អភិបាលខេត្តរតនគិរីអញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ
ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ។ ពិធីនេះមានការចូលរួម ពីលោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរស្រុកអូរយ៉ាដាវផងដែរ។

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការផ្លាស់ប្ដូរ និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ បានសម្រេចផ្លាស់ប្ដូរប្រគល់ភារកិច្ចជូនលោក សាយ ចំរើន ជាមន្រ្តី សាលាខេត្តរតនគិរី ឲ្យមកកាន់តំណែងជាប្រធានទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ជំនួសលោក កង សារឿន ដែលត្រូវប្ដូរចេញទៅទទួលភារកិច្ចថ្មី។

ឯកឧត្ដម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ ថា ការផ្លាស់ប្ដូរតួនាទីភារកិច្ចជូនមន្រ្តីរាជការនាពេលនេះ គឺជាការងារធម្មតារបស់មន្រ្តីរាជការសាធារណៈ ដែលធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍នៃមុខតំណែងផ្សេងទៀត របស់ស្ថាប័នរដ្ឋ តាមតម្រូវការចាំបាច់ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីលើកកម្ពស់សមត្ថភាពការងារដឹកនាំគ្រប់គ្រងសំដៅធ្វើឲ្យប្រព័ន្ធការងារកាន់តែមានប្រសិទ្ធភាពប្រសើរឡើងថែមទៀតស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្ដមអភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរចំពោះប្រធានទីស្នាក់ការដែលត្រូវបានផ្លាស់ប្ដូរចេញ ដែលបានយកចិត្តទុកដាក់បំពេញការងារដឹកនាំច្រកទ្វារត្រួតពិនិត្យព្រំដែនអន្តរជាតិអូរយ៉ាដាវកន្លងទៅនេះ ទទួលបានលទ្ធផលល្អប្រសើរ និងបានផ្ដាំផ្ញើឲ្យប្រធានទីស្នាក់ត្រួតពិនិត្យច្រកទ្វារព្រំដែនដែលទើបប្រគល់ និងទទួលភារកិច្ចថ្មីនេះឲ្យខិតខំយកចិត្តទុកដាក់ប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចថ្មីរបស់ខ្លួន ក្នុងការងារដឹកនាំគ្រប់គ្រង និងអភិវឌ្ឍ តំបន់ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវឲ្យមានការរីកចម្រើនថែមទៀត។

ជាពិសេសត្រូវសហការជាមួយមន្រ្តីសមត្ថកិច្ចពាក់ព័ន្ធនិងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិ បន្តយកចិត្តទុកដាក់ អនុវត្តសម្រេចឲ្យបានត្រឹមត្រូវក្នុងវការបំពេញតួនាទីភារកិច្ចស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តជាធរមាន និងធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីជាមិត្តរវាងកម្ពុជា-វៀតណាមអោយបានល្អថែមទៀត ត្រូវមានសាមគ្គីភាពល្អ ដោយចេះសម្របសម្រួលក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយភាពជឿជាក់ និងទុកចិត្តពីប្រជាពលរដ្ឋរស់នៅជាប់ព្រំដែន និងត្រូវពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយស្ថាប័ន ពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចនានាដើម្បីរក្សាការពារ បូរណភាព ទឹកដី អធិបតេយ្យភាព បង្កើនការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែនទាំងមនុស្ស និងទំនិញឲ្យបានម៉ឺងម៉ាត់ក្នុងបរិបទនៃការរីករាលដាលជាសាកលជំងឺកូវីដ-១៩នេះហើយនាពេលអនាគត ប្រសិនបើសភាពការនៃការរីករាលដាលជំងឺកូវី-១៩មានភាពធូរស្រាល យើងនឹងបើកច្រកអន្តរជាតិអូរយ៉ាដាវឡើងវិញ ត្រូវបន្តពង្រឹង ពង្រីក ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ល្អជាមួយអាជ្ញាធរ កងកម្លាំង សមត្ថកិច្ច ពាក់ព័ន្ធ ប្រទេសជិតខាងដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ។

លោក សាយ ចំរើន ដែលទើបប្រកាសចូលកាន់តួនាទីថី្មបានធ្វើការប្តេជ្ញាខិតខំសាមគ្គីភាព ឯកភាពផ្ទៃក្នុងការបំពេញការងារសំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់គោលការណ៍នានា និងពង្រឹងរបៀបរបបធ្វើការតាមតួនាទីភារកិច្ចរបស់ខ្លួន ដោយឈរលើគោលការណ៍ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ និងចូលរួមបង្កើនការសហការក្នុងចំណោមសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី ក៏ដូចជា សមត្ថកិច្ចព្រំដែន នៃប្រទេសជិតខាង ក្នុងការថែរក្សា ពង្រឹងសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ព្រំដែន បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន បទល្មើសសេដ្ឋកិច្ច ការជួញដូរមនុស្ស និងទំនិញគេចពន្ធគ្រប់ប្រភេទ ការនាំចូលនូវទំនិញខុសច្បាប់ និងខូចគុណភាព ការលួចជ្រៀតចូល នៃជនបរទេសអន្តោប្រវេសន៍ ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ជាដើម៕ អរគុណសន្តិភាព