ត្រីគល់រាំង ជាប្រភេទត្រីទី៣ និមិត្តរូបមច្ឆាជាតិកម្ពុជា ដែលកំពុងបង្កើនកិច្ចគាំពារ

ត្រីគល់រាំង ជានិមិត្តរូប មច្ឆាជាតិកម្ពុជា ដែលកំពុងបង្កើនកិច្ចគាំពារ ខណៈវាគឺជាប្រភេទត្រីដ៏កម្រ និងជាប្រភេទត្រីប្រឈមនឹងការផុតពូជ ដែលទាមទារឱ្យមាន ការចូលរួមការពារ និងអភិរក្សឱ្យនៅគង់វង្សយូរអង្វែង ។
តាមរយ:ផេកហ្វេកបុកផ្លូវការរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា ត្រីគល់រាំង មានឈ្មោះផ្សេងទៀតជា ត្រីកាហោ ឬ ត្រីក្បាលឡាន ស្ថិតក្នុងបញ្ជីក្រហម ដែល​មានចំណាត់ថ្នាក់ទី៣ កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរ ជាតិដើម្បីការអភិរក្សធម្មជាតិហៅកាត់ IUCN (Interna tional Union for Conser vation of Nature) ហើយត្រីនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ របស់អនុសញ្ញាសាយតេស (CITES)ផងដែរ ។
ឯកឧត្តមបន្តទៀតថា ត្រីគល់រាំងជាប្រភេទត្រីទឹកសាបទី៣ ដែលធំបំផុតមួយក្នុងចំណោមត្រីធំៗបំផុតទាំង ៣ប្រភេទ គឺទី១ ត្រីបបែលយក្ស ទី២ ត្រីរាជ និងទី៣ ត្រីគល់រាំង ។ ត្រីគល់រាំង មានប្រវត្តិយូរលង់ណាស់មកហើយទាក់ទងនឹងជីវភាពប្រជាជន តាំងពីមុនសម័យអង្គរមកម្ល៉េះ ដោយ សារតែនៅតាមប្រាង្គប្រាសាទ បុរាណ នៅខេត្តសៀមរាបយើងនេះ មានរូបចម្លាក់ជា ច្រើនទាក់ទងនឹងជីវភាពប្រចាំ ថ្ងៃរបស់ប្រជាជនដោយភ្ជាប់ នឹងរូបត្រី ជាពិសេសគឺនៅប្រាសាទបាយ័ន ដោយនៅតាមជញ្ជាំងប្រាសាទផ្លែកខ្លះៗ យើងអាចមើលឃើញនូវចម្លាក់រូបត្រីគល់រាំងនេះ ដែលជាភស្តុតាងពីការផ្សារភ្ជាប់ត្រីនេះ ទៅនឹងជីវភាពរស់នៅរបស់ប្រជាជនយើងតាំងពីយូរលង់ណាស់មកហើយ ។
ឯកឧត្តមបន្ថែមថា ត្រីគល់ រាំង គឺជាប្រភេទត្រីមានស្រកាតែ១គត់ នៅព្រះរាជាណាចក្រកម្ពុជាយើង ដែលអាចលូតលាស់រហូតដល់ទម្ងន់ប្រមាណ៣០០គីឡូក្រាម និងប្រវែងពី២ទៅ៣ម៉ែត្រ ហើយត្រីនេះអាចរស់នៅបានទាំងទន្លេនិងបឹង ហើយត្រូវបានប្រជាជនប្រសិទ្ធនាមថា “ស្តេចបឹង” ។ ត្រីគល់រាំង ចូលចិត្តរស់នៅតំបន់អន្លង់ជ្រៅៗតាមដងទន្លេមេគង្គ បឹងទន្លេសាប ហើយតាមការសិក្សាស្រាវជ្រាវកន្លងមក ត្រីគល់រាំងពេញវ័យអាចបន្តពូជបាននៅអាយុ៧ឆ្នាំឡើង ឬអាចយូរជាងនេះ ដែលជាវដ្តជីវិតបន្តពូជមួយដ៏យូរ ដែលនេះហើយជាហានិភ័យនៃការឈានទៅរកការផុតពូជបាន បើពុំមានការអភិរក្ស ឬក៏ចូល រួមពីយើងទាំងអស់គ្នានោះទេ ។
ម្យ៉ាងទៀត ពិតមែនតែត្រីគល់រាំងនេះ អាចរស់នៅបានរហូតដល់អាយុ៦០ឆ្នាំ និងអាចពងកូនម្តងរង្វង់ពី ៦០ម៉ឺន ទៅ៨០ម៉ឺនកូន ប៉ុន្តែហានិភ័យនៃការប្រឈមរបស់ត្រីគល់ រាំងនៅតែខ្លាំងដដែល ដោយសារការនេសាទខុសច្បាប់ ការជាប់មងដោយចៃដន្យ និងការបំផ្លាញជម្រក ក៏ដូចជាជីវចម្រុះរបស់វា ។
សូមបញ្ជាក់ថា ត្រីគល់រាំង ត្រូវបានចាត់ទុកជាមច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/ ១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ។ ត្រីគល់រាំងនេះ គឺត្រូវបាន ហាមឃាត់ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូន តាំងពីសម័យសម្តេចព្រះនរោត្តម សីហនុ (ព្រះបរមរតកោដ្ឋ)មកម្ល៉េះ គឺតាមរយៈក្រមនេសាទ លេខ៨០នស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦ ៕
អត្ថបទដែលជាប់ទាក់ទង