សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ការរីករាដាលនៃជំងឺកូវីដ-១៩ បានបន្ទុចបង្អាក់ដល់ការអភិវឌ្ឍអាស៊ាន”
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការរីករាដាលនៃជំងឺកូវីដ-១៩ មិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្ទច់បង្អាក់ដល់ការអភិវឌ្ឍអាស៊ានជារួមផងដែរ ។
ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ក្រោមប្រធានបទ «កសាងអនាគតឌីជីថលប្រកបដោយចីរភាពរបស់យើង» តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោមានប្រសាសន៍ថា ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ សេដ្ឋកិច្ចសកលត្រូវបានរំពឹងថា នឹងងើបឡើងវិញជាបណ្ដើរៗ ដែលទ្រទ្រង់ដោយការកើនឡើងជាបន្តបន្ទាប់នូវទំហំពាណិជ្ជកម្មទំនិញ ខណៈពាណិជ្ជកម្មសេវាកម្មក៏មានកំណើនសន្សឹមៗផងដែរ។ នេះបញ្ជាក់ឱ្យឃើញពីប្រសិទ្ធភាពនៃការអនុវត្តវិធានការក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងគោលនយោបាយស្ដារឡើងវិញនៃសង្គម-សេដ្ឋកិច្ច ជាពិសេសការជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជាសកល ដែលជាយុទ្ធសាស្ត្រគន្លឹះក្នុងការស្ដារឡើងវិញនូវទំនុកចិត្តរបស់វិស័យឯកជន សំដៅឈានទៅបើកដំណើរការសកម្មភាពសេដ្ឋកិច្ច និងប្រទេសឡើងវិញ។ សម្ដេចតេជោគូសបញ្ជាក់ថា ជាការពិត វិបត្តិកូវីដ-១៩ បានផ្ដល់ឱ្យយើងនូវបទពិសោធន៍ និងមេរៀនមួយចំនួនយ៉ាងសំខាន់ ដែលយើងចាំបាច់ត្រូវគិតគូររៀបចំបញ្ចូលក្នុងរបៀបវារៈគោលនយោបាយ និងកិច្ចការកែទម្រង់ក្នុងកម្រិតថ្នាក់ជាតិ និងតំបន់។ ក្នុងស្មារតីនេះ អាស៊ានបានដាក់ចេញនិងអនុវត្តន៍នូវគំនិតផ្ដួចផ្ដើមនិងក្របខ័ណ្ឌសំខាន់ៗ រួមមានជាអាទិ៍ ក្របខ័ណ្ឌស្ដារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន ផែនទីបង្ហាញផ្លូវ«ទីក្រុងបានដាស៊េរីបេហ្កាវ៉ាន់» ស្ដីពីរបៀបវារៈការធ្វើបរិវត្តកម្មឌីជីថលអាស៊ាន ក្របខ័ណ្ឌសេដ្ឋកិច្ចវិលជុំសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន និងឧបករណ៍វាស់ស្ទង់ប្រសិទ្ធភាព និងចំណាយលើវិធានការមិនមែនពន្ធជាដើម។ ទន្ទឹមនេះ ការពន្លឿនការធ្វើសមាហរណកម្មតំបន់ និងសកល ក៏ជាកិច្ចការអាទិភាពបំផុតមួយផងដែរ។ ក្នុងការជំរុញការស្ដារ និងជំរុញកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីតួនាទីសំខាន់ៗមួយចំនួនរបស់វិស័យឯកជន ក្នុងការរួមចំណែកសម្រេចឱ្យបាននូវការងារអាទិភាព និងផែនការអាស៊ានឆ្នាំ២០២២ ដែលក្នុងនោះរួមមាន ៖
-ទីមួយៈ ត្រូវទាញផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាន ដែលមានស្រាប់ ជាពិសេសកិច្ចព្រមព្រៀងអាសិប (RCEP) ដែលគ្រោងនឹងចូលជាធរមាននៅដើមឆ្នាំ២០២២ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការវិនិយោគផ្ទាល់ពីបរទេស ដើម្បីបង្កើតការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច។
-ទីពីរៈ ចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ ជាពិសេសការអភិវឌ្ឍជំនាញឌីជីថល ព្រមទាំងការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការសហការចូលរួមជាមួយធុរកិច្ច និងវិនិយោគផ្ទាល់ពីបរទេស ដែលជួយកាត់បន្ថយគម្លាតឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងតំបន់។
-ទីបីៈ លើកកម្ពស់កិច្ចសហការរវាងវិស័យសាធារណៈ និងវិស័យឯកជន ជាពិសេសតាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងគោលបំណងកៀរគរធនធានហិរញ្ញវត្ថុមកប្រើប្រាស់ក្នុងការអភិវឌ្ឍ និងការអនុវត្តគំនិតផ្ដួចផ្ដើមនានា ដើម្បីជួយបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់ការស្ដារឡើងវិញ នូវកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។
សម្ដេចតេជោ ក៏បានថ្លែងប្រាប់អង្គវេទិការដែរថា សម្រាប់កម្ពុជា ក្នុងស្មារតីបុរេសកម្ម សំដៅលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន ក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលប្រកាន់ភ្ជាប់នូវអភិក្រម នៃការប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព តាមរយៈការដាក់ចេញនិងជំរុញការអនុវត្តនូវគោលនយោបាយ និងវិធានការសំខាន់ៗ រួមមាន «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «ច្បាប់វិនិយោគថ្មី» ព្រមជាមួយនឹងការបញ្ចប់នូវ «ច្បាប់ស្ដីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន» «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន» និង «កិច្ចព្រើព្រៀងពាណិជ្ចកម្មសេរីកម្ពុជា-កូរ៉េ» ដែលនឹងចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះ។
សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានថ្លែងក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងផ្ដល់ការគាំទ្រ និងជួយសម្រួលគ្រប់បែបយ៉ាងដល់កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត កម្ពុជានឹងបន្តជំរុញកសាងសហគមន៍អាស៊ាន ការធ្វើពាណិជ្ជកម្មនិងវិនិយោគ និងកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូ សំដៅស្ដារឡើងវិញនូវកំណើនសេដ្ឋកិច្ច និងប្រែក្លាយអាស៊ានឱ្យទៅជាតំបន់ ដែលមានសុខសន្តិភាព ភាពធន់ និងការអភិឌ្ឍន៍៕ អរគុណសន្តិភាព