ព្រះករុណា ព្រះមហាក្សត្រ ផ្ញើព្រះរាជសារអបអរសាទរ ជូនលោកជំទាវ CINDY KIRO អគ្គទេសាភិបាលនៃប្រទេសនូវែលហ្សេឡង់
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារអបអរសាទរយ៉ាងកក់ក្តៅ ជូនចំពោះ លោកជំទាវ CINDY KIRO អគ្គទេសាភិបាលនៃប្រទេសនូវែលហ្សេឡង់ ( Governor-General of New Zealand )។

ក្នុងព្រះរាជសារចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជាទទួលបាននៅថ្ងៃនេះ ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ៖ “ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនៃពិធីស្បថចូលកាន់មុខតំណែងរបស់លោកជំទាវ ជាអគ្គទេសាភិបាលនៃប្រទសនូវែលហ្សេឡង់ កាលពីពេលថ្មីៗនេះ ខ្ញុំសូមប្រទាន ជូនលោកជំទាវ នូវការអបអរសាទរដ៏ស្មោះស្ម័គ្រ”។

ព្រះអង្គមានព្រះរាជបន្ទូលផងដែរថា ៖ “ខ្ញុំសូមសម្តែងការពេញចិត្តដែលទំនាក់ទំនងជាមិត្តភាព និងកិច្ច សហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងនូវែលហ្សេឡង់ ទាំងទ្វេភាគី និងក្នុងកម្រិតអាស៊ាន មានការរីកចម្រើនជាលំដាប់។ ខ្ញុំឆ្លៀតយកឱកាសនេះដើម្បីថ្លែងអំណរគុណជាថ្មី ចំពោះការរួមចំណែករបស់ប្រទេសនូវែល សេឡង់ ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស តាមរយៈអាជ្ញាធរបណ្តោះអាសន្ន នៃអង្គការ សហប្រជាតិ នៅកម្ពុជា (UNTAC)។

សូមបញ្ជាក់ថា លោកជំទាវ Cindy Kiro បានក្លាយជាស្ត្រីទីមួយដែលត្រូវបានតែងតាំងជាអគ្គទេសា ភិបាល នៃប្រទេសនូវែលហ្សេឡង់ បន្ទាប់ពីការស្បថចូលកាន់តំណែងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ៕ by AKP
