ឯកឧត្តម ឃួង ស្រេង ណែនាំឲ្យអាជ្ញាធរខណ្ឌទាំងអស់ជួយការពារឲ្យបាននូវការវាយកម្ទេចនិងបំផ្លាញ សំណង់អគារបេតិកភណ្ឌនៅក្នុងមូលដ្ឋាន
ភ្នំពេញ៖ ការណែនាំបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំឲ្យអាជ្ញាធរខណ្ឌទាំងអស់ការពារឲ្យបាននូវការវាយកម្ទេចនិងបំផ្លាញ សំណង់អគារបេតិកភណ្ឌនៅក្នុងមូលដ្ឋានរបស់ខ្លួន ខណៈដែលសំណង់អគារបេតិកភណ្ឌទាំងនេះ ត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អាជ្ញាធរក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តឱ្យបាន នូវសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់ការវាយកម្ទេចនឹងការបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា ក្រោយកិច្ចប្រជុំនេះ អាជ្ញាធរនឹងបង្កើតឲ្យមានក្រុមការងារមួយ ចុះពិនិត្យនិងស្រង់ស្ថិតិ អគារបេតិកភណ្ឌដែលមាននៅក្នុងរាជធានីភ្នំពេញទាំងអស់ ។ ក្រោយមកទៀតត្រូវប្រគល់អគារបេតិកភណ្ឌទាំងនោះ ទៅឲ្យអាជ្ញាធរខណ្ឌធ្វើការគ្រប់គ្រងបន្ត។ ការធ្វើបែបនេះ ទើបអាចរក្សាអគារបេតិកភណ្ឌទាំងនេះបានគង់វង្ស។
បើយោងតាមសារាចរលេខ ០៨ សរ ចុះថ្ងៃទី១២ ខែតុលា របស់រាជរដ្ឋាភិបាលស្តីពីការ ទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ មានន័យថា៖ ដើម្បីឲ្យការងារអភិរក្សតំបន់បេតិកភណ្ឌទីក្រុង ដែលមានសំណង់អគារសាសនាផ្សេងៗ សំណង់សាធារណៈ សំណង់ឯកជន ភូមិឋាន និងផ្ទះបុរាណ ស្របតាមច្បាប់ស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដែល ប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៦ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦ រាជរដ្ឋាភិបាលបានហាមឃាត់ចំពោះការកែប្រែ ការប្ដូររូបរាងខាងក្រៅ ឬធ្វើឲ្យខូចខាតសោភ័ណ ភាពចំពោះសំណង់នៃតំបន់បេតិកភណ្ឌទីក្រុង។ ទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់បុរាណ និងសំណង់ អគារបេតិកភណ្ឌ ដើម្បីការពារឲ្យបានគង់វង្ស។
ឯកឧត្តម ឃួង ស្រេង បានសង្កត់ធ្ងន់ថា ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារនិងក្រៅតំបន់ការពារដោយផ្ដោតលើយុទ្ធសាស្ត្រ គោលនយោបាយ និងផែនទីចង្អុលបង្ហាញ ដើម្បីជំរុញការអភិរក្សនិងការអភិវឌ្ឍទីក្រុងបេតិកភណ្ឌប្រកបដោយនិរន្តរភាព ចំពោះសំណង់អគារបេតិកភណ្ឌដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន ៕ អរគុណសន្តិភាព