ខេត្តកណ្តាលប្រកាសបិទជាបណ្តោះអាសន្ន នូវការចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ២០ និងផ្លូវលេខ១២០ 1KD9(៣៤) 1KD11(១៤៣) ដោយសារជំនន់ទឹកភ្លៀង

ខេត្តកណ្តាល៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានបញ្ជាក់នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ និងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ថា «សូមធ្វើការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ២០ ចាប់ពីរង្វង់មូលកួរស្រូវ រហូតដល់ផ្លូវជាតិលេខ៣ ផ្លូវលេខ១២០ ចាប់ពីផ្លូវជាតិលេខ២ រហូតដល់ផ្លូវជាតិលេខ៣ និងផ្លូវលេខ1KD9(៣៤) ចាប់ពីផ្លូវជាតិលេខ៣ រហូតដល់ផ្លូវលេខ៤១ ផ្លូវលេខ1KD11(១៤) ចាប់ពីផ្លូវលេខ 1KD9(៣៤) រហូតដល់ផ្លូវជាតិលេខ៤ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ស្ថានភាពទឹកស្រកចុះជាប្រក្រតីវិញ ដើម្បីថែរក្សាផ្លូវ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរប្រកបដោយសុខសុវត្ថិភាព»។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានធ្វើការកត់សំគាល់ឲ្យដឹងផងដែរ អំពីស្ថានភាពទឹកជំនន់ទឹកភ្លៀង បាននិងកំពុងជន់ឡើងយ៉ាងខ្លាំងពេញព្រៀបចិញ្ចើមផ្លូវជាតិលេខ២០ និងផ្លូវលេខ១២០ 1KD9(៣៤) និងផ្លូវលេខ 1KD11(១៤៣) ដែលស្ថិតក្នុងស្រុកកណ្តាលស្ទឹង និងស្រុកអង្គស្នួល ខេត្តកណ្តាល ព្រមទាំងផ្អាកការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្ន ពីព្រោះស្ថានភាពបែបនេះធ្វើឲ្យផ្លូវ ស្ពាន មិនអាចទ្រាំទ្រទៅនឹងទម្ងន់រថយន្តដឹកទំនិញធុនធំបានទេ៕
