នីតិវិធីប្រតិបត្តិស្តង់ដារស្តីពីការធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេស ទទួលបានលទ្ធផលល្អប្រសើរទៅបាន គឺចាំបាច់ត្រូវតែមានការចូលរួមពីអ្នកធ្វើដំណើរនិងប្រជាពលរដ្ឋ

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា នីតិវិធីប្រតិបត្តិស្តង់ដារស្តីពីការធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេស ទទួលបានលទ្ធផលល្អប្រសើរទៅបាន គឺចាំបាច់ត្រូវតែមានការ ចូល​រួមសហការពីប្រជាពលរដ្ឋនិងអ្នកដំណើរមកកម្ពុជា ដើម្បីធានាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ដ៏កាចសាហាវនេះ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេសឡើងវិញជាបណ្តើរៗនិងទៅតាមដំណាក់កាល ជាមួយនឹងភាពប្រយ័ត្នប្រយែងនិងការទទួលខុសត្រូវខ្ពស់តាមបែបគន្លងប្រក្រតីភាពថ្មី ក្រសួងសុខាភិបាលបានដាក់ចេញនីតិវិធីប្រតិបត្តិស្តង់ដារស្តីពីការធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេសតាមគ្រប់ច្រក ដែលទទួល​បានការចាក់វ៉ាក់សាំងដូសមូល​ដ្ឋានបានពេញលេញ ដោយរួមមាន ៖ ការអនុវត្តន៍របបពិសេស ការអនុវត្តន៍របបចត្តាឡីស័កចំនួន៣ថ្ងៃ ការអនុវត្តន៍របបចត្តាឡីស័កចំនួន៧ថ្ងៃ និងម្យ៉ាងទៀត ចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមិន ទាន់បានចាក់វ៉ាក់សាំងគឺត្រូវអនុវត្តរបប​ចត្តា​ឡីស័ក​ចំនួន ១៤ថ្ងៃដដែល ។
លោកជំទាវបានបន្តថា ដើម្បីឱ្យការកែសម្រួលនេះមានប្រសិទ្ធភាព គឺត្រូវតែមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរផ្ទាល់ ជាពិសេសត្រូវចូលរួមគោរពតាមការណែនាំ ក៏ដូចជាវិធានការនានា ដែលបាន ដាក់ចេញដោយរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ។
«យើងត្រូវយល់ថានៅពេលដែលដំណើរការនៃការចាក់វ៉ាក់សាំងកូវីដ១៩ បានស្រោចស្រពទូទាំងប្រទេសសឹងតែ១០០ភាគរយហើយនេះ បើយើងនិយាយក្របខណ្ឌអាយុចាប់ពី១៨ឆ្នាំឡើង គឺនៅខ្វះប្រហែលជា៤ម៉ឺននាក់ទៀតប៉ុណ្ណោះគឺ ១០០ភាគរយហើយ ហើយបើសិនជាយើងមើលក្របខណ្ឌទូទាំងប្រទេសគឺវាបាន ៨៥ភាគរយជាងទៅហើយ អ៊ីចឹងនេះគឺជាតួលេខខ្ពស់មែនទែន ចឹងនេះបានបង្ហាញថាសរីរាង្គរបស់បុគ្គលគឺមានភាពសុំា មានភាពការពារហើយ ហើយភាព សុំានៅក្នុងសង្គមរបស់យើងក៏មានជាបណ្ដើរៗហើយ អញ្ចឹងជំហានរបស់យើងបន្ទាប់ទៀត គឺយើងត្រូវគិតគូរអំពីជីវិតរស់នៅរបស់យើង ពីព្រោះយើងមិនអាចឡុកឬចាក់សោខ្លួនយើង ឱ្យហើយនៅក្នុងកូវីដ១៩ជារៀងរហូតនោះទេ គឺមិនអាចនោះទេ នៅប្រទេស​ណាក៏ដូចប្រទេសណាដែរ ឥឡូវនៅតាមបណ្ដាប្រទេសធំជាងយើង ដែលមានធនធានច្រើនជាងយើង ដែល​​មានឆ្លងកូវីដ១៩ច្រើនជាងយើង ឥឡូវនេះក៏គេជជែកគ្នាអំពីការបើកប្រទេសឡើងវិញហើយដែរ ពី​ព្រោះមិនអាចទ្រាំតទៅទៀតទេ» ។
សូមបញ្ជាក់ថា នីតិវិធីប្រតិបត្តិស្តង់ដារស្តីពីការធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេសដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានបានពេញលេញ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធានាសុវត្ថិភាពសុខភាព សាធារណៈ តាមរយៈការពង្រឹងការអនុវត្តន៍វិធានការសុខាភិបាលឱ្យកាន់​តែ​មាន ប្រសិទ្ធភាព ក៏ដូចជាដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកដំណើរដែល​បានចាក់វ៉ាក់សាំងពេញលេញ ព្រមទាំងបង្កើតនូវកាលានុវត្តភាពទាក់ទាញអ្នកវិនិយោគជាតិនិងអន្តរជាតិ និងដៃគូអភិវឌ្ឍ ដោយបន្តប្រកាន់ខ្ជាប់នូវភាពប្រុងប្រយ័ត្នខ្ពស់ជានិច្ច ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង