ប្រជាពលរដ្ឋចំនួន ៥២នាក់ ក្នុងនោះមានទាំងកុមារចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចនគរបាលវរៈព្រំដែនគោកលេខ៨១៩ សហការទប់ស្កាត់បានក្នុងពេលពួកមេខ្យល់បម្រុងនាំឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់

ខេត្តបាត់ដំបង៖ កាលពីយប់ថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២៣និង០០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការព្រំដែនគោកលេខ៨១៩ បានដឹកនាំកម្លាំងក្នុងអង្គភាពសហការជាមួយកម្លាំងកងយោធពលខេមរ:ភូមិន្ទ ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវ ក្នុងនោះអនុវត្តដោយទប់ស្កាត់ពលករបម្រុងលួចលបឆ្លងដែនដោយមិនស្របច្បាប់ចូលទៅក្នុងទឹកដីថៃមួយករណីនៅចំណុចចំការរំដេង ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ដោយបានឃាត់ខ្លួនពលករបានចំនួន ៥២នាក់ ស្រីចំនួន ២៦នាក់ ក្នុងនោះមានក្មេងៗចំនួន ៨នាក់ផងដែរ។

រហូតដល់ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ក្រោយសាកសួរស្រាវជ្រាវរួចសមត្ថកិច្ចនគរបាលនិងអង្គភាពពាក់ព័ន្ធបានឲ្យធ្វេីកិច្ចសន្យា និងអប់រំណែនាំ ហើយឱ្យពួកគាត់ដែលជាជនរងគ្រោះត្រូវចាញ់បោកមេខ្យល់ បានវិលត្រឡប់ទៅមូលដ្ឋានវិញ ៕ អរគុណសន្តិភាព


