អភិបាលខេត្តកណ្ដាល អំពាវនាវអោយប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្ដរស្ទឹងព្រែកត្នោត មានការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកនៅតែបន្តកើនឡើង
ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានធ្វើការអំពាវនាវបែបនេះ ក្នុងឱកាសដែលឯកឧត្ដម អញ្ជើញដឹកនាំមន្ត្រីជំនាញ កងកំលាំងទាំងបី អាជ្ញាធរស្រុកកណ្ដាលស្ទឹង ចុះពិនិត្យស្ថានភាពកម្ពស់ទឹកជំនន់ ត្រង់ចំណុចស្ពានកំពង់ទួល ស្ថិតក្នុងភូមិកំពង់ទួល ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី២៥ ខែតុលាឆ្នាំ២០២១។
ឯកឧត្ដមអភិបាលខេត្ត បន្តថា ខេត្តកណ្តាលទទួលឥទ្ធិពលទឹកជំនន់ទឹកភ្លៀងផ្នែកខាងលើនៃខេត្តកំពង់ស្ពឺ ដែលធ្លាក់ពីអនុអាងមួយចំនួនធ្លាក់ចូលអាងស្ទឹងព្រែកត្នោត និងផ្នែកខាងក្រោមតាមតំបន់ផ្ទៃរងទឹកភ្លៀងមានស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ របស់ខេត្តកណ្តាល មួយចំនួនទៀតផ្ទៃរងទឹកភ្លៀង របស់ខណ្ឌដង្កោ ខណ្ឌកំបូល រាជធានីភ្នំពេញ ក៏ធ្លាក់ចូលអាងស្ទឹងព្រែកត្នោត បន្តធ្លាក់ចូលតាមប្រព័ន្ធព្រែក ប្រឡាយ បឹងបួរ អូរធម្មជាតិ ធ្លាក់ចូលទន្លេបាសាក់។
ឯកឧត្តម ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការហាមឃាត់ឱ្យបានដាច់ខាត ចំពោះការសាងសង់រំលោភលើព្រែក ប្រឡាយ បឹងបួរ និងអូរធម្មជាតិជាដើម ដែលបណ្ដាលឱ្យស្ទះនៅចរន្តក្នុងការបង្ហូរទឹក ពិសេសពិបាកក្នុងការស្ដារឡើងវិញផងដែរ។
ឯកឧត្តមបន្ថែមថា គិតមកដល់ពេលនេះ ស្ថានភាពទឹកនៅតាមសណ្ដស្ទឹងព្រែកត្នោត នៅតែបន្តមានការកើនឡើង នឹងបានធ្វើឱ្យតំបន់មួយចំនួននៅក្នុងស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ រងការជន់លិច និងនៅតំបន់មួយចំនួន កំពុងរងនូវការគំរាមកំហែងពីទឹកជំនន់នេះផងដែរ។
ដោយមើលឃើញពីស្ថានភាពបែបនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាទឹកជំនន់នេះ ពិសេសសូមថែរក្សាកូនតូចៗ កុំឱ្យពួកគាត់លេងទឹក ជៀសវាងនៅការកើតឡើងជាយថាហេតុផ្សេងៗ៕