កិច្ចពិគ្រោះយោបល់អំពីប្រទេសអាហ្វហ្គានីស្ថានធ្វើឡើងនៅទីក្រុងមូស្គូ
បរទេស៖ អ្នកឆ្លើយឆ្លងព័ត៌មាន TASS បានរាយការណ៍ថា ជុំទី៣ នៃកិច្ចពិគ្រោះយោបល់ទីក្រុងមូស្គូស្តីពីប្រទេសអាហ្វហ្គានីស្ថាន បានចាប់ផ្តើមហើយនៅឯសណ្ឋាគារប្រេស៊ីដង់នៅក្នុងរដ្ឋធានីរបស់ប្រទេសរុស្ស៊ី។
កិច្ចពិភាក្សានេះមានការចូលរួមពីអ្នកតំណាងមកប្រទេសចំនួន ១០ ក្នុងតំបន់ ក៏ដូចជាគណៈប្រតិភូជាន់ខ្ពស់នៃក្រុមចលនាតាលីបង់ (ក្រុមខុសច្បាប់នៅប្រទេសរុស្ស៊ី)។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានថ្លែងសុន្ទរកដាទៅកាន់អ្នកចូលរួមនៅពេលចាប់ផ្តើមកិច្ចប្រជុំនោះ។
កិច្ចពិគ្រោះយោបល់ទីក្រុងមូស្គូត្រូវបានចាប់ផ្តើមឡើងកាលពីក្នុងឆ្នាំ២០១៧ ដោយផ្អែកទៅលើយន្តការ ៦ភាគីដែលពាក់ព័ន្ធនឹងបេសកជនពិសេសរបស់រុស្ស៊ី អាហ្វហ្កានីស្ថាន ឥណ្ឌា អ៊ីរ៉ង់ ចិន និងប៉ាគីស្ថាន។ កិច្ចពិគ្រោះយោបល់ជុំទី១ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ដែលមានការចូលរួមពីប្រទេសរុស្ស៊ី អាហ្វហ្គានីស្ថាន ឥណ្ឌា អ៊ីរ៉ង់ កាហ្សាក់ស្ថាន កៀហ្ស៊ីស្ថាន ប៉ាគីស្ថាន តាជីគីស្ថាន តួកមេនីស្ថាន និងអ៊ូបេគីស្ថាន។ គោលដៅចម្បង គឺដើម្បីជួយសម្រួលដល់ដំណើរការផ្សះផ្សារជាតិនៅអាហ្វហ្គានីស្ថាន និងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតសន្តិភាពនៅក្នុងប្រទេសនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ (ប្រភព TASS) by AKP