយការចាប់បាននេះ គឺនៅពេលដែលវាធ្វើចរាចរចេញពីបឹងទន្លេសាប នៅខែតុលា ទៅរកកន្លែងពងកូន និងលាក់ខ្លួននៅតាមអន្លង់ជ្រៅៗ តាមដងទន្លេមេគង្គលើ ។ ពេលពេញវ័យ វាអាចបន្តពូជបាន នៅពេលមានអាយុចាប់ពី ០៦ ទៅ ០៨ឆ្នាំ ហើយពួកវាពងកូនចាប់ពីខែមិថុនា ទៅដល់ខែកក្កដា នៅបឹងទន្លេសាប ហើយកូនត្រីរាជពេលកើតដំបូងមានប្រវែង ១២ ទៅ ១៥ សង់ទីម៉ែត្រ ។ សូមបញ្ជាក់ថាតាមរបាយការណ៍ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ គេបានប្រទះឃើញត្រីរាជមួយក្បាលដែលមានទម្ងន់ជិត ៣០០ គីឡូក្រាម និងមានប្រវែង២,៧៤ម៉ែត្រ ដែលចូលដាយត្រី។ ត្រីរាជនេះត្រូវបានបំពាក់ឧបករណ៍តាមដាន និងបានព្រលែងចូលទៅក្នុងទន្លេវិញ ៕ អរគុណសន្តិភាព