តថភាពប្រវត្តិសាស្ត្រ នៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស សម្រេចទៅបានអាស្រ័យដោយគំនិតឆន្ទៈ និងទឹកចិត្តស្នេហាជាតិពិតប្រាកដរបស់មហារដ្ឋបុរស មួយអង្គ និងមួយរូប

ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទស និងសហប្រត្តិការអន្តជាតិបានថ្លែងថា តថភាពប្រវត្តិសាស្ត្រមួយ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រចទៅបាន អាស្រ័យដោយគំនិតឆន្ទៈ និងទឹកចិត្តស្នេហាជាតិពិតប្រាកដរបស់មហារដ្ឋបុរសមួយអង្គ និងមួយរូប នោះគឺ ព្រះបរមរតនៈកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និង សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុងពិធីប្រារព្ធខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០២១ នៅវិមានសន្តិភាព ដែលមានការចូលរួមពីសំណាក់សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងអង្គទូតនៃបណ្ដាប្រទេសជាមិត្តនានាជាច្រើនរូបនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា បានថ្លែងរម្លឹកថា ចាប់ពីទទួលបានតំណែងជានាយករដ្ឋមន្ត្រីភ្លាម សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា « មិនមានដំណោះស្រាយតាមផ្លូវយោធាឡើយ ចំពោះជម្លោះនៅកម្ពុជា។

មានតែការចរចា និងដំណោះស្រាយនយោបាយ រវាងខ្មែរ និងខ្មែរប៉ុណ្ណោះ ដែលអាចនាំមកនូវសន្តិភាពសម្រាប់កម្ពុជា»។ គឺក្នុងស្មារតីនេះហើយ ដែលសម្តេចតេជោបានដាក់ចេញនាខែតុលា ឆ្នាំ១៩៨៧ នូវសេចក្តីប្រកាស ៥ចំណុច ដើម្បីដោះស្រាយបញ្ហាកម្ពុជានោះគឺ ៖
១- រៀបចំជំនួប សីហនុ-ហ៊ុន សែន។
២- ការដកទាំងស្រុងនូវកងទ័ពវៀតណាម ទន្ទឹមពេលនឹងការបញ្ឈប់រាល់ជំនួយ និង ការគាំទ្រទាំងអស់ដល់កងកម្លាំងនៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ។
៣- ការរៀបចំការបោះឆ្នោតដោយមានអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលអនុវត្តន៍នយោបាយអព្យាក្រឹត្យ និង មិនចូលបក្សសម្ព័ន្ធ។
៤- ចរចាជាមួយនឹងប្រទេសថៃ ដើម្បីកំណត់ព្រំដែនមួយប្រកបដោយសុវត្ថិភាព និងសន្តិភាព និង រៀបចំមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តនៃជនភៀសខ្លួន។
៥- រៀបចំសន្និសីទអន្តរជាតិមួយ ដើម្បីផ្តល់ការធានាដល់កិច្ចព្រមព្រៀងដែលនឹងសម្រេចបានជាមួយនឹងការចូលរួមពីរដ្ឋាភិបាលទាំងពីរ(រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ និងសាធារណរដ្ឋប្រជាមានិតកម្ពុជា) សមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសវៀតណាម ឥណ្ឌា និងប្រទេសដទៃទៀត។ សម្តេច ហ៊ុន សែន គឺជាអ្នកដែលមានបំណងមុនគេក្នុងការជួបជាមួយសម្តេចព្រះ សីហនុ ហើយគោលនយោបាយខាងលើនេះហើយ ដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចរចាស្វែងរកសន្តិភាព។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលើកឡើង ពីជំនួបលើកដំបូងដែលហៅថា ជំនួប សីហនុ-ហ៊ុន សែន បានកើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ Fère-en-Tardenois ប្រទេសបារាំង ដែលជំនួបនេះបានបើកផ្លូវដល់ដំណើរការចរចាពិតប្រាកដ ឆ្ពោះទៅរកដំណោះស្រាយនយោបាយជាស្ថាពរ តាមរយៈនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា ដែលមានអាយុ៣០ឆ្នាំគត់ នៅថ្ងៃនេះ។ ជាការពិតប្រទេសជាច្រើនបានជួយជ្រោមជ្រែងក្នុងអំឡុងពេលនៃដំណើរការចរចាអស់កាលជិត៤ឆ្នាំ តែក៏មានប្រទេសខ្លះបានជួយយើងច្រើនជាងប្រទេសខ្លះទៀតដែរ។ បារាំង និងឥណ្ឌូនេស៊ី ក្នុងឋានៈជាសហប្រធានសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា បានដើរតួនាទីដ៏សំខាន់ជាងគេ ដោយការចរចាភាគច្រើនប្រព្រឹត្តទៅនៅប្រទេសទាំងពីរនេះ។ ជាងនេះទៀតកម្ពុជា ក៏មិនភ្លេចតួនាទីរបស់អូស្រ្តាលីឡើយ ដែលបាននាំមកនូវគំនិតថ្មី ស្តីពីការប្រគល់ជូនអង្គការសហប្រជាជាតិនូវការគ្រប់គ្រងប្រទេស​​កម្ពុជាជាបណ្តោះអាសន្ន ក្នុងដំណាក់កាលអន្តរកាល តាមរយៈ «សៀវភៅក្រហម» (Red Book)​។ បារាំង និងជប៉ុន មានចំណុចដូចគ្នាត្រង់ថា ជាមួយនឹងវិភាគទានដល់ការស្វែងរកនូវការព្រមព្រៀងគ្នារវាងភាគីពាក់ព័ន្ធនោះ ប្រទេសទាំងពីរបានបន្តជួយកម្ពុជាក្នុងការស្តារសេដ្ឋកិច្ច-សង្គម និងគាំទ្រដល់កិច្ចខិតខំនានា ក្នុងការអភិវឌ្ឍប្រទេសរហូតមកដល់សព្វថ្ងៃនេះ។ ប្រទេសថៃជាប់ភូមិផងរបងជាមួយកម្ពុជាក៏បានរួមចំណែកដ៏សំខាន់ដែរ ទាំងនៅក្នុងដំណើការចរចា ទាំងក្នុងប្រតិបត្តិការដ៏សម្បើមមួយរបស់អង្គការសហប្រជាជាតិ ក្នុងការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនកម្ពុជាចំនួន ៣៧០ ០០០នាក់ ពីទឹកដីថៃមកកម្ពុជាវិញ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសម្ដែងនូវការដឹងគុណរបស់កម្ពុជា ចំពោះរដ្ឋាភិបាលផ្សេងទៀតដែលបានជួយរួមវិភាគទាន តាមលទ្ធភាពរៀងៗខ្លួនដល់ការបញ្ចប់ជម្លោះ និងកសាងប្រទេសដូចសព្វ​ថ្ងៃ និងការដឹងគុណដល់ប្រទេសវៀតណាម ដែលតាមរយៈការបញ្ជូនកងទ័ពស្ម័គ្រចិត្តរបស់ខ្លួន បានជួយរំដោះកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយតាមរយៈការដកកងទ័ពទាំងស្រុងរបស់ខ្លួនពីកម្ពុជានៅឆ្នាំ១៩៨៩ បានបើកផ្លូវដល់ដំណើរទៅមុខនៃការចរចាដែលពេលនោះត្រូវជាប់គាំងលើបញ្ហា​​អនាគតរបស់ខ្មែរក្រហម និងវត្តមានកងទ័ពបរទេស៕ by AKP អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង