អង្គការសហប្រជាជាតិទំនងជាអនុម័តសន្ធិសញ្ញាស្តីពីឧក្រិដ្ឋកម្មសាយប័រនៅក្នុងឆ្នាំ២០២៣
បរទេស៖ ប្រធាននៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើកទី៧៦ លោក Abdulla Shahid បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា មហាសន្និបាតអង្គការសហប្រជាជាតិគ្រោងនឹងអនុម័តសន្ធិសញ្ញាស្តីពីឧក្រិដ្ឋកម្មសាយប័រនៅក្នុងឆ្នាំ២០២៣។
ប្រធាន UNGA រូបនេះបានកត់សម្គាល់ថា «សេចក្តីព្រាងនៃអនុសញ្ញានេះនឹងត្រូវបញ្ជូនទៅសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតនៅក្នុងឆ្នាំ២០២៣។ ខ្ញុំគិតថា បណ្តាប្រទេសនានាគួរតែរួមគ្នាពិភាក្សាដោយស្មោះត្រង់អំពីអ្វីដែលត្រូវធ្វើ ដើម្បីឱ្យអនុសញ្ញានេះបញ្ចប់រួចរាល់ ដើម្បីឱ្យអនុសញ្ញានេះបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការអនុម័តនៅក្នុងឆ្នាំ២០២៣ ដូច្នេះយើងនឹងមានស្តង់ដារ និងច្បាប់អន្តរជាតិដើម្បីគ្រប់គ្រងវិស័យដ៏សំខាន់មួយនេះ»។
លោក Shahid បានចង្អុលបង្ហាញថា ការគំរាមកំហែងសាយប័របានបង្កជាបញ្ហាប្រឈមដ៏ធំមួយចំពោះសន្តិសុខជាតិរបស់ប្រទេសនានានៅទូទាំងពិភពលោក។ លោកបានកត់សម្គាល់ថា «រាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ត្រូវធ្វើឡើងដើម្បីនាំយកប្រទេសនានាមករួមធ្វើការជាមួយគ្នា»។
ក្នុងចំណោមការគំរាមកំហែងផ្សេងៗទៀតចំពោះសន្តិភាព និងសន្តិសុខពិភពលោក ប្រធាន UNGA បានលើកឡើងអំពីអំពើភេរវកម្ម។ លោក Shahid បាននិយាយថា «ដូចជាជំងឺរាតត្បាតដែរ អំពើភេរវកម្មមិនមានព្រំដែននោះទេ។ វាមិនមានអ្វីទាក់ទងនឹងសាសនាទេ។ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តយុទ្ធសាស្ត្រប្រឆាំងនឹងអំពើភេរវកម្មជាសកលនៅក្នុងឆ្នាំ២០០៦ ដែលត្រូវពិនិត្យមើលឡើងវិញរៀងរាល់ពីរឆ្នាំម្តង។ វាមានសារៈសំខាន់ណាស់ដែលប្រទេសទាំងអស់អនុវត្តយុទ្ធសាស្ត្រនេះទៅក្នុងផែនការជាតិ»៕ (ប្រភព TASS) by AKP