សន្តិភាពពេញលេញ ដែលជាគោលដៅចំបងបំផុត នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនត្រូវបានសម្រេចនោះឡើយ នៅពេល UNTAC បានចាកចេញពីកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទស និងសហប្រត្តិការអន្តជាតិ មានប្រសាសន៍ថា សន្តិភាពពេញលេញ ដែលជាគោលដៅចំបងបំផុត នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនត្រូវបានសម្រេចនោះឡើយ នៅពេលដែល UNTAC (អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា) បានចាកចេញពីកម្ពុជា ដោយបន្សល់ទុកនូវតំបន់ត្រួតត្រា២ និងរដ្ឋាភិបាល២។
ក្នុងពិធីប្រារព្ធខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព ដែលមានការចូលរួមពីសំណាក់សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងអង្គទូតនៃបណ្ដាប្រទេសជាមិត្តនានាជាច្រើនរូបនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍រំម្លឹកថា រដ្ឋធម្មនុញ្ញថ្មីមួយ ដែលបានបញ្ចូលគោលការណ៍ទាំងឡាយដែលមានចែងក្នុង ឧបសម្ព័ន្ធ៥ នៃកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជានោះ ត្រូវបានអនុម័ត។ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះអង្គទ្រង់ក៏បានឡើងគ្រងរាជ្យសម្បត្តិ រីឯ UNTAC ក៏បានបញ្ចប់បេសកកម្មរបស់ខ្លួន ជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ ប៉ុន្តែជាមួយលទ្ធផលវិជ្ជមានជាច្រើនដែលសម្រេចបាននោះ UNTAC បានចាកចេញពីកម្ពុជា ដោយមិនបានសម្រេចបេសកកម្មរបស់ខ្លួនទាំងស្រុងនោះទេ។ សន្តិភាពពេញលេញ ដែលជាគោលដៅចំបងបំផុតនៃកិច្ចព្រមព្រៀង មិនត្រូវបានសម្រេចនោះឡើយ។ UNTAC បានចាកចេញពីកម្ពុជា ដោយបន្សល់ទុកនូវតំបន់ត្រួតត្រា ២ និងរដ្ឋាភិបាល២ ។
ឯកឧត្ដមបន្តថា កម្ពុជាបានស្ថិតនៅក្នុងស្ថានភាពស្បែកខ្លា ដូចការពណ៌នារបស់ សម្តេចតេជោ ដោយមានតំបន់គ្រប់គ្រងដោយខ្មែរក្រហម ហើយជម្លោះប្រដាប់អាវុធ និងអសន្តិសុខនៅបន្តមាននៅក្នុងប្រទេស។ នេះក៏ដោយសារតែ «ភាគីកម្ពុជាប្រជាធិបតេយ្យ» ដែលជាភាគីមួយនៃកិច្ចព្រមព្រៀងក្រុងប៉ារីសនោះ បានបោះបង់ចោលនូវការសន្យា និងកាតព្វកិច្ចនានារបស់ខ្លួនជាភាគីហត្ថលេខី។ ប្រការនេះហើយដែលនាំឱ្យប៉ះពាល់ដល់លក្ខណៈ«រួម» នៃដំណោះស្រាយនយោបាយ ហើយធ្វើឱ្យគោលដៅដ៏សំខាន់មួយចំនួនរបស់កិច្ចព្រមព្រៀងមិនត្រូវបានសម្រេច។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា គ្រានោះ នរណាក៏ដឹងដែរថា សម្តេច ហ៊ុន សែន ហើយសម្តេចក្នុងឋានៈជាអ្នកដឹកនាំតែម្នាក់គត់ ជាអ្នកនាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី នៅចុងឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះ។ សម្តេចជាអ្នកបានបញ្ចប់នូវចលនានយោបាយ និងយោធារបស់ខ្មែរក្រហម ដែលទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាជនកម្ពុជាជាង ២លាននាក់ និងការបំផ្លាញដល់ឬសគល់រចនាសម្ព័ន្ធសង្គមជាតិទាំងមូល កាលពួកគេគ្រប់គ្រងអំណាច។ នយោបាយឈ្នះ-ឈ្នះ បានសម្រេចនូវគោលដៅសន្តិភាព និងការផ្សះផ្សាជាតិ ដែលស្ថិតក្នុងបេះដូងនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយដែល UNTAC មិនអាចសម្រេចបាន។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា រយៈពេល ៣០ឆ្នាំកន្លងផុតទៅនេះ ជារយៈពេលគ្រប់គ្រាន់សម្រាប់ធ្វើការវាយតម្លៃដ៏ត្រឹមត្រូវមួយអំពីមេរៀនទាំងឡាយ នៃដំណាក់កាលប្រវត្តិសាស្រ្តរបស់កម្ពុជាយើង។ មិនមានការសង្ស័យណាមួយទេដែលថា កិច្ចព្រមព្រៀងក្រុងប៉ារីសគឺជារបត់ដ៏សំខាន់ និងវិជ្ជមានមួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាយើង។ ជាលទ្ធផលនៃកិច្ចព្រមព្រៀងនេះ ប្រទេសកម្ពុជាបានភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិឡើងវិញ រដ្ឋាភិបាលដែលបានកើតចេញពីការបោះឆ្នោតដែលរៀបចំឡើងដោយ UNTAC ក៏បានកាន់កាប់អាសនៈរបស់ខ្លួននៅអង្គការសហប្រជាជាតិ។ ទណ្ឌកម្មសេដ្ឋកិច្ចដែលត្រូវបានដាក់រយៈពេល១២ឆ្នាំមកលើប្រជាជនកម្ពុជា ដែលទើបរួចផុតពីការស្លាប់ដោយរបបកម្ពុជាប្រជាធិបតេយ្យ ហើយបែរឱ្យមកទទួលរងនូវការបិទផ្លូវសម្រាប់សិទ្ធិមូលដ្ឋាននានា ពោលគឺ សិទ្ធិទទួលអាហារ សិទ្ធិទទួលសេវាសុខាភិបាល អប់រំ វប្បធម៌ ការអភិវឌ្ឍ ការរស់រានដោយសន្តិភាព ។ល។ ទណ្ឌកម្មនោះត្រូវបានបញ្ចប់ជាស្ថាពរ៕ by AKP អរគុណសន្តិភាព