រដ្ឋបាលរាជធានីភ្នំពេញ ហាមការធ្វើចរាចរណ៍ចំពោះឡានធំ ដឹកធ្ងន់ឆ្លងកាត់ផ្លូវលេខ២០អា ខណៈមានទឹកហូរកាត់នៅយប់ទី២៥តុលានេះ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចហាមការធ្វើចរាចរណ៍ចំពោះឡានធំ ឡានដឹកធ្ងន់ឆ្លងកាត់ផ្លូវលេខ២០អាឡើយ ចាប់ពីម៉ោងនេះតទៅ តែអាចអោយធ្វើចរាចរណ៍បានចំពោះឡានតូចនិងម៉ូតូ។
ការសម្រេចបែបនេះរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានធ្វើឡើងនៅយប់ថ្ងៃទី២៥ តុលា ខណៈដែលឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យស្ថានភាពទឹកទាំងយប់ នៅកំណាត់ផ្លូវលេខ២០អា ដែលត្រូវបិទនេះ ចាប់ពីរង្វង់មូលកួរស្រូវ ឆ្លងកាត់សង្កាត់ រលួស និងសង្កាត់គងនយ ខណ្ឌដង្កោ ទៅផ្សារកន្ទួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ហើយការសម្រេចមិនអោយមានការធ្វើចរាចរណ៍ចំពោះឡានធំ ដឹកទំនិញឆ្លងកាត់ផ្លូវលេខ២០អានេះ គឺដោយសារស្ថានភាពទឹកជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង និងហូរកាត់កំណាត់ផ្លូវមួយនេះហើយ។
ប៉ុន្តែតែទោះបីជាយ៉ាងណាក្តី កាលពីម៉ោង១១យប់ថ្ងៃខែដដែល ឯកឧត្តម លឹម គានហោ បានសម្រេចបិទទ្វារទឹកជាច្រើនទ្វារទឹក នៅខេត្តកំពង់ស្ពឺ ដើម្បីកាត់បន្ថយការលិចលង់ខ្លាំងនៅយប់នេះ។
បន្ទាប់មកទៀតនៅម៉ោង១២និង៣០នាទីយប់ថ្ងៃដដែលឯកឧត្តមទាំង២ គឺឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដំណើរមកពិនិត្យទ្វារទឹកនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោទៀត មុនវិលទៅគេហដ្ឋានវិញ៕ អរគុណសន្តិភាព